ហេតុ​អ្វី​កម្ពុជា ត្រូវការ​វិនិយោគ​លើ​វិស័យ​មូល​ប​ត្រ ?


​រាជធានី​ភ្នំពេញ ៖ វិស័យ​មូល​ប​ត្រ​ជា​វិស័យ​ថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា និង​មិនសូវ​មានការ​ចាប់អារម្មណ៍​ច្រើន​ពី​វិនិយោគិន​ក្នុងស្រុក​ប៉ុន្មាន​នោះ​ទេ ជាក់ស្ដែង​រហូត​មក​ដល់​ពេល​នេះ ក្នុង​វិស័យ​នេះ​ទាំងមូល​មាន​តែ​ក្រុមហ៊ុន​ចំនួន​៦​ប៉ុណ្ណោះ​ដែល​ទទួល​បាន​សិទ្ធ​ធ្វើ​អាជីវកម្ម​ជា​ផ្លូវការ ។

តើ​ការ​វិនិយោគ​លើ​វិស័យ​មូល​ប​ត្រ​ផ្ដល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​សេដ្ឋកិច្ច​កម្ពុជា ? ​លោក ស៊ូ សុ​ជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​ក្រោយ​ប្រគល់​អាជ្ញាប័ណ្ណ គ្រប់គ្រង​មូលនិធិ ជូន​ក្រុមហ៊ុន​មួយ កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ម្សិលមិញ​នេះ​ថា វិស័យ​មូល​ប​ត្រ​ចូលរួម​ចំណែក​ច្រើន​នៅ​ក្នុង​វិស័យសេដ្ឋកិច្ច ដោយ​វិស័យ​មាន​គោលដៅ​តែ​មួយ​គឺ គៀងគរ​មូលនិធិ​ដែល​នៅ​សល់ ឬ​និយាយ​អោយ​ចំ​គឺ​ប្រមូល​លុយ​ដែល​នៅ​សល់ ដែល​មិន​ដំណើរការ​មក​ដាក់​នៅ​ទីផ្សារ​អោយ​មានដំណើរ​ការ​ឡើង​វិញ ។

​លោក​បាន​បន្ត​ថា « មាន​មនុស្ស​ជា​ច្រើន​មាន​លុយ​ហើយ​មិនដឹង​យក​ទៅ​ណា​យក​ទៅ​នៅ​ក្នុងផ្ទះ តែ​អ្នកខ្លះ​ដែល​មាន​ទំនុកចិត្ត​លើ​ប្រព័ន្ធ​ធនាគារ​ក៏​យក​លុយ​ទៅ​ទុក​នៅ​ក្នុង​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ ដើម្បី​បានការ​ប្រាក់ តែ​ចំពោះ​សាច់ប្រាក់​ដែល​ទុក​នៅ​ក្រៅ​ប្រព័ន្ធ​ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​មាន​ច្រើន​ណាស់ ដូច្នេះ​ហើយ​ទើប​យើង​បង្កើត​គណៈកម្មការ​មូល​ប​ត្រ​និង​ចេញ​អាជ្ញាប័ណ្ណ​ជូន​អ្នក​រកស៊ី ដើម្បី​ប្រមូលប្រាក់​ដែល​នៅ​សល់​នោះ​មក​ដាក់​ក្នុង​ទីផ្សារ​អោយ​មានដំណើរ​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត » ។

​អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​ពន្យល់​ថា នៅ​ក្នុង​វិស័យ​មូល​ប​ត្រ យើង​មាន​បី​ផ្នែក​សំខាន់ គឺ​ទីផ្សារ​ភាគហ៊ុន​, មូលនិធិ​បំណុល និង​មួយទៀត​គឺ មូលនិធិ​រួម ។ ផ្នែក​ទាំងនេះ គឺ​មានការ​ជាប់​ទាកទង​គ្នា​វិល​ជុំ ជាក់ស្ដែង សម្រាប់​ទីផ្សារ​ភាគហ៊ុន គឺ​គេ​លក់​ភាគហ៊ុន​ដើម្បី​យក​លុយ​មក​វិនិយោគ ហើយ​លក់​បាន​អាច​មក​ទិញ​មូល​ធិ​និ​បំណុល ដើម្បី​ទទួល​បានការ​ចំណេញ​បន្ទាប់ ។ ដោយឡែក​សម្រាប់​មូល​ធិ​និ​រួម​ក៏​ដូច​គ្នា​ដែរ គឺ​មាន​តួនាទី​ក្នុង​ការ​គៀងគរ​រក​មូលនិធិ​នានា មក​ទិញ​ភាគហ៊ុន ឬ​មក​ទិញ​មូលនិធិ​បំណុល​ដែល​មាន​តម្លៃ​ខ្ពស់ ដើម្បី​ទទួល​ការ​ចំណេញ​នៅ​ពេល​បន្ទាប់​ដូច​គ្នា ។ ការ​ធ្វើ​បែប​នេះ គឺ​ជំរុញ​ចរន្ត​សាច់ប្រាក់​ឱ្យ​មានដំណើរ​ការ និង​សកម្ម ហើយ​បើ​វា​មាន​ដំណើរការ​កាន់តែ​ខ្លាំង នោះ​សេដ្ឋកិច្ច​យើង​ក៏​កាន់តែ​រីក​ចម្រើន​ខ្លាំង​ដែរ ។

លោក​បាន​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​ផ្ដល់​ការ​អនុញ្ញាត​ជូន​ក្រុមហ៊ុន​ប​ត្តិករ​ក្នុង​វិស័យ​មូល​ប​ត្រ​ចំនួន​៦​ហើយ តែ​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​ស្នើរ​សុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម ក្នុង​វិស័យ​មូល​ប​ត្រ ដោយសារ​តែ​វា​ជា​វិស័យ​ថ្មី និង​ផ្ដល់​នូវ​អត្ថប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា ។ ​លោក​មាន​ប្រសាសន៍​ថា « យើង​មិន​អាច​ផ្ដល់​អាជ្ញាប័ណ្ណ​ជូន​ក្រុមហ៊ុន​ដែល​ស្នើ​សុំ​ម្ដង​ទាំងអស់​បាន​ទេ គឺ​ត្រូវការ​ពិនិត្យ​នូវ​លក្ខខណ្ឌ​ម្ដង​មួយ​ៗ ទើប​សម្រេច​ផ្ដល់​ឬ​មិន​ផ្ដល់ បើ​ក្រុមហ៊ុន​ណា​ដាក់​សំណើរ មិន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ត្រូវ​ប្រាប់​គាត់ និង​ឱ្យ​អនុវត្តន៍​ឱ្យ​បាន​គ្រប់​លក្ខខណ្ឌ​ទើប​ផ្ដល់​ជូន​ជា​ក្រោយ » ។

លោក​ជំទាវ ងួ​ន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ដើម្បី​ធានា​ស្ថិរភាព​សមិទ្ធផល ក៏​ដូច​ជា​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​នៅ​កម្ពុជា ជា​ពិសេស​ដើម្បី​ជំរុញ​ឱ្យ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ឈាន​ដល់​កម្រិត​សក្ដានុពល ប្រព័ន្ធ​ហិរញ្ញវត្ថុ​កម្ពុជា ត្រូវ​មាន​ភាពរឹងមាំ និង​ប្រសិទ្ធភាព​ដែល​ក្នុង​នោះ​អត្ថិភាព​នៃ​ទីផ្សារ​គម្រោង​វិនិយោគ​រួម ពិតជា​មាន​ភាព​ចាំបាច់ ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​នូវ​យន្ត​ហ​ការ​ថ្មី​ក្នុង​ការ​គៀងគរ​សាច់ប្រាក់ ដែល​នៅ​ទំនេរ​ពី​សាធារណជន​ដើម្បី​វិនិយោគ​នៅ​ក្នុង​ប្រទេស ។ លោក​ជំទាវ​បាន​បន្ថែម​ថា ការ​បង្កើត និង​ដាក់​ដំណើរការ​ទីផ្សារ​គម្រោង​វិនិយោគ​រួម​នៅ​កម្ពុជា មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ពោល​គឺ​បាន​ឆ្លងកាត់​នូវ​ការ​រៀបចំ​និង​ការ​គិតគូរ​យ៉ាង​ល្អិតល្អន់ ប្រកបដោយ​វិចារណ​កម្ម​ច្បាស់លាស់ និង​ដែល​មាន​កំណត់​នៅ​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១១-២០២០ ដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​កម្ម​ទៅ​ជា យុទ្ធសាស្ត្រ​អភិ​វ​ឌ្ឋ​ន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ ២០១៦-២០២៥​សម្រាប់​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព ដែល​ជា​យុទ្ធសាស្ត្រ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​យ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

សូម​រម្លឹក​ថា​ប្រទេស​កម្ពុជា​បាន​ប្រកាស​បើក​ជា​ផ្លូវការ​នូវ​ក្រុមហ៊ុន​មូលប័ត្រ​កម្ពុជា ដែល​ថ្នាក់​រដ្ឋាភិបាល និង​អ្នក​សេដ្ឋកិច្ច​ឯករាជ្យ​រំពឹង​ពី​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​អនាគត​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ