ប្រាសាទទន្លេស្ងួត​ទ្រុឌទ្រោម រុះរើ​ថ្ម​ដើម្បី​ជួសជុល​ឡើង​វិញ


ខេត្តសៀមរាប​៖ ប្រាសាទទន្លេស្ងួត គឺជា​មន្ទីរពេទ្យ​បុរាណ​កសាង​ឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ នា​ចុង​ស​.​វ​ទី​១២ និង​ដើម​ទី​១៣​។ បច្ចុប្បន្ន​ប្រាសាទ​នេះ​រង​ការ​ខូចខាត​ជា​ខ្លាំង ដែល​អ្នក​ជំនាញ​​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​កាត់​យក​ចេញ​នូវ​ដើមឈើ​ដែល​ដុះ​លើ​តួ​ប្រាសាទ និង​ដំណើរ​ការ​រុះរើ​ថ្ម​ប្រាសាទទន្លេស្ងួត ដើម្បី​អភិរក្ស​និង​ជួសជុល​ពង្រឹង​ឡើង​វិញ ។

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃ​ទី​៣ សីហា ២០១៩ ផ្សាយ​ថា តាម​ការ​បញ្ជាក់​របស់​លោក​ជា សា​រិ​ទ្ធិ ប្រធាន​ការដ្ឋាន​ជួសជុល​ប្រាសាទទន្លេស្ងួត​និង​ជា​បុរាណ​​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​ឱ្យ​ដឹង​ថា ប្រាសាទ​នេះ​មាន​ស្ថានភាព​ទ្រុឌទ្រោម​ខ្លាំង ដោយសារ​ទឹក រុក្ខជាតិ គុណភាព​សម្ភារ និង​អាយុកាល​របស់​សំណង់ ។ ថ្ម​គ្រឹះ​ពុក​ផុយ ស្រុត និង​តួ​ប្រាសាទ​ទ្រេត​ខ្លាំង ថ្ម​ជញ្ជាំង​រំកិល​ចេញពី​ទីតាំង​ដើម និយាយ​រួម គឺ​ប្រាង្គ​ប្រាសាទ​បាត់បង់​លំនឹង​ស្ទើរតែ​ទាំងស្រុង ។

យោង​តាម​អនុសាសន៍​ក្រុម​អ្នកជំនាញ ad hoc របស់​អង្គការ​យូ​ណេ​ស្កូ (UNESCO) ក្នុង​កិច្ចប្រជុំ ICC- Angkor នា​សម័យប្រជុំ​បច្ចេកទេស​លើក​ទី​២៩ កាលពី​ថ្ងៃ​ទី​១៣ ធ្នូ ឆ្នាំ​២០១៧ ត្រង់​ចំណុច​ទី​១០ តម្រូវ​ឱ្យ​រុះរើ​ថ្ម​ប្រាសាទ​ទាំងស្រុង ដើម្បី​ជួសជុល​ពង្រឹង​គ្រឹះ បន្ទាប់​មក​ត្រូវ​រៀប​ផ្គុំ​ប្រាង្គ​ប្រាសាទទន្លេស្ងួត​ឡើង​វិញ (Anastylosis)​។

លោក​ជា សា​រិ​ទ្ធិ បញ្ជាក់​ថា មាន​តែ​វិធី​នេះ​ម្យ៉ាង​គត់​ដើម្បី​អភិរក្ស និង​ជួសជុល​ប្រាសាទទន្លេស្ងួត ដែល​រង​នូវ​សភាព​ទ្រុឌទ្រោម​ខ្លាំង ។

ក្នុង​នោះ​ដែរ ដំណើរ​អភិរក្ស​ដំណាក់កាល​ទី​១ ផ្តោត​លើ​ការ​ចុះបញ្ជី​ថ្ម​រាយ​ប៉ាយ ស្វែងរក​ថ្ម​បាត់ និង​រៀប​សាកល្បង កំណាយ​សម្អាត​កំណក​ដី សម្រង់​ប្លង់ ដក​យក​ចេញ​ដើមឈើ​លើ​ប្រាសាទ និង​រុះរើ​ថ្ម ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៩ ហើយ​រូបរាង​នៃ​ប្រាង្គ​ប្រាសាទ​ក៏​នឹង​លេច​រូបរាង​ឡើង​វិញ​ជា​ថ្មី​នៅ​ចុងឆ្នាំ​២០២០​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ