វត្ថុ​បុរាណ​៥​ប្រភេទ​ប្រគល់ ឱ្យ​ស្ថាប័ន​ជំនាញ​រក្សា​ទុក


ខេត្តសៀមរាប​៖ នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ ទទួល​បាន​វត្ថុ​បុរាណ​ចំនួន​៥​ប្រភេទ​ពី​អង្គភាព​នគ​រឹ​បាល​ការពារ​បេតិកភណ្ឌ ប្រចាំ​តំបន់​អង្គរ​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ ដើម្បី​ចុះបញ្ជី​ទៅ​តាម​បច្ចេកទេស និង​រៀបចំ​សំណើ​សម្រាប់​យក​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​នរោត្តម សីហ​នុ​អង្គរ ។

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ​ឲ្យ​ដឹង​ថា វត្ថុ​បុរាណ​ទាំង​៥​ប្រភេទ​ដែល​ទទួល​បាន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​រួម​មាន ៖ ១)​បំណែក​ដងខ្លួន​ព្រះ​ពុទ្ធរូប ធ្វើ​ពី​ថ្មភក់ មាន​កម្ពស់​៦២​សង្ទីម៉ែត្រ ទទឹង​៣៨ សង្ទីម៉ែត្រ និង​កម្រាស់​១៨ ។ ២)​បំណែក​កញ្ចាំង ធ្វើ​ពី​ថ្មភក់ មាន​កម្ពស់​៤៣ សង្ទីម៉ែត្រ ទទឹង​៣៤ សង្ទីម៉ែត្រ និង​កម្រាស់​៣០ សង្ទីម៉ែត្រ ។ ៣)​បំណែក​ភ្នែន​ទេវរូប ធ្វើ​ពី​ថ្មភក់ មាន​កម្ពស់​១១ សង្ទីម៉ែត្រ ទទឹង​១១​សង្ទីម៉ែត្រ និង​កម្រាស់​៩​សង្ទីម៉ែត្រ ។
៤)​កុលាលភាជន៍​(​ថូ​) ធ្វើ​ពី​ដី​ដុត កម្ពស់​២៥ សង្ទីម៉ែត្រ និង​ទទឹង​២០​សង្ទីម៉ែត្រ ។ ៥)​ កុលាលភាជន៍​(​ខួច​) ធ្វើ​ពី​ដី​ដុត កម្ពស់​៧,៥ សង្ទីម៉ែត្រ និង​ទទឹង​៨ សង្ទីម៉ែត្រ ។

វត្ថុ​បុរាណ​ទាំង​៥​ប្រភេទ​ត្រូវ​បាន​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ ប្រចាំ​តំបន់​អង្គរ​ទទួល​បាន​តាម​រយៈ​ប្រជាជន​ដែល​ប្រទះ​ឃើញ​ដោយ​ចៃដន្យ​ក្នុង​តំបន់​ខ្លួន​រស់នៅ ហើយ​រាយការណ៍​ដល់​អាជ្ញាធរ​មូលដ្ឋាន ដែល​មាន​សមត្ថកិច្ច​ដើម្បី​យក​មក​រក្សា​ទុក ។ បន្ទាប់​ពី​ទទួល​បាន​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ បាន​ប្រគល់​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ជា​ស្ថាប័ន​មាន សមត្ថកិច្ច​ក្នុង​ការ​គ្រប់គ្រង និង​ថែរក្សា ។

រមណីយដ្ឋាន​អង្គរ​សម្បូរ​បុរាណ​ដ្ឋា​ន​មាន​សំណល់​បុរាណវិទ្យា​ទាំង​លើ​ដី និង​ក្រោម​ដី ដូច្នេះ​អាជ្ញាធរ​ជាតិ​អប្សរា បាន​អំពាវនាវ​ដល់​សាធារណជន​ចូលរួម​ថែរក្សា ចៀសវាង​ការ​ជីក​កកាយ ឬ​ឈូស​ឆាយ​ទីតាំង​បុរាណ​ដ្ឋា​ន និង​រាយការណ៍​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​រក​ណី​បាន​ជួប​ប្រទះ​នូវ​បុរាណវត្ថុ​ទាំងនោះ ។

អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែងអំណរគុណ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​យកចិត្តទុកដាក់​ការពារ​នូវ​សម្បត្តិ​បេតិកភណ្ឌ​ដែល​ជា​របស់​យើង​ទាំងអស់​គ្នា ពិសេស​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ថែរក្សា​តាម​រយៈ​ការ​ប្រគល់ ឬ​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច ។ សកម្មភាព​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​យល់​ដឹង​ពី​តម្លៃ​នៃ​មរតក​ដូនតា និង​ចង់​ថែរក្សា​ឱ្យ​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ