៩៨​ភាគរយ​នៃ​ម្ចាស់​ភាគហ៊ុន NagaCorp ទូ​ទាំង​ពិភពលោក​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង Naga 3


រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Nagacorp ដែល​ចុះបញ្ជី​ឈ្មោះ​នៅ​ហុងកុង (HKSE 3018) បាន​ប្រកាស​នៅ​ឯ​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨ ខែសីហា​កន្លង​ទៅ​នេះ​ថា ម្ចាស់​ភាគហ៊ុន​ភាគតិច​មក​ពី​ទូ​ទាំង​ពិភពលោក​លើកលែងតែ​លោក Chen Lip Keong អ្នកគ្រប់គ្រង​ម្ចាស់​ភាគហ៊ុន​ដែល​បាន​ជៀសវាង​ពី​ការ​បោះ​ឆ្នោត​សម្រាប់​គោលបំណង​អភិបាលកិច្ច​ល្អ​បាន​ផ្តល់​នូវ​ការ​គាំទ្រ តាម​រយៈ​ការ​ពោល​ពាក្យ​ថា «​បាទ​/​ចាស​» ដើម្បី​បន្ត​ទៅ​មុខ​ទៀត​សម្រាប់​គម្រោង​ដ៏​ធំ​មហិមា ណា​ហ្គា ៣ (Naga 3) ដែល​ជា​គម្រោង​វិនិយោគ​មាន​ទំហំ​ទឹកប្រាក់​ដល់​ទៅ​៣.៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ការ​វិនិយោគ​វិស័យ​ឯកជន​ធំ​ជាងគេ​បំផុត​មួយ នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ ដោយ​មិន​រាប់​បញ្ចូល​នៅ​ក្នុង​តំបន់​មេគង្គ​ទេ ។

ការ​សិក្សា​អំពី​ទីតាំង​ត្រូវ​បាន​គ្រោង​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ខែកញ្ញា និង​រួម​គ្នា​ជាមួយ​ណា​ហ្គា​១ និង​២ ហើយ​ជំរុញ​មហិច្ឆតា​របស់​ក្រុមហ៊ុន​ឱ្យ​ក្លាយជា​រី​ស៊​ត​ចម្រុះ​នៃ​ច្រាំង​ទន្លេធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ។ កាលពី​ខែមេសា ក្រុមហ៊ុន​បាន​ប្រកាស​ថា ស្ថាបនិក​របស់​ខ្លួន គឺ​លោក Tan Sri Dr Chen Lip Keong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ណា​ហ្គា​ខ​ប (NagaCorp ) នឹង​ចំណាយ​ប្រាក់​ពាក់កណ្តាល​នៃ​តម្លៃ​៣.៥ ពាន់​លាន​ដុល្លារ​ដោយ​មិន​រាប់​បញ្ចូល​ថ្លៃ​ដី ។ ការ​ពង្រីក​ណា​ហ្គា​៣ នឹង​មាន​ផ្ទៃដី​សរុប ៥៤៤.៨០១ ម៉ែត្រការ៉េ ។ វា​នឹង​មាន​បន្ទប់​សណ្ឋាគារ​ចំនួន​៤.៧២០ បន្ថែម​ទៀត នៅ​បរិវេណ​ណា​ហ្គា​វើ​ល (NagaWorld) រួម​ជាមួយ​កន្លែង​កម្សាន្ត និង​មជ្ឈមណ្ឌល​សន្និបាត​ពហុ​សិល្បៈ ។

ការ​រៀបចំ​បន្ទប់​បន្ថែម​ពិតជា​នឹង​ជួយ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​បន្ទប់​សណ្ឋាគារ​ដែល​មានគុណ​ភាព​គ្រប់គ្រាន់ នៅ​ក្នុង​រាជធានី​ដែល​រំពឹង​ថា នឹង​មានការ​ខ្វះខាត​ដល់​ទៅ​១០០,០០០ បន្ទប់​នៅ​ឆ្នាំ​២០២៥ (​ក្រសួងទេសចរណ៍​) ព្រោះ​គ្រាន់តែ​ចំនួន​ទេសចរណ៍​មក​ពី​ប្រទេស​ចិន​ប៉ុណ្ណោះ​ដែល​នឹង​មក​ទស្សនា​កម្ពុជា គឺ​ត្រូវ​បាន​កំណត់​លើស​ពី​៥.៥​លាន​នាក់​ទៅ​ហើយ ។ គម្រោង​នេះ​ក៏​ជាទី​តាំង​សម្រាប់​រី​ស៊​ត​ចម្រុះ​មួយ​ផ្សេង​ទៀត នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដោយ​ធានា​បាន​នូវ​ជំហរ​របស់​ខ្លួន​នៅ​ក្នុង​ការ​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន ។ បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៤ រមណីយដ្ឋាន​នេះ ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​ល្អ ហើយ​ចាប់តាំងពី​ការ​ផ្តល់​ជូន​ជា​សាធារណៈ​ដំបូង​របស់​ខ្លួន​នៅ​ខែតុលា ឆ្នាំ​២០០៦ ជាមួយ​គ្នា​នេះ​ផង​ដែរ មូលធននីយកម្ម​ទីផ្សារ​របស់​ក្រុម​នេះ​បាន​កើនឡើង​ច្រើន​ជាង ១៣​ដង ចាប់ពី​ចំនួន ៤៤១​លាន​ដុល្លារ​ដល់ ៦​ពាន់​លាន​ដុល្លារ ។

ទីភ្នាក់ងារ​ផ្តល់​ចំណាត់ថ្នាក់ Moody’s Investors Service Inc និង S&P Global Ratings Inc បាន​ផ្តល់​នូវ​ទស្សនវិស័យ​វិជ្ជមាន​សម្រាប់​ក្រុមហ៊ុន Nagacorp ។ ទន្ទឹម​នឹង​នេះ​ដែរ S&P Global បាន​និយាយ​ថា ខ្លួន​រំពឹង​ថា គម្រោង​នេះ​នឹង​បង្កើន​ទំហំ និង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ដោយ​មិន​ប៉ះពាល់​ដល់​លំហូរ​សាច់ប្រាក់​របស់​ខ្លួន​ឡើយ ។ ចំណែក​ទីភ្នាក់ងារ​ផ្តល់​ចំណាត់ថ្នាក់ Moody’s Investors Service Inc បាន​បញ្ជាក់​ពី​ចំណាត់ថ្នាក់​ក្រុម​គ្រួសារ​សាជីវកម្ម B1 នៃ Nagacorp ក្នុង​ការ​រក្សា​ជំហរ​លេចធ្លោ​របស់​ខ្លួន​នៅ​ក្នុង​ជំនួញ​កាស៊ីណូ និង​សណ្ឋាគារ​រួម​បញ្ចូល​គ្នា​នៅ​ទីក្រុង​ភ្នំពេញ ។ NagaCorp ក៏​ត្រូវ​បាន​គេ​ផ្តល់​ចំណាត់ថ្នាក់​មួយ​ផង​ដែរ នៅ​ពីលើ​ចំណាត់ថ្នាក់​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​ដោយ​ផ្អែក​លើ​ការ​វាយតម្លៃ​របស់ Moody អំពី​លទ្ធភាព​តិចតួច ដែល​ណា​ហ្គា​ខ​ប​នឹង​អាច​រង​ផល​ប៉ះពាល់​ក្នុង​ករណី​ដែល​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​របស់​កម្ពុជា​ចុះ​ខ្សោយ ។

លោក Tim McNally ប្រធាន NagaCorp បាន​និយាយ​ថា ម្ចាស់​រី​ស៊​ត​ដែល​ត្រូវ​បាន​ចុះបញ្ជី​នៅ​ហុងកុង​គឺ «​ស្ថិត​ក្នុង​ជំហរ​មួយ ដើម្បី​ពិនិត្យ​មើល​» នូវ​ឱកាស​អភិវឌ្ឍន៍​ថ្មី ប្រសិនបើ​វា​មាន​ភាព​ទាក់ទាញ​គ្រប់គ្រាន់​។ លោក McNally ក៏​បាន​និយាយ​បន្ថែម​ទៀត​ថា ការ​រៀបចំ​ហិរញ្ញប្បទាន​សម្រាប់​ណា​ហ្គា​៣ បាន​បង្ហាញ​ពី​ទំនុកចិត្ត និង​ការ​ប្តេជ្ញា​ចិត្ត​ពី​លោក Dr Chen ទាំង​នៅ​ក្នុង​ក្រុមហ៊ុន និង​សក្តានុពល​នៃ​ការ​រីក​ចម្រើន​របស់​ខ្លួន ។

NagaCorp បាន​ដាក់​នូវ​ផែនការ​សម្រាប់​ណា​ហ្គា ៣ ជាមួយ​ផ្សារភាគហ៊ុន​ហុងកុង (Hong Kong Stock Exchange) កាលពី​ខែមេសា ។ ជាមួយនឹង​ដំណាក់កាល​អភិវឌ្ឍន៍​ថ្មី​នេះ ប្រទេស​កម្ពុជា​បាន​ត្រៀមខ្លួន​ក្លាយជា​មជ្ឈមណ្ឌល​កម្សាន្ត​ពហុ​ផ្នែក​ក្នុង​តំបន់​ដែល​ប្រកួតប្រជែង​ជាមួយ​ទីក្រុង​ម៉ា​កាវ ឡាស​វេ​ហ្គា​ស សិង្ហ​បុរី និង​ក្នុង​តំបន់ ពីព្រោះ​ប្រទេស​កម្ពុជា​មាន​ទីតាំង​ស្ថិត​នៅ​លើ​ទីតាំង​យុទ្ធសាស្ត្រ​កណ្តាល​នៃ​អាស៊ី​បូព៌ា និង​អាស៊ី​អាគ្នេយ៍​។ ដូចនេះ​ជាមួយនឹង​កា​រត​ភ្ជាប់​ផ្នែក​អាកាស​កាន់តែ​ប្រសើរ​នោះ​ទេសចរណ៍​ណ​បាន និង​កំពុង​រីក​ចម្រើន​ខ្លាំងក្លា ។

ការ​វិនិយោគ​ណា​ហ្គា ៣ នូវ​ទំហំ​ទឹកប្រាក់​ប្រមាណ​៣.៥​ពាន់​លាន​ដុល្លារ គឺជា​ការ​គាំទ្រ​បន្ថែម​ទៀត នៃ​ទំនុកចិត្ត​លើ​បរិយាកាស​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេសកម្ពុជា ។ វា​ផ្តល់​ចំណាប់អារម្មណ៍​ដល់​វិនិយោគិន​នៅ​ទូ​ទាំង​ពិភពលោក​ថា អាជីវកម្ម​ធំ​ៗ អាច​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​វិនិយោគិន​អាច​ត្រូវ​បាន​ធានា​ចំពោះ​ស្ថិរភាពរយៈពេល​វែង​នៃ​បរិយាកាស​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

NagaWorld group គឺជា​និ​យោ​ជិ​ក​ធំ​ជាងគេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ណា​ហ្គា ១ និង​ណា​ហ្គា ២ បច្ចុប្បន្ន​មាន​បុគ្គលិក​ចំនួន ៨.៦០០ នាក់ ។ ណា​ហ្គា ៣ មាន​ទំហំ​ធំ​ជាង​៣ ដង​នៃ​ទំហំ​បូក​បញ្ចូល​គ្នា​នៃ​ណា​ហ្គា ១ និង​ណា​ហ្គា ២ ហើយ​និង​មាន​បុគ្គលិក ១៨.០០០​នាក់​នៅ​ពេល​បញ្ចប់​ការ​សាងសង់ ។ ក្នុង​រយៈពេល ៦​ឆ្នាំ​នៃ​ការ​សាងសង់​ណា​ហ្គា ៣ បុគ្គលិក​ផ្ទាល់ និង​ដោយ​ប្រយោល​ពាក់កណ្តាល​អចិន្ត្រៃយ៍​របស់​ណា​ហ្គា ៣ នឹង​មាន​ប្រហែល ៥ ម៉ឺន​នាក់ ដែល​គ្របដណ្ដប់​លើ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ទាំងមូល​ពី​អ្នក​ផ្តល់​សេវា​អ្នក​ផ្គត់ផ្គង់​ដល់​កម្មករ​សំណង់​បណ្តោះអាសន្ន ។

ក្រុមហ៊ុន​សម្ព័ន្ធ (The Group) បាន​លើក​ឡើង​ពី​ទម្រង់​សេដ្ឋកិច្ច​អន្តរជាតិ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ជំរុញ​ការ​វិនិយោគ​ទេសចរណ៍ និង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​កម្ពុជា ។ ក្នុង​ឆ្នាំ​២០១៨ ក្រុមហ៊ុន​សម្ព័ន្ធ​បាន​ចូលរួម​ចំណែក​ប្រមាណ​២៣% នៃ​កំណើន​ទេសចរណ៍​ក្នុងស្រុក និង​ប្រមាណ ១,៣ ភាគរយ​នៃ
ផ​.​ស​.​ស នៅ​កម្ពុជា (​ប្រភព ៖ ចំណាត់ថ្នាក់​នៃ MOEF នៃ​បន្ទប់​និង F&B ប្រៀបធៀប​ជាមួយ​របាយការណ៍​ប្រចាំឆ្នាំ ២០១៨ របស់​ក្រុមហ៊ុន​សម្ព័ន្ធ​) ។

បច្ចុប្បន្ន​ចំនួន​នៃ​ការ​មក​លេង​នៅ ណា​ហ្គា ១ និង​ណា​ហ្គា ២ មាន​ចំនួន​ប្រហែល​១៥,០០០ នាក់​ក្នុង​មួយ​ថ្ងៃ ឬ​ប្រហែល​៨៨០,០០០ នាក់​ក្នុង​មួយ​ឆ្នាំ ។ ការ​បន្ថែម​ណា​ហ្គា ៣​នឹង​បង្កើន​ចំនួន​អ្នក​ទស្សនា​ចំនួន​៣៣០% (​ប្រហែល ៣ ដង​នៃ​ណា​ហ្គា ១ និង ២​បច្ចុប្បន្ន​) ឬ​ប្រហែល ៣៣,០០០​នាក់​នៃ​ការ​ទស្សនា​ក្នុង​មួយ​ថ្ងៃ ឬ ២,៩ លាន​នាក់​ក្នុង​មួយ​ឆ្នាំ ។ ចាប់តាំងពី​ការ​វិនិយោគ​បន្ថែម​ដែល​បាន​ប្តេជ្ញា​ចិត្ត​របស់​ណា​ហ្គា ៣​មាន​ទំហំ​៣.៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​កសាង​នូវ​ទីតាំង​មាន​ទំហំ​៥៤០.០៨១ ម៉ែត្រការ៉េ ។ ទំហំ​ប្រហែល ៤,៧២០ បន្ទប់ ដែល​ការ​ចំណាយ​ប៉ាន់​ស្មានជា​ភាគរយ​នៃ​ការ​រួមចំណែក​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា​គឺ​ប្រហែល ១០,៩% (​ការ​ចូលរួម​វិភាគទាន​ឆ្នាំ ២០១៨ មាន​ប្រហែល ១,៣% នៃ​ផ​.​ស​.​ស នៅ​កម្ពុជា​) ដែល​ជា​ចំនួន​ដ៏​ច្រើន​បាន​រួមចំណែក​ដោយ​សមាជិក​នៃ​វិស័យ​ឯកជន​។

អ្នក​ពិគ្រោះ​យោបល់​ផ្នែក​គម្រោង មក​ពី​សហរដ្ឋអាមេរិក ហុងកុង និង​ម៉ា​ឡេ​ស៊ី គឺ​ក្រុមហ៊ុន Steelman Partners (​ស្ថាបត្យករ​រចនា​ប្លង់ អ្នក​រចនា​ប្លង់​ផ្នែក​ខាងក្នុង​) ដែល​ក្នុង​នោះ​មាន ស្ថាបត្យករ Dr Tan LM (​ស្ថាបត្យករ​នៃ​កំណត់​ត្រា​); សេវាកម្ម​វិស្វកម្ម​របស់ Jacobs Sdn Bhd (​វិស្វករ​សំណង់​ស៊ី​វិល​និង​សំណង់​); KWA Consult Sdn Bhd (​វិស្វករ​មេកា​និក និង​អគ្គិសនី​); និង​ក្រុមហ៊ុន ELP Quantity Surveyors Sdn Bhd (​អ្នក​វាស់​ស្ទង់​បរិមាណ​) ដោយ​យក​លក្ខណៈ​បច្ចេកទេស​អង់គ្លេស និង​ម៉ា​ឡេ​ស៊ី​ធ្វើ​ជា​គោល​ស្តង់ដា​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ និង​សាងសង់​គម្រោង​ណា​ហ្គា​៣ ។

សម្រាប់​អ្នក​វាយតម្លៃ​គម្រោង គឺ​ក្រុមហ៊ុន Colliers International ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង និង​ទីប្រឹក្សា​ហិរញ្ញវត្ថុ​គឺ​ក្រុមហ៊ុន Morgan Stanley Asia Ltd និង​ក្រុមហ៊ុន Credit Suisse (Hong Kong) Ltd ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ