ហុង ភា​រិ​ន ​បង្ហាញ​សមត្ថភាព​​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ នៅប្រទេស​ថៃ​


រាជធានី​ភ្នំពេញ​៖ យុវជន​ដែល​កំពុង​តែ​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​មហាជន​ពី​ទេព​កោសល្យ​ពូកែ​ចង​ចាំ​បំផុត​លោក​ហុង ភា​រិ​ន បាន​បង្ហាញ​ជំហរ​នឹង​វិល​មក​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា បន្ទាប់​ពី​លោក​រៀន​ចប់​ថ្នាក់អនុបណ្ឌិត នៅ​ប្រទេស​ថៃ ។ តើ​យុវជន​ខ្មែរ​រូប​នេះ​នឹង​ចូលសញ្ជាតិ​ថៃ ហើយ​រស់នៅ​ទីនោះ មិន​យកចំណេះ​ដឹង​មក​ចូលរួម​កសាង​មាតុភូមិ​របស់​ខ្លួន ឬ ?

លោក​ហុង ភា​រិ​ន ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ២០១៩ បាន​បង្ហាញ​​ក្ដី​សប្បាយ​រីករាយ​ចំពោះ​ការ​កោតសរសើរ និង​គាំទ្រ​ពី​ជនរួមជាតិ​ខ្មែរ ចំពោះ​ការ​បង្ហាញ​សមត្ថភាព​នៅ​ក្នុង​កម្មវិធី​មួយ​នៅ​ប្រ​ទស​ថៃ​នោះ ។ លោក​ថា «​ខ្ញុំ​មិន​ដែល​នឹក​ស្មាន​ទទួល​បា​នការ​គាំទ្រ និង​ល្បីល្បាញ​ដូច​ពេល​នេះ​ទេ ដោយសារ​តែ​អំឡុង​ពេល​ចូល​បង្ហាញ​សមត្ថភាព​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​របស់​ថៃ​នោះ ខ្ញុំ​គ្រាន់តែ​ចង់​ដឹង​ពី​សមត្ថភាព​នៃ​ការ​ចង​ចាំ​របស់​ខ្លួន​ប៉ុណ្ណោះ »​។

លោក​បាន​មើល​កម្មវិធី​មួយ​នោះ ហើយ​បាន​បង្ហាញ​បំណង​ចង់​ចូលរួម បើ​ទោះបីជា​ការ​បង្ហាញ​សមត្ថភាព​របស់​លោក​នា​ពេល​នោះ​មិនសូវ​ចំ​កម្មវិធី​ដែល​គេ​បាន​រៀបចំ​ក៏​ដោយ ប៉ុន្តែ​គេ​បាន​អនុញ្ញាត​ដើម្បី​ឲ្យ​លោក​បាន​ចូលរួម​លេង ។

បើ​តាម​លោក​ហុង ភា​រិ​ន ការ​សម្រេចចិត្ត​ចូលរួម​លេង​ក្នុង​កម្មវិធី​នោះ ក្រៅពី​ចង់​ដឹង​ពី​សមត្ថភាព​ដែល​លោក​មាន​នោះ លោក​ក៏​មាន​បំណង​ចង់​បង្ហាញ​សមត្ថភាព​ក្នុង​នាម​ជា​យុវជន​ខ្មែរ​មួយ​រូប និង​អាច​បាន​រង្វាន់​ជា​សៀវភៅអាន​ជា​ច្រើន​ដែល​កម្មវិធី​ផ្តល់​ឲ្យ​សម្រាប់​ចែក​ជូន​ដល់​កុមារ​ដែល​កំពុង​សិក្សា ។

ហុង ភា​រិ​ន បញ្ជាក់​ថា​ការ​ចង​ចាំ​របស់​លោក​នេះ​គឺជា​ជំនាញ​ផ្ទាល់ខ្លួន​របស់​លោក បើ​ទោះបីជា​ប្រាជ្ញា​នៃ​ការ​ចង​ចាំ​របស់​លោក​ហាក់​មិនសូវ​ត្រូវ​ជំនាញ​ផ្នែក​អភិវឌ្ឍ​ជនបទ​ដែល​លោក​កំពុង​តែ​សិក្សា​បច្ចុប្បន្ន​នេះ​ក៏​ដោយ ។ ក្នុង​ពេល​ដែល​លោក​កំពុង​តែ​សិក្សា​ដែល​ទទួល​បាន​អាហារូប​ករណ៍​ពី​ប្រទេស​ថៃ​នេះ​ក៏​ដោយ ប៉ុន្តែ​លោក​នៅ​តែ​មាន​មហិច្ឆតា​នឹង​បន្ត​ថ្នាក់អនុបណ្ឌិត​លើ​ជំនាញ​ដដែល ហើយ​លោក​នឹង​វិល​មក​ចូលរួម​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​វិញ ក្រោយ​បញ្ចប់​ការ​សិក្សា ។

និស្សិត​ខ្មែរ​ដ៏​មាន​ទេព​កោសល្យ​រូប​នេះ​បាន​បដិសេធ​ការ​លេចឮ​ព័ត៌មាន​ថា​«​លោក​ត្រូវ​ប្រទេស​ថៃ​អនុញ្ញាត​ឲ្យ​ចូលសញ្ជាតិ ធ្វើ​ឲ្យ​បាត់​ឱកាស​វិល​មក​ប្រទេស​កម្ពុជា​វិញ »​។

ក្នុង​វ័យ​២៣​ឆ្នាំ យុវជន​ហុង ភា​រិ​ន ជា​កូន​អ្នកស្រុក​ចម្ការលើ ខេត្តកំពង់ចាម ។ លោក​បាន​ខិតខំ​តស៊ូ​រៀនសូត្រ​ជាមួយ​ការ​បីបាច់​ថែរក្សា​ពី​ម្តាយ ដែល​បាន​លែងលះ​គ្នា​ជាមួយ​ឪពុក​របស់​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ រៀន​ត្រឹម​ថ្នាក់​ទី​៩ នៅ​ខេត្តកំពង់ចាម យុវ​វ​ជន​រូប​នេះ​បាន​រសាត់​ខ្លួន​មក​បន្ត​ការ​សិក្សា​ថ្នាក់​ទី​១០ នៅ​វិទ្យាល័យ​បាក់​ទូក មុន​ពេល​ដែល​លោក​បាន​ចូល​រៀន​ថ្នាក់​មហាវិទ្យាល័យ​នៅ​សាលា​ន័​រ​តុ​ន ។

រៀន​មហាវិទ្យាល័យ​ត្រឹម​ឆ្នាំ​ទី​២ ដោយសារ​បញ្ហា​ជីវភាព ហុង ភា​រិ​ន បាន​ដាក់​ពាក្យ​ប្រឡង​យក​អាហារូបករណ៍ បាន​ជាប់​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ថៃ​នា​ឆ្នាំ​២០១៦ ។ បច្ចុប្បន្ន​លោក​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​រ៉ា​ឆា​ផាត់​ឆៃ​យ៉ា​ភូមិ ក្នុង​ប្រទេស​ថៃ ។

យុវជន​ហុង ភា​រិ​ន បាន​ចូលរួម​លេង និង បង្ហាញ​សមត្ថភាព​ពិសេស​ទាក់ទង​ទៅ​នឹង​ការ​ចង​ចាំ​តួលេខ រូបភាព ក៏​ដូច​ជា​ថ្ងៃខែ​នៅ​លើ​ប្រតិទិន ក្នុង​កម្មវិធី​ដ៏​ល្បី​មួយ​ក្នុង​ប្រទេស​ថៃ «Super 100» ដោយ​រូបគេ​បាន​សាង​ភាព​ភាព​ភ្ញាក់ផ្អើល និង​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង រហូត​មានការ​កោត​សរសើរ​មិន​ដាច់​ពី​មាត់​នូវ​សមត្ថភាព​ក៏​កម្រ​រក​មាន​នេះ ។ បន្ថែម​ពីលើ​នោះ​ទៀត ការ​ចង​ចាំ​លេខ​រៀង​ពេល​កម្មវិធី​តម្រូវ​ឱ្យ​មាន​សន្លឹក​បៀ​៥២​សន្លឹក ដោយ​លោក​មើល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ហើយ​ឱ្យ​លោក​បិទ​ភ្នែក និង ឆ្លើយ​សន្លឹក​បៀ​តាម​លេខ​រៀង លោក​ក៏​នៅ​តែ​ឆ្លើយ​ត្រូវ​មិន​ឱ្យ​ខុស​សូ​ម្បី​មួយ​សន្លឹក ។

អ្វី​ដែល​ពិសេស​ខ្លាំង​រហូត​មានការ​ភ្ញាក់ផ្អើល​នោះ គឺ​យុវជន​ហុង ភា​រិ​ន អាច​ចង​ចាំ​ថ្ងៃ ខែ ឆ្នាំ​ក្នុង​ប្រតិទិន​បាន​យ៉ាង​ល្អ​បំផុត រហូត​ដល់​៧០០​ឆ្នាំ ទាំង​ក្នុង​អតីតកាល និង​អនាគតកាល ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ