សង្ខារមិនទៀង! កំពុងធ្វើការ​សុខៗ​ស្រាប់​តែ…ស្តូកស្តឹងបាត់មាត់បាត់ក​


រាជធានី​ភ្នំពេញ​ ៖ បុរស​ជា​ជាង​ផ្សា​ដែក​ម្នាក់​ខណៈ​កំពុងធ្វើការ​ងារ​សុខ​ៗ​ស្រាប់តែ​ដួល​ផ្ងារ​ក្រោយ ​បណ្ដាល​ឲ្យ​សន្ល​ប់​ស្ដូកស្ដឹង​បា​ត់មាត់​បាត់​ក​ ហើយ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​អ្នកធ្វើការ​ជាមួយគ្នា​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើ​ម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​ ​ប៉ុន្តែ​ជា​អកុសល​មិន​ទាន់​ទៅ​ដល់​មន្ទីរពេទ្យ​ផង​ក៏​បានស្លាប់​នៅ​ពាក់កណ្ដាល​ផ្លូវ បន្ទាប់​មក​មិត្តភក្ដិ​រួមការ​ងារ​បាន​ដឹក​សព​​ទៅ​​តម្កល់​នៅ​ក្នុង​វត្ត​កំ​បូល​ រួច​រាយការណ៍​ប្រាប់​​នគរបាល​ឱ្យ​​ចុះ​​មក​​ពិនិត្យ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៩ នៅ​ក្នុង​ក្រុម «​ដឹ សុ​ី​ប៊​ត ខេ​ម​បូ​ឌា ឌី​វេឡុ​ប​មេន ខន​ស្ត្រា​ក់សិន ខូ​អិ​ល​ធី​ឌី​» ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​ ។ ​រហូត​ដល់​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​ទើប​មានការ​ភ្ញាក់ផ្អើល​ដឹង​ដល់​នគរបាល​ចុះ​ទៅ​ពិនិត្យ និងធ្វើ​​កោសល្យវិច័យ​។​

ជន​រង​គ្រោះដែលស្លាប់​​ឈ្មោះ​ទុ​យ ភេទប្រុស អាយុ​ជាង​៥០​ឆ្នាំ​ មុខរបរ​ជាង​ផ្សា​ដែក ​មាន​ទីលំនៅ​ឯ​ខេត្ត​កំពង់​ឆ្នាំ ប៉ុន្តែ​​មិនបាន​​ដឹង​ថានៅ​​ភូមិ​ឃុំស្រុក​អ្វី​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​រួម​ជាមួយ​មិត្តភក្ដិ​មួយ​ចំនួន​ទៀត​បាន​នាំ​គ្នា​ផ្សារ​ដែក​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ លុះដល់​ពេល​កើតហេតុ​ ស្រាប់តែ​ជន​រង​គ្រោះ​បាន​ដួល​ផ្ងារ​ក្រោយ​ បណ្ដាល​ឲ្យ​សន្លប់​បាត់ស្មារតី ​។

តាម​ប្រភពព័ត៌មាន​បាន​បន្ត​ថា ​ភ្លាម​ៗ​នោះ​មិត្តភក្ដិ​បាន​បញ្ជូនជនរងគ្រោះ​​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល ​ដើម្បី​សង្គ្រោះ​បន្ទាន់ដែរ​ ប៉ុន្តែ​ពេល​ទៅ​ដល់​ គ្រូពេទ្យ​បាន​ប្រាប់​ថា​ ជន​រង​គ្រោះ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ណាស់ មិន​ហ៊ាន​ទទួល​ព្យាបាលនោះ​​ទេ ​ហើយ​ក៏​​ប្រាប់​ឲ្យ​នាំ​​ជនរងគ្រោះ​​ទៅ​កាន់​មន្ទីរពេទ្យ​ធំ​ៗ​ដូច​ជា​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ​ឬ​​មន្ទីរ​​ពេទ្យ​ព្រះ​កុសុមៈ​ ។ ពេល​នោះ​មិត្តភក្តិ​ក៏​ដឹកជនរងគ្រោះ​​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដែរ​ ប៉ុន្តែ​ពេល​​ដឹក​បាន​ពាក់កណ្ដាល​ផ្លូវ ​ស្រាប់តែ​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ​។

តាម​ប្រភពព័ត៌មាន​​បាន​បន្ត​​ឱ្យ​ដឹង​ថា ក្រោយមក​ក៏​បាន​ដឹក​សព​ទៅ​តម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​កំ​បូល ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ផ្សា​រកំ​បូល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ​ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ​​មក​​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ