ប៉ោ ភា​រិ​ទ្ធ និង ហ៊ី​ម សេរី ឡើង​សង្វៀន​​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ជាមួយ​កីឡា​ក​រ​ថៃ


រាជធានី​ភ្នំពេញ ៖ ប៉ោ ភា​រិ​ទ្ធ មក​ពី​សមាគម កីឡាប្រដាល់​ក្រសួងកសិកម្ម ត្រៀមខ្លួន​រួច​ជា ស្រេច​ដើម្បី​ឡើង​ប្រកួត​ដណ្ដើម​ប្រាក់​លាន​រៀល នៅ​សង្វៀន​ស៊ីអិន​ស៊ី ជាមួយ​កីឡាករ​ថៃ រ៉ុ​ង​ណា
ផា ស​សំ​រ៉ូង​យី​ម ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូ ក្រាម ឯ ហ៊ី​ម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ ឃី​វ​បា ស៊ី​ត​ថា​ន់​វ៉ា ក្នុង ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃសៅរ៍ ទី​៣១ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​២​រសៀល​​នេះ។

កីឡាករ ប៉ោ ភា​រិ​ទ្ធ គឺជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប ដែល​បាន​បាត់​មុខ​ពីលើ​សង្វៀន​យូរ​ឆ្នាំ​មក​ហើយ ។ លើក​នេះ​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ក្នុង​ឋានៈ​ជា​គូ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ពី​ក្រុមហ៊ុន​ខា​រ៉ា​បាវ ។ ប៉ុន្តែ​ជាមួយនឹង​ការ​បង្ហាញខ្លួន​នៅ​លើ​សង្វៀន​លើក​នេះ គេ​មិន​ទាន់​ដឹង​ថា​ល្បិច​ប្រយុទ្ធ​នៅ​ខ្លាំង​ដូច​មុន​ទៀត​ឬ​ក៏​អត់​នោះ​ទេ ។ ម្យ៉ាងវិញទៀតកីឡាករ​ថៃ រ៉ុ​ង​ណា​ផា ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង ដែល​ពិបាក​ទប់ទល់​ម្នាក់​ដែរ ហើយ​គេ​ថែម​ទាំង ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ញឹកញាប់​ទៀត​ផង ។

ប៉ុន្តែ ប៉ោ ភា​រិ​ទ្ធ គេ​នៅ​តែ​មាន​ជំនឿ​ចិត្ត​យ៉ាងច្រើន ដើម្បី​ក្លាយជា​ម្ចាស់​ប្រាក់​លាន​នៅ​ក្នុង​ស​ប្ដា​ហ៍
នេះ ដោយសា​តែ​គេ​ជា​អ្នក​ប្រដាល់​មួយ​រូប មាន បទ​ពិសោធន៍​យ៉ាង​ជោកជាំ​ក្នុង​ការ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ពី​មុន​មក ។

ចំណែក​កីឡាករ ហ៊ី​ម សេរី ក៏​ជា​ជើង​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​ស្រាល ហើយ​សម្រាប់​កីឡាករ​ខ្មែរ​គ្នា​ឯង​មិន​ងាយ​មាន​អ្នក​ណា​ទប់ទល់​ជាមួយ​គេ​បាន​ឡើយ ។ ប៉ុន្តែ​កីឡាករ​ថៃ ឃី​វ​បា អត់​មាន​អ្នក​ណា​ស្គាល់​ពី​ប្រវត្តិ​ប្រកួត​នោះ​ទេ ដោយសារ​តែ​គេ​ទើបតែ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​លើក​ទី​១​ប៉ុណ្ណោះ ។

រីឯ ហ៊ី​ម សេរី​វិញ​បាត់​មុខ​ពី​សង្វៀន​ជា​យូរ​មក​ហើយ ដូច្នេះ​ថ្វីដៃ​ប្រកួត​របស់​គេ​អាច​នឹង​មានការ​ធ្លាក់​ចុះ​ជាង​មុន​។ ប៉ុន្តែ​លោក មាស សុខ​គ្រី បាន​អះអាង​ថា សិស្ស​របស់​លោក​ប៉ុន្មាន​ស​ប្ដា​ហ៍​មកនេះ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​ណាស់ បើ​ទោះជា​ចាញ់​ក៏​ល្អមើល​ដែរ ។

ដោយឡែក សម្រាប់​គូប្រកួត​នៅ​ក្នុង​ស​ប្ដា​ហ៍នេះ ពុទ្ធ ហាណូយ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍ សែន​​ជ័យ ប្រកួត​ជាមួយ ឡុ​ង ណ​ង​សាវ​មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។ រឿង សា​រិ​ទ្ធ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ប្រកួត​ជាមួយ សា​រឿ​ន ទិ​ត្យ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​កីឡាករ អាន សុខ​ចាន់ មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ប្រកួត​ជាមួយ សុង ប៊ុ​ន​រ៉ុ​ង មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ