ចិន​ជួយ​ស្តា​រការ​គ្រប់គ្រង និង​អភិវឌ្ឍ​ព្រៃឈើ​នៅ​កម្ពុជា​ឡើង​វិញ


រាជធានី​ភ្នំពេញ ៖ ចិន​បាន​សន្យា​ជួយ​ស្តា​ការ​គ្រប់គ្រង និង​អភិវឌ្ឍ​ព្រៃឈើ​នៅ​កម្ពុជា​ឡើង​វិញ ។ ការ​សន្យា​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក Zhao Shucong នាយក​អង្គការ​លេខាធិការដ្ឋាន​បណ្តាញ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក សម្រាប់​ការ​គ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្តរភាព (APFNet) ដែល​មាន​ស្នាក់​ការ​កណ្តាល​នៅ​ទីក្រុង​ប៉េ​កាំ​ង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជាមួយ​លោក វេ​ង សា​ខុន​រដ្ឋមន្ត្រីក្រសួង​រុក្ខា​ប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​ទី​២៦ សីហា​នេះ នៅ​ទីស្តីការក្រសួង​ដើម្បី​ពិភាក្សា​ការងារ​ពាក់ព័ន្ធ និង​វិស័យ​ព្រៃឈើ ។

លោក​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍​ចំពោះ​លោក Zhao Shucong និង​សហការី​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ស្រប​ពេល​ដែល​ប្រទេស​ទាំង​ពីរ​បាន និង​កំពុង​ពង្រឹង និង​ពង្រីក​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ពេញលេញ គ្រប់​ជ្រុងជ្រោយ​លើ​គ្រប់​វិស័យ​ស្រប​តាម​គោលនយោបាយ​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ ។ ក្នុង​នាម​រាជរដ្ឋាភិបាល និង​ក្រសួង​លោក​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល​ចិន និង​ជា​ពិសេស​អង្គការ​ដែល​បាន និង​កំពុង​ជួយ​ឧបត្ថម្ភ​គាំទ្រ​ជា​បន្តបន្ទាប់​លើ​គម្រោង​អភិវឌ្ឍ​វិស័យ​ព្រៃឈើ​កម្ពុជា ។

ក្នុង​ទិស​ដៅ​ស្តា​គ្រប់គ្រង និង​អភិវឌ្ឍ​ព្រៃឈើ​ជាតិ​ឡើង​វិញ លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ក្រសួង​ដែល​មាន​រដ្ឋបាល​ព្រៃឈើ​ជា​សេនាធិការ​បាន​កំណត់​យក​ទិស​ដៅ​ទាំងនោះ​ជា​អាទិភាព និង​កំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ជា​ខ្លាំង​ដោយ​បាន​យក​អភិក្រម «​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍​-​សហគមន៍​»​មក​អនុវត្ត ។ ឆ្លៀត​យក​ឱកាស​នេះ លោក Zhao Shucong បាន​លើក​ពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​ពេល​នេះ គឺ​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​របស់​គម្រោង​ដែល​អង្គការ​បាន​ជួយ​គាំទ្រ និង​ពិនិត្យ​លទ្ធភាព​ជាក់ស្តែង ដើម្បី​ផ្តល់​ការ​គាំទ្រ​សម្រាប់​គម្រោង​ថ្មី​ៗ​បន្ថែម​ទៀត ។

តាម​រយៈ​សមិទ្ធផល​ដែល​រដ្ឋបាល​ព្រៃឈើ​សម្រេច​បាន លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​ក៏​ដូច​ជា រដ្ឋ​បាន​ព្រៃឈើ​ដែល​បាន​ជួយ​សហការ​អនុវត្ត​គម្រោង​សម្រេច​បាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់ ។ ពាក់ព័ន្ធ​គម្រោង​ដែល​កំពុង​អនុវត្ត​លោក​បាន​បញ្ជាក់​ថា អង្គការ APFNet នឹង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បន្ត​ការ​គាំទ្រ​ជំហាន​ទី​ពីរ ព្រោះ​លោក​យល់​ឃើញ​ថា​គម្រោង​បាន​បំពេញ​តួនាទី​យ៉ាង​សំខាន់​ក្នុង​គ្រប់គ្រង​ស្តា និង​អភិវឌ្ឍន៍​ធនធាន​ព្រៃឈើ​កម្ពុជា​ឡើង​វិញ​យ៉ាង​មាន​ប្រសិទ្ធភាព ។

មួយវិញទៀត ភាគី​ទាំង​ពីរ​នឹង​រួម​គ្នា​បង្កើត​មជ្ឈមណ្ឌល​មួយ​ក្នុង​គោលបំណង​បង្កាត់​ពូជឈើ​សំខាន់​ៗ និង​មាន​តម្លៃ​នៅ​កម្ពុជា​ដោយ​គម្រោង​នេះ​មាន​ថវិកា​ឧ​ប​ត្ថ​ម​ប្រមាណ​ជា ៥,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​គ្រោង​នឹង​អនុវត្ត​ក្នុង​ឆ្នាំ​២០២០ ខាង​មុខ​នេះ ។

សូម​បញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​កសិក​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អង្គការ APFNet បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ ២០០៨ ហើយ​គម្រោង​គាំទ្រ​មាន​ចំនួន ៤ ដែល​មាន​ថវិកា​សរុប​ជាង ៧,៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក មាន​ជា​អាទិ៍​ទី​១. ស្តី​ពី «​មុខងារ​ចម្រុះ​នៃ​ការងារ​ស្តា​ព្រៃឈើ និង​ការ​គ្រប់គ្រង​តំបន់​ព្រៃឈើ​រិចរឹល​នៅ​កម្ពុជា​» ។ ទី​២. គម្រោង​ស្តី​ពី «​ការ​រៀបចំ​ផែនការ​គ្រប់គ្រង​ព្រៃឈើ​នៅ​តំបន់​ទី​ជម្រាល​ស្ទឹង​ព្រែក​ត្នោត​ផ្អែក​លើ​ផែន​ទេសភាព​» ។ ទី​៣. គម្រោង​ស្តី​ពី «​ការ​ធ្វើ​សមា​ហ​រ័​ណ​កម្ម​នៃ​ការ​ធ្វើ​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​កូ​ឡូ​ស៊ី​ព្រៃឈើ និង​គម្រោង​បង្ហាញ​នៅ​មហា​អនុ​តំបន់​មេគង្គ​» ។ ទី​៤. គម្រោង​ស្តី​ពី «​ការ​បង្កើត​មជ្ឈមណ្ឌល​បង្កាត់​ពូជឈើ​មាន​តម្លៃ​នៅ​កម្ពុជា​» ។ ក្នុង​នោះ គម្រោង​ទី​១ និង​២ ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ ។ ចំពោះ​គម្រោង​ទី​៣ កំពុង​អនុវត្ត និង​ទី​៤ នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ​២០២០ ខាង​មុខ​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ