សន ចរិយា បង្ហាញមុខ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ខ្មែរ​នៅ​អា​មេ​រិ​ក


អតីត​តារាចម្រៀង​ដ៏​ល្បីល្បាញ​បំផុត​កាលពី​ទស្សវត្សរ៍​ឆ្នាំ​៨០ និង​៩០ អ្នកស្រី សន ចរិយា បាន​បង្ហាញខ្លួន​ធ្វើ​ជា​គណកម្មការ​មេ​ប្រយោគ​ផ្តល់​ពិន្ទុ​ដល់​បេក្ខជន និង​បេ​ក្ខ​នារី​ដែល​ចូលរួម​ប្រឡង​ចម្រៀង​ខ្មែរ​ជាស​កល កាលពី​ពេល​ថ្មី​ៗ​នេះ​នៅ​ក្នុង​រដ្ឋ​កាលី​ហ្វ​រ​ញ៉ា សហរដ្ឋអាមេរិក ។ ការ​បង្ហាញ​វត្តមាន​របស់​អ្នកស្រី​នា​ពេល​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ដែល​ធ្លាប់​ស្គាល់ និង​ធ្លាប់​បាន​ស្តាប់​សំនៀង​របស់​អ្នកស្រី​មានការ​ការ​ភ្ញាក់ផ្អើល ខណៈ​ពេល​ដែល​អ្នកស្រី​បាត់​ដំណឹង​សូន្យឈឹង និង​មិនសូវ​ចេញ​មុខមាត់​អ្វី​ឡើយ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​វត្តមាន​របស់​អ្នកស្រី សន ចរិយា នៅ​អា​មេ​រិ​ក​នោះ គឺ​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​សម្រាប់​ប្រជាជន​ខ្មែរ​ដែល​កំពុង​តែ​រស់នៅ​លើ​ទឹកដី​មហាអំណាច​មួយ​នេះ​ឡើយ ពោល គឺ​អ្នកស្រី​តែងតែ​បង្ហាញ​មុខជា​រឿយ​ៗ​នៅ​ពេល​មានកម្ម​វិធី​សិល្បៈ​ខ្មែរ​ម្តង​ៗ ។ អ្នកស្រី សន ចរិយា បាន​បង្ហាញ​មុខជា​គណកម្មការ​មេ​យោគ​នៅ​ក្នុង​វគ្គ​ផ្តាច់​ព័​ត្រ​ជាមួយនឹង​អតីត​តារាភាពយន្ត​ដ៏​ល្បីល្បាញ គឺ​លោក យស បូ​វណ្ណៈ រួម​ជាមួយនឹង​តារាចម្រៀង​ជើង​ចាស់​មួយ​ចំនួន​ទៀត​ផង​ដែរ ។

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកស្រី លី ស៊ី​ថា​រី ភរិយា​របស់​លោក យស បូ​វណ្ណៈ បាន​អះអាង​ថា ការ​បង្ហាញ​វត្តមាន​ចូលរួម​ពី​អតីត​តារាចម្រៀង​អ្នកស្រី សន ចរិយា នា​ពេល​នេះ គឺជា​មិនមែន​ជា​លើក​ដំបូង​ឡើយ ពោល​អ្នកស្រី​បាន​ចូលរួម​ក្នុង​កម្មវិធី​ដូច​គ្នា​នេះ​ប្រមាណ ៤​ឆ្នាំ​ជាប់​គ្នា​មក​ហើយ ។
អ្នកស្រី​បញ្ជាក់​ថា អតីត​តារាចម្រៀង​រូប​នេះ​តែងតែ​បង្ហាញខ្លួន និង​ចូលរួម​លើក​ស្ទួយ​វិស័យ​សិល្បៈ​ខ្មែរ​ជា​បន្តបន្ទាប់ បើ​ទោះបីជា​អ្នកស្រី​មាន​វ័យ​រាង​ចំណាស់ និង​កំពុង​សាង​ជីវភាព​គ្រួសារ​នៅ​ទឹកដី​អា​មេ​រិ​ក​នេះ​អស់​ជា​ច្រើន​ក៏​ដោយ ។ បើ​តាម​អ្នកស្រី លី ស៊ី​ថា​រី អ្នកស្រី សន ចរិយា គឺជា​អតីត​តារាចម្រៀង​មួយ​រូប ក្នុង​ចំណោម​អតីត​តារា​ជើង​ចាស់​ជា​ច្រើន​ទៀត​ដែល​រស់នៅ​អា​មេ​រិ​ក​គឺ​នៅ​តែ​ប្រកាន់​ជំហរ​ចូលរួម​លើក​ស្ទួយ និង​ថែរក្សា​នូវ​បទ​ចម្រៀង​មរតក​ដើម​ជា​និច្ច​ហើយ​ជា​រឿយ​ៗ​ពួក​គាត់​តែងតែ​បកស្រាយ​ចម្រៀង​ជំនាន់​ដើម ដោយ​មិន​ដែល​ច្រៀង​ចម្រៀង​សម័យ​ថ្មី​នេះ​ឡើយ ។

អតីត​តារាចម្រៀង និង​ជា​តារា​សម្ដែង​ដ៏​ល្បីល្បាញ ក្នុង​ទសវត្សរ៍ ៨០-៩០ អ្នក​នាង សន ចរិយា គឺ​តារាចម្រៀង​ម្នាក់​ដែល​មាន​សំឡេង​ពីរោះ​រណ្ដំ ជា​ពិសេស​ក្នុង​បទ «​ពាក្យ​ថា​ស្នេហ៍​» និង «​វាល​សោះ​ខ្យល់​» ព្រមទាំង​បទ​ចម្រៀង​ជា​ច្រើន​ទៀត ។ អ្នកស្រី​សន ចរិយា ជា​តារាចម្រៀង​ធ្លាប់​មានឈ្មោះ​ល្បី​រួម​ជំនាន់​ជាមួយ​អ្នកស្រី ឆោម ឆ​វិ​ន និង​អ្នកស្រី សុខ សុខុម ជាដើម ហើយ​អ្នកស្រី​មាន​ស្នាដៃ​ជា​ច្រើន​ដែល​បន្សល់​ទុក​ក្នុង​ពិភព​សិល្បៈ​មុន​ពេល​ចេញ​ទៅ​រស់នៅ​ប្រទេស​អា​មេ​រិ​ក ។

អ្នកស្រី សន ចរិយា ក៏​ធ្លាប់​ជា​អតីត​ភរិយា​របស់​អ្នកចម្រៀង​ល្បីឈ្មោះ​លោក ប៊ុ​ន ចាន់​ថន ម្ចាស់​បទ «​អា​នី​ដួងចិត្ត​» ដែល​បាន​លាចាក​លោក​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន មុន​ពេល​អ្នកស្រី​បាន​រៀប​ការ​ជាមួយ​ស្វាមី​ថ្មី​នៅ​លើ​ទឹកដី​អា​មេ​រិ​ក និង​សាង​ជីវភាព​នៅ​ក្នុង​ទឹកដី​មួយ​នេះ រហូត​មក​ទល់​បច្ចុប្បន្ន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ