បង្កកទ្រព្យសម្បត្តិបុគ្គលប្រព្រឹត្តបទល្មើស​ព្រៃឈើ…


រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាលបាន​សម្រេច​ប្រើ​វិធានការ​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ក្រៅពី​ការ​ផ្តន្ទាទោស​ និង​ពិន័យ​ជា​ប្រាក់ ។ ក្រៅពី​នេះ ឈ្មោះ​ឧក្រិដ្ឋជន​ព្រៃឈើ ក៏​ត្រូវ​បាន​ចារ​លើ​ថ្ម​ដាក់​តាំងនៅ​កន្លែង​ប្រព្រឹត្ត​បទល្មើស​ផង​ដែរ​។ ការ​សម្រេច​នេះ ធ្វើ​ឡើង​តាម​ចំណារ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៩ ។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៩ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ជូន​រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិបង្ហាញ​ថា រាជរដ្ឋាភិបាល​បានឃើញ​និង​ឯកភាព​លើ​របាយការណ៍ ស្តី​ពី​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដូច​ខាងក្រោម ៖

១-​មោឃភាព​ឬ​លុប​ចោល​នូវ​លិខិតបើកផ្លូវដឹក​ជញ្ជូន​ផល​-​អនុ​ផល​ព្រៃឈើ ចេញពី​ដីស​ម្បទាន​«LP» និង​លិខិតអនុញ្ញាត​ដឹក​ជញ្ជូន​ផល​- អនុ​ផល​ព្រៃឈើ​«PC» ទាំងអស់ ដែល​ចេញ​នា​ពេល​កន្លង​ទៅ ដើម្បី​រៀបចំ​ចេញ​លិខិតអនុញ្ញាត​សា​ជា​ថ្មី ងាយស្រួល​គ្រប់គ្រង ។ ២-​ឲ្យ​ក្រសួង ស្ថាប័ន​ជំនាញ​ត្រួតពិនិត្យ មោឃភាព និង​ដកហូត​សិទ្ធិ​ពី​ក្រុមហ៊ុន​ដែល​មិន​គោរពច្បាប់ មិន​គោរព​កិច្ចសន្យា មិន​គោរព​កិច្ច​ព្រមព្រៀង ។ ៣-​អនុ​ញ្ញាត​ឲ្យ​ប្រមូល​វត្ថុ​តាង មធ្យោបាយ​នៃ​បទល្មើស​ដែល​បាន​កម្ទេច​ចោល យក​មក​រក្សា​ទុក​ផ្តុំ​កន្លែង​មួយ​កំណត់ ដើម្បី​ទុកជា​ភ័ស្តុតាង​សម្រាប់​បម្រើ​តុលាការ ។ ៤-​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ដែល​ពាក់ព័ន្ធ​​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ក្រៅពី​ការ​ផ្តន្ទាទោស និង​ពិន័យ​ជា​ប្រាក់ ។ ៥-​ឃោសនា អប់រំ និង​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​ក្នុង​កិច្ច​ការពារ​ព្រៃឈើ​របស់​រាជរ​ដ្ឋាភិ​បាល ព្រមទាំង​បង្ការ​ទប់ស្កាត់​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ចារឹក​ឈ្មោះ​ឧក្រិដ្ឋជន​នៅ​លើ​ផ្ទាំងសិលា ដាក់​តាំងនៅ​កន្លែង​គំនរ​រថយន្ត ដែល​ជា​មធ្យោបាយ​បំផ្លាញ​ព្រៃឈើ ។

ក្នុង​លិខិត​ដដែល ក៏​បាន​សម្រេច​ប្រគល់​ជូន​លោក ប៊ិ​ន ឈិ​ន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំ​ការ​ប្រជុំ​ដើម្បី​កំណត់​ទីតាំង និង​ចំនួន​រោង​ស​ន្និ ធិ​ផល​-​អនុ​ផល​ព្រៃឈើ ដែល​មាន​ប្រភព​ពី​ដីស​ម្បទាន​ក្រោម​រូបភាព​ជា​«​ច្រក​ចេញចូល​តែ​មួយ​» ដើម្បី​ឲ្យ​ប្រជាជន​មាន​ឈើ​ប្រើ​ប្រាស់​ដោយ​មិន​ធ្វើការ​ដឹក​ជញ្ជូន​ឆ្ងាយ​ពេក​។

សូម​រំឭក​ថា ក្នុង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ កាលពី​ខែកក្កដា និង​ខែសីហា ថ្មី​ៗ​នេះ នៅ​ខេត្ត​មណ្ឌល​គិរី និង​នៅ​ខេត្តក្រចេះ មាន​ឧកញ៉ា​២​នាក់​គឺ ឧកញ៉ា សឹង សំ​អុល និង​ឧកញ៉ា គង់ ក្រឹ​ង រួម​ទាំង​ឈ្មួញ​ឈើ​ជា​ច្រើន​នាក់​ទៀត ត្រូវ​បាន​ចាប់​ឃុំខ្លួន ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ហើយ​ឧកញ៉ា​៣​នាក់​ផ្សេង​ទៀត​ក៏​កំពុង​ស្ថិត​ក្នុង​ដំណើរការ​រឿង​ក្តី​កាប់​ឈើ​នេះ​ដែរ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ