ក្រសួងទេសចរណ៍​សម្រេច​លុប​ចោល​នូវ​របាំង​មួយ​ចំនួន​ដែល​បង្ក​ការ​រំខាន​ដល់​ភ្ញៀវ​ទេសចរ​មក​ទស្សនា​នៅ​កម្ពុជា


(​រាជធានី​ភ្នំពេញ​)៖ ក្នុង​ន័យ​ជួយ​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ក៏​ដូច​ជា​អ្នក​វិនិយោគិន​បរទេស​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ទស្សនា​និង​វិនិយោគ​នៅ​កម្ពុជា​នោះ ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយ​នៅ​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ស្តី​អំពី «​ការ​សម្រួលការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ និង​អ្នកដំណើរ​នៅ​តំបន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ និង​ច្រក​ទ្វារ​អន្តរជាតិ​ទូ​ទាំង​ប្រទេស​» ក្នុង​ន័យ​លុប​ចោល​នូវ​របាំង ឬ​ការងារ​មិន​ចាំបាច់​មួយ​ចំនួន​ដែល​បាន​បង្ក​រការ​រំខាន ឬ​បង្កើត​នូវ​ភាពយឺត​យ៉ាវ​ក្នុង​ការ​បំពេញ​ឯកសារ​របស់​អ្នកដំណើរ​និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កាន់​កម្ពុជា ។ ​

ក្នុង​ន័យ​នេះ ក្រសួងទេសចរណ៍ បាន​បញ្ជាក់​ថា​ការ​នូវ​ចេញ​សេចក្តី​ជា​ថ្មី​ម្តងទៀត​នេះ​គឺ​ធ្វើ​ឡើង «​ក្នុង​គោលបំណង​ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ និង​កាត់​បន្ថយ​របាំង​មិន​ចាំបាច់ ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​មក​ទស្សនា​កម្ពុជា​» នោះ​ក្រសួងទេសចរណ៍​បាន​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ (​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​) ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​) ក្នុង​ការ​សម្រួល​បែបបទ​នៃ​ការ​ធ្វើ​ដំណើរ​មួយ​ចំនួន ដូច​ជា​៖ ១៖ អំពី​សាលា​កប​ត្រ​ចូល ចេញ​ប្រទេស និង​បែបបទ​ស្នើ​សុំ​ទិដ្ឋាការ​៖ *)- បែបបទ​នៃ​ការ​បំពេញ​សាលា​កប​ត្រ​ចូល ចេញ និង​ស្នើ​សុំ​ទិដ្ឋាការ​ពេល​មក​ដល់ ត្រូវ​បាន​បញ្ចូល​គ្នា​តែ​មួយ​សន្លឹក ដោយ​មាន​ជា​ភាសា​ខ្មែរ ចិន និង​អង់គ្លេស​។ *)- ភ្ញៀវ​ទេសចរ​បំពេញបែបបទ​ចូល​តែ​ម្តង​គត់ ហើយ​ពេល​ត្រឡប់​ចេញ​ទៅ​វិញ មិន​តម្រូវ​ឲ្យ​បំពេញបែបបទ​ទៀត​ទេ និង​មិន​ត្រូវការ​រូបថត​ឡើយ​។ *) ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ដំណើរ​ចេញ និង​ចូល​ប្រទេស​ដែល​កាន់​លិខិតឆ្លងដែន​អេ​ឡិច​ត្រូ​និ​ច​ខ្មែរ (E-Passport) មិន​តម្រូវ​ឲ្យ​បំពេញបែបបទ​ទេ​។ ​

សេចក្តីសម្រេច​ដដែល​បាន​បញ្ជាក់​ថា ចំនុច​ទី​២​ដែល​ត្រូវ​សម្រួល​ដែរ​នោះ គឺ ២៖ អំពី​បែបបទ​ចូល ចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ៖ *) ភ្ញៀវ​ទេសចរ​ដែល​បើកបរ​ដោយ​ខ្លួនឯង (Self Driving Tours) មាន​បំណង​ចូល​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន នាំ​ចូល​បណ្តោះអាសន្ន និង​ចេញ​ទៅ​វិញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​នានា​ទូ​ទាំង​ប្រទេស អាច​បំពេញ​ប្រតិវេទន៍​គយ​សង្ខេប សម្រាប់​មធ្យោបាយ​ធ្វើ​ដំណើរ​ចូល​-​ចេញ​បណ្តោះអាសន្ន​របស់​ភ្ញៀវ​ទេសចរ (Summary declaration form for temporary entry-exit of conveyance of tourists) ជាមួយ​មន្ត្រី​គយ​ច្រក​ទ្វារ​តែ​ម្តង​។ និង *) ភ្ញៀវ​ទេសចរ​មិន​ចាំបាច់​បង់ប្រាក់​និមុត្តិ​ធានា (Deposit) និង​ថ្លៃ​ធានា​រ៉ាប់រង​ឡើយ​។

​សូម​រម្លឹក​ថា​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​កម្ពុជា​ឲ្យ​បាន​ច្រើន​ជា​លំដាប់ ជា​ពិសេស​គឺ​ការ​ផ្តោត​ការ​ទាក់ទាញ​ទេសចរ​ចិន​តែ​ម្តង ជាក់ស្តែង​ចំនួន​ជនជាតិ​ចិន​មក​ទស្សនា និង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០១៨ កន្លង​មក បាន​ចំនួន​ប្រមាណ​ជាង ២​លាន​នាក់ កើនឡើង​៦៧ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៧​។ ដែល​ក្នុង​នោះ​នា​ឆ្នាំ ២០១៨ កន្លង​មក​ទេសចរ​ជនជាតិ​ចិន បាន​ម​កម្ពុជា​មាន​រហូត​ជាង ២​លាន​នាក់ តាម​ពីក្រោយ​ដោយ​ទេសចរ​វៀតណាម​មាន ៨០​ម៉ឺន​នាក់ ឡាវ​ជាង ៤២ ម៉ឺន​នាក់ ថៃ​ជាង ៣៨​ម៉ឺន នាក់ កូរ៉េ ៣០​ម៉ឺន​នាក់ សហរដ្ឋអាមេរិក ២៥​ម៉ឺន​នាក់ ជប៉ុន​២១ ម៉ឺន​នាក់ ម៉ា​ឡេ​ស៊ី ២០​ម៉ឺន​នាក់ បារាំង ១៧​ម៉ឺន​នាក់ និង​អង់គ្លេស​១៦​ម៉ឺន​នាក់​។ ក្នុង​នោះ​ដែរ ពួក​គេ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស សរុប​ជាង ៤​លាន​នាក់ ខណៈ​ផ្លូវគោក និង​ផ្លូវទឹក​មាន​ចំនួន​សរុប​ជាង ២​លាន​នាក់​។ ​

ជាង​នេះ​ទៅ​ទៀត​ពាក់​ព័​ន្ធឹ​នឹង​ការ​ពង្រឹង​វិស័យ​ទេសចរណ៍ ដែល​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង​របស់​កម្ពុជា​នោះ គឺ​កម្ពុជា​បាន​កំណត់​គោលដៅ​ទាក់ទាញ​ទេសចរ​បរទេស​នៅ​ឆ្នាំ​២០២០​ខាង​មុខ​ដោយ​កម្ពុជា​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ ៣ លាន​នាក់ ហើយនឹង​កើនឡើង​ដល់ ៥ លាន​នាក់​នៅ ឆ្នាំ ២០២៥ និង ៨ លាន​នាក់​នៅ​ឆ្នាំ ២០៣០​។

ហេតុ​ដូច្នេះ​ហើយ​ទើប​ក្រសួង​ពាក់ព័ន្ធ​ខិតខំ​លុប​បំបាត់​នូវ​របាំង​មួយ​ចំនួន​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​បរទេស ក៏​ដូច​ជា​ការ​បង្កើត​នូវ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​បន្ថែម​ទៀត ក្រៅពី​តំបន់​អង្គរ ខេត្តសៀមរាប​នោះ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ