អា​មេ​រិ​ក​បាញ់​មី​ស៊ី​ល​លើ​ស៊ីរី​សម្លាប់​មេជី​ហា​ដ​៤០​នាក់


ប្រទេស​ស៊ីរី ៖ តាម​អង្គការក្រៅរដ្ឋាភិបាល​មួយ​ថា សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​៣១​សីហា បាន​វាយប្រហារ​ដោយ​បាញ់​មី​ស៊ី​ល​លើ​ប្រទេស​ស៊ី​រី ប្រឆាំង​បណ្ដា​ប្រមុខ​ពួក​ជី​ហា​ដ​នៅ​ជិត​ទីក្រុង​អ៊ី​ដ​លី​ប ដោយ​សម្លាប់​ពួក​គេ​យ៉ាងតិច​៤០​នាក់​ ។

នោះ​ជា​ការ​បាត់បង់​ធ្ងន់ធ្ងរ​បំផុត​មួយ​របស់​ពួក​ជី​ហា​ដ ក្នុង​ការ​វាយប្រហារ​តែ​មួយ​គត​នៅ​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នេះ​។ មី​ន្ទីរ​ប៉ង់​តា​ហ្គោ​ន​ក្នុង​សេចក្ដី​ប្រកាស​ខ្លី​មួយគូ​សបញ្ជាក់​ថា ប្រតិបត្តិការ​នោះ​សំដៅលើ​បណ្ដា​មេដឹកនាំ​របស់​ក្រុម​AQ-5 ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ ដែល​គំរាមកំហែង​ដល់​បណ្ដា​ពលរដ្ឋ​អា​មេ​រិ​ក បណ្ដា​ដៃគូ​យើង​ព្រមទាំង​បណ្ដាជន​ស៊ី​វិល​ស្លូតត្រង់​ ។ សេចក្ដី​ប្រកាស​ពុំ​បាន​បញ្ជាក់​ពី​វិធី​នៃ​ប្រតិបត្តិការ​នោះ​ឡើយ​។ ប៉ុន្តែ​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH​ មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​បញ្ជាក់​ថា ការ​បាញ់​មី​ស៊ី​ល​នានា​សំដៅលើ​កិច្ចប្រជុំ​មួយ ដែល​ប្រមូលផ្ដុំ​ប្រមុខ​ក្រុម​ជី​ហា​ដ ​HOURRAS AL DIN និង​ANSAR AL TAWHID ព្រមទាំង​ប្រមុខ​ក្រុម​ជ្រុលនិយម​ឯទៀត​ៗ​ជា​សម្ព័ន្ធមិត្ត ក្នុង​ជំរំ​ហ្វឹកហ្វឺន​មួយ​។

លោក​រ៉ា​មី​អាប់​ដែល​រ៉ា​ហ៍​ម៉ា​ន​នាយក​របស់​OSDH​ថ្លែងប្រាប់​AFP​ថា មេដឹកនាំ​របស់​ក្រុម​ទាំងនេះ​យ៉ាងតិច​៤០​នាក់​បាន​ត្រូវ​ស្លាប់​។ ការ​វាយប្រហារ​នោះ​កើត​មាន​នា​ថ្ងៃ​ដំបូង​នៃ​បទ​ឈប់​បាញ់​គ្នា​មួយ របស់​កងទ័ព​ស៊ី​រិ ​និង​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី ប្រឆាំង​តំបន់​អ៊ី​ដ​លី​ប​ ។ បណ្ដា​មេដឹកនាំ​ដែល​រង​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក សុទ្ធតែ​ស្ថិត​ក្នុង​ក្រុម​សម្ព័​ន្ថ​មិត្ត​របស់​ក្រុម​HTS អតីត​សាខា​អាល់​កៃ​ដា​នៅ​ស៊ីរី​ ។ ក្រុម​ជី​ហា​ដ​និង​ក្រុម​សម្ព័ន្ធមិត្ត​ទាំងនេះ​ធ្លាប់​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​តាម​អាកាស របស់​របប​ស៊ីរី ​និង​សម្ព័ន្ធមិត្ត​រុ​ស្ស៊ីប្រឆាំង​តំបន់​អ៊ី​ដ​លី​ប​។ ក្រុមចម្រុះ​អន្តរជាតិ​ប្រឆាំង​ជី​ហា​ដ​នាំមុខ​ដោយ​អា​មេ​រិ​ក ក៏​វាយប្រហារ​ប្រឆាំង​ក្រុម​ទាំងនោះ​ដែរ​។

កាលពី​ថ្ងៃ​ទី​៣០​មិថុនា​អា​មេ​រិ​ក​ធ្លាប់​បាន​វាយប្រហារ​ប្រឆាំង​ថ្នាក់ដឹកនាំ​អាល់​កៃ​ដា​នៅ​ស៊ី​រី គឺ​ប្រឆាំង​ជំរំ​ហ្វឹកហ្វឺន​មួយ​របស់​គេ​ក្នុង​ខេត្ត​អា​ឡែ​ប​ជាប់​ខេត្ត​អ៊ី​ដ​លី​ប បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៨​នាក់ ក្នុង​នោះ​មាន​មេបញ្ជាការ​៦​នាក់​នៃ​ក្រុម​HOURRAS AL DIN៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ