កម្ពុជា​ជ្រើសរើស​ជា​កន្លែង​រៀបចំ​ប្រណាំង​​កង់​ពិភពលោក​តំបន់ឆ្នេរ​លើក​ទី​១


រាជធានី​ភ្នំពេញ ៖ កម្ពុជា​ត្រូវ​បាន​សហព័ន្ធ ប្រណាំង​កង់​អន្តរជាតិ​(UCI) ជ្រើសរើស​ជា​កន្លែង
រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​លើក​ទី​១​នៅ​តំបន់ឆ្នេរ​សមុទ្រ សម្រាប់​ឆ្នាំ​២០២០ ដែល នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ ខាង​មុខ​នេះ ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​៤ រួម​មាន ខេត្តកំពត ខេត្ត​កែប ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកោះកុង ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង ដូច្នេះ នៅ​ក្រោយ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរ​ក្រ សួង ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភព
លោក​នៅ​តំបន់ឆ្នេរ​កម្ពុជា នៅ​ទីស្ដីការក្រសួង ទេសចរណ៍ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែសីហា ក្រោម​អធិបតីភាព​លោក ថោ​ង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍​។

លោក វ៉ា​ត់ ចំរើន បានឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​ពិភពលោក​នេះ រៀបចំ​ឡើង​ក្រោម​កិច្ចសហការ រវាង​ក្រសួងទេសចរណ៍ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) សហព័ន្ធ​កីឡា​ទោច​ក្រ យាន​កម្ពុជា ក្លិប​ឆ្នេរ​ស្អាត​បំផុត​លើ​ពិភពលោក និង​សហព័ន្ធ​ប្រណាំង​កង់​អន្តរជាតិ​(UCI) ។

លោក​បាន​បន្ថែម​ថា ព្រឹត្តិការណ៍​ប្រណាំង​កង់​លំដាប់​ពិភពលោក​ដែល​មាន​រយៈពេល​៣​ថ្ងៃ​នោះ នឹង​ត្រូវ​ឆ្លងកាត់​ខេត្តកោះកុង ខេត្តកំពត ខេត្ត​កែប និង​ខេត្ត​ព្រះ​សីហ​នុ និង​បាន​បែងចែក​ជា​៣​ដំណាក់កាល រួម​មាន ៖

*​ដំណាក់កាល​ទី​១ ៖ នា​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២០ ចាប់ផ្ដើម​ចេញដំណើរ​ដំបូង​ពី​តំបន់ វិស្សមកាល​ទេសចរណ៍​តារា​សាគរ ឆ្លងកាត់​រង្វង់​មូល​ព្រឹទ្ធាចារ្យ សាយ ភូ​ថង ស្ថិត​ក្នុងស្រុក​បទុម​សាគរ ខេត្តកោះកុង ឆ្ពោះទៅ​ក្រុង​ខេមរភូមិន្ទ (​ទីរួមខេត្ត​កោះកុង​) ដែល​មាន​ចម្ងាយ​សរុប​ប្រមាណ​១៣៥​គីឡូម៉ែត្រ ។

*​ដំណាក់កាល​ទី​២ ៖ នា​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២០ ចេញដំណើរ​ពី​រង្វង់​មូល​ព្រឹទ្ធាចារ្យ សាយ ភូ​ថង ឆ្លងកាត់​ផ្លូវបំបែក​ស្រែអំបិល​ឆ្ពោះទៅ​រង្វង់​មូល​វាល​រេញ ស្ថិត​ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ និង​បន្ត​ទៅ​កាន់​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ ខេត្តកំពត ដែល​មាន​ចម្ងាយ សរុប​ប្រមាណ​១៧០​គីឡូម៉ែត្រ ។

*​ដំណាក់កាល​ទី​៣ ៖ ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ ចេញដំណើរ​ពីមុខ​សាលាខេត្ត​កែប ឆ្លងកាត់​រង្វង់​មូល​សេះស ឆ្ពោះទៅ​កាន់​រង្វង់​មូល​ទុរេន នៃ​ខេត្តកំពត រួច​បន្ត​ទៅ​កាន់​រង្វង់​មូល វាល​រេញ ឆ្ពោះទៅ​រង្វង់​មូល​តោ​ពីរ នៃ​ខេត្ត​ព្រះ​សីហ​នុ ។ ពេល​ទៅ​ដល់​ជិះ​វង់​ជុំវិញ​រង្វង់​មូល​តោ​ពីរ​ចំនួន​៣​ជុំ ហើយ​បន្ត​ឆ្ពោះទៅ​រមណីយដ្ឋាន​ឆ្នេរ​សុខា រមណីយដ្ឋាន​ឆ្នេរ​ឯករាជ្យ ព្រះរាជ​ដំណាក់ រួច​ចុះ​តាម​ផ្លូវ​ឆ្នេរ​ឯករាជ្យ តម្រង់​ទៅ​រង្វង់​មូល​តោ​ពីរ​វិញ ហើយ​បញ្ចប់​នៅ​ទីនោះ​តែ​ម្ដង ដែល​មាន​ចម្ងាយ​សរុប​ប្រមាណ​១៥៥​គីឡូម៉ែត្រ ។

លោក វ៉ា​ត់ ចំរើន បាន​ថ្លែង​ឲ្យ​ដឹង​ថា មក​ដល់​ថ្ងៃនេះ មាន​ក្រុម​កីឡាករ​ចំនួន​២០​ប្រទេស​ហើយ​ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រណាំង​កង់​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នេះ ក្នុង​នោះ​នៅ​កម្ពុជា មាន​១​ក្រុម មក​ពី​ម៉ា​ឡេ​ស៊ី​២​ក្រុម ឥណ្ឌូ​ណេ​ស៊ី​១​ក្រុម សិង្ហ​បុរី​១​ក្រុម ហ្វ៊ី​លី​ពី​ន​១​ក្រុម ថៃ​១​ក្រុម កូរ៉េ​ខាងត្បូង​១​ក្រុម ជប៉ុន​១​ក្រុម ចិន​១​ក្រុម អូស្ត្រាលី​១​ក្រុម អី​ុ​តា​លី​២​ក្រុម កា​ហ្សា​ក់​ស្ថាន​១​ក្រុម បារាំង​២​ក្រុម សហរដ្ឋអាមេរិក​១​ក្រុម អេ​ស្ប៉ា​ញ​១​ក្រុម និង​អង់គ្លេស​១​ក្រុម ។

លោក វ៉ា​ត់ ចំរើន អះអាង​ថា រាល់​ព្រឹត្តិការណ៍​ធំ​ៗ​ទាំងអស់​នៅ​កម្ពុជា ចាប់ពី​ពេល​នេះ​តទៅ​គឺ​សុទ្ធ​សឹង​ជា​ព្រឹត្តិការណ៍​ដែល​គាំទ្រ​ដល់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ ព្រោះថា​រាល់​ព្រឹត្តិការណ៍​កីឡា​ធំ​ៗ​ទាំងនោះ​នឹង​ទាក់ទាញ​ស្រទាប់​យុវវ័យ​ឲ្យ​ចូលរួម​សកម្មភាព​កីឡា និង​គាំទ្រ​វិស័យ​កីឡា​នៅ​កម្ពុជា ។ ទន្ទឹម​នោះ ក៏​ផ្តល់​ជា​បទ​ពិសោធន៍​ដល់​គណៈ​កម្មការ​អន្តរក្រសួង​ក្នុង​ការ​រៀបចំ​ព្រឹត្តិ​ការណ៍​កីឡា​ផ្សេង​ៗ ឆ្ពោះទៅ​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ថែម​ទៀត ។

លោក ថោ​ង ខុន រដ្ឋមន្ត្រីក្រសួង​ទេស​ចរណ៍​បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​ឲ្យ​មាន​ព្រឹត្តិ​ការណ៍​​ប្រណាំង​​កង់​ពិភពលោក​លើក​ទី​១​នេះ គឺ​ផ្តើម​ចេញពី​ជំនួប​ពិភាក្សា​រវាង​សម្តេច​តេ​ជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ជាមួយ​អគ្គ​នា យក​ក្លិប​ឆ្នេរ​ស្អាត​ជាងគេ​លើ​ពិភពលោក​ក្នុង​អំឡុ​ង​បុណ្យ​សមុទ្រ​លើក​ទី​៧ នៅ​ខេត្តកោះកុង ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​ឆ្នេរសមុទ្រ​ដ៏ ស្រស់
ស្អាត​របស់​កម្ពុជា​ទៅ​កាន់​បណ្តា​ប្រទេស​ទូ​ទាំង​ពិភពលោក ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរ
ជាតិ ។ ដូច្នេះ​លោក​រំពឹង​ថា ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​លើក​ទី​១​នេះ នឹង​ទទួល​បាន​ជោគ​ជ័យ ហើយ​សក្តានុពល​ឆ្នេរសមុទ្រ​កម្ពុជា​នឹង​ត្រូវ​បង្ហាញ​ទូ​ទាំង​ពិភពលោក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ