រន្ធត់ណាស់! ជិះម៉ូតូ​ទៅបុក​ម៉ូតូសណ្តោង​រ៉ឺម៉ក​​ដឹក​កូនឈើ​ស្លាប់ទាំង​២នាក់​


ខេត្តកំពង់ធំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ជាមួយ​​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង​មាន​ដឹក​កូន​ឈើ បណ្តាល​ឱ្យ​បុរស​២​នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៦-៩៧ ចំណុច​វាល​សរសៃ​ស្ថិត​ក្នុងភូមិ​សូ​យោង ឃុំ​សូ​យោង ស្រុក​តាំងគោក ខេត្តកំពង់ធំ ។

ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ មាន​សណ្តោង​រ៉ឺ​ម៉ក​ដឹក​កូន​ឈើ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​កើតហេតុ ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទ​ទៀត​ជិះ​គ្នា​២​នាក់ ម៉ាក​ពិ​ស៊ិ​ន​ធ័​រ បើកបរ​ដោយ​ឈ្មោះ វង់ វី ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​សុខ ឃុំ​ពេជ្រ​ចិ​ន្ថា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ យ​ន
អួ​ក ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ នៅ​ភូមិ​រមាំង​ងាប់ ឃុំ​ទំពាំង​ឬ​ស្សី ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​បារាយណ៍​-​ស​ន្ទុ​ក​។

លោក​វរសេនីយ៍ទោ សន តា​ល់ អធិការ​នគរបាល​ស្រុក​តាំងគោក​ប្រាប់​ថា មុន​កើតហេតុ ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង​មាន​ដឹក​កូន​ឈើ​ហើយ​គ្មាន​ភ្លើង​បំភ្លឺ​ក្រោយ បាន​ធ្វើ​ដំណើរ​ក្នុង ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​បើកបរ​ក្នុង​ល្បឿន​លឿន ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បាន​បុក​ពីក្រោយ​រ៉ឺ​ម៉ក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នក​រួម​ដំណើរម្នាក់ទៀត​​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ រីឯ​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ឈ្មោះ​វង់ វី ត្រូវ​បាន​យក​មក​តម្កល់​ទុក​នៅ​វត្ត​ខ្លុយ ភូមិ​ខ្លុយ ឃុំ​សូ​យោង ស្រុក​តាំងគោក ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រ៉ឺ​ម៉ក​និង​កូន​ឈើ​ត្រូវ​បាន​ផ្ញើ​ទុក​នៅផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​កន្លែង​កើតហេតុ រីឯ​ម៉ូតូ​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​តាំងគោក ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ