ក្រោយស៊េរីទំនើប​ពន្លះខ្ទេចបែបនេះ ពលរដ្ឋ​នាំ​គ្នា​​​ទាញគូស្នេហ៍ចេញមកក្រៅ​


រាជធានី​ភ្នំពេញ ៖ ទើបតែ​ឆ្លង​ចូល​ខែ​ថ្មី​បាន​ត្រឹមតែ​៣០​នាទី ស្រាប់តែ​រថយន្ត​​រ៉ែងរ៉ូវើ​មួយ​គ្រឿង​បើក​បោះពួយ​ក្នុង​​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ឡើង​លើ រង​ខូចខាត​ខ្ទេច​ស្ទើ​រ​ទាំងស្រុង ចំណែក​ក្បាល​នាគពុះចែក​ទ្រូងផ្លូវ​​​ប៉ើង​​២​កង់ សំណាងល្អ​យុវជន​ម្នាក់ និងនារីម្នាក់​​ដែលជិះក្នុង​រថយន្ត​នោះ​រង​របួសស្រាល ។

ហេតុការណ៍​ខាងលើ​បានកើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៩ លើ​ផ្លូវ​២៧១ មុខ​មន្ទីរពេទ្យ​ព្រះកុសុមៈ (ហៅមន្ទីរពេទ្យ​លោកសង្ឃ) ស្ថិត​ក្នុង​ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

រថយន្ត​​មួយគ្រឿង​ខាងលើម៉ាករ៉ែងរ៉ូវើ (RANGE ROVER) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២BD-៨២៦៨ បើកបរ​ដោយ​យុវជន​ម្នាក់ មិនស្គាល់អត្តសញ្ញាណ និងនារី​វ័យក្មេង​ម្នាក់​​ជា​អ្នក​​រួម​ដំណើរ​​ មិនស្គាល់អត្តសញ្ញាណ ។

តាម​ប្រភពព័ត៌មាន​​នៅ​កន្លែងកើតហេតុ​​បាន​​ឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ គេឃើញ​រថយន្ត​មួយគ្រឿង​ខាងលើ​បើកបរ​ដោយ​​​​យុវជន​ម្នាក់ និង​មាននារីវ័យក្មេង​ម្នាក់ជា​អ្នក​រួម​ដំណើរ (ត្រូវបានអ្នកនៅកន្លែងកើត​ហេតុ​ថាជា​គូសង្សារនឹងគ្នា​) ​ដោយ​រថយន្ត​នោះ​​ធ្វើ​ដំណើង​ក្នុងទិស​ដៅ​​ពី​ជើង​ទៅ​ត្បូង​​ក្នុង​ល្បឿន​លឿន ហាក់ដូចជា​បើកបរ​ក្នុង​ស្ថានភាព​​ស្រវឹង ។

តាម​ប្រភពដដែលបានបន្ត​ថា លុះ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​រថយន្តនោះ​ជ្រុល​ទៅ​បុក​ក្បាល​នាគពុះចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង រីឯ​ក្បាលនាគពុះចែកទ្រូងផ្លូវ​នោះ​ប៉ើង​២​កង់ ចំណែក​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​រង​របួសស្រាល ត្រូវបាន​ពលរដ្ឋ​ជួយ​ទាញ​យក​ចេញពីក្នុង​រថយន្ត​ ហើយ​នារី​វ័យក្មេង​បាន​គេចខ្លួន​​ទៅ​បាត់ នៅ​តែ​យុវជន​ជា​អ្នកបើកបរ​នៅ​កន្លែង​កើតហេតុ ​។ បន្ទាប់ពី​​កើតហេតុ ​ភ្លាមៗនោះគេឃើញ​​មាន​ផ្សែងហុយ​ចេញពី​រថយន្ត​ ដោយ​ខ្លាចបង្កជា​​អគ្គិភ័យ ទើប​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ដងទឹក​​មកជះពន្លត់​ ។

តាម​សម្តី​យុវជន​​ជា​អ្នកបើកបរ​មិន​បាន​​ប្រាប់​ឈ្មោះ​​រៀប​រាប់​ឲ្យ​ដឹង​ថា ពួក​​គាត់​ទើប​ចេញពី​កម្មវិធី ប្រ​ញាប់​ធ្វើ​ដំណើរ​ទៅ​ផ្ទះ លុះមក​ដល់​ចំណុច​កើតហេតុ​ខាងលើ ហាក់បីដូចជា​​ព្រិល​ភ្នែក ទើប​បើករថយន្ត​ជ្រុល​ទៅ​បុកក្បាលនាគពុះចែក​ទ្រូងផ្លូវ​តែ​ម្តង ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​​បាន​ចុះមក​​ដល់​ចំណុច​​កើតហេតុ ដើម្បី​ពិនិត្យ​ជាក់ស្តែង រួច​ស្ទូច​លើកយក​រថយន្ត​បង្ក​ខាងលើ​​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក ស្នងការ​ក្រុងភ្នំពេញ រួម​ទាំង​អ្នកបើកបរ​ផង​ដែរ ដើម្បី​កសាង​សំណុំរឿង​ចាត់​ការ​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ