ផលវិបាក ក្រោយ​កង្វះ​ជាតិ​កាល់ស្យូម​


ក្រៅពី​ជួយ​ឱ្យ​ឆ្អឹង​រឹង​មាំ​ហើយ​នោះ កាល់ស្យូម​ក៏​សំខាន់​សម្រាប់​សុខភាព​រាង​កាយ​ទាំងមូល​រួម​ទាំង​ក្រចក ធ្មេញ​សាច់ដុំ និង​សូ​ម្បី​តែ​ប្រព័ន្ធ​ភាពស៊ាំ​។ ថា​តើ​កង្វះ​ជាតិ​កាល់ស្យូម​បង្ក​បញ្ហា​សុខភាព​អ្វី​ខ្លះទៅ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផលវិបាក​នៃ​កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​រាង​កាយ ៖

១. ជំងឺ​ពុក​ឆ្អឹង ៖ ស្ថានភាព​នៃ​ជំងឺ​នេះ​ត្រូវ​បាន​សម្គាល់​ដោយ​ការ​ចុះ​ខ្សោយ​នៃ​ឆ្អឹង ក៏​ព្រោះតែ​ការ​បាត់បង់​នូវ​ជាលិកា​ឆ្អឹង​។ ជំងឺ​ពុក​ឆ្អឹង អាច​ធ្វើ​ឲ្យ​ឆ្អឹង​ងាយ​បាក់ ទោះបីជា​បណ្ដាល​មក​ពី​ការ​ប៉ះ​ទង្គិច​​ស្រាល​ៗ​ក៏​ដោយ​។ ដើម្បី​ទប់ស្កាត់​បញ្ហា​គួរ​ឲ្យ​បារម្ភ​នេះ វា​ជា​ការ​សំខាន់​ណាស់​ដែល​អ្នក​គួរ​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម និង​កុំ​ភ្លេច​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​ផង​។

២. ឈឺចាប់​រមួល​សាច់ដុំ ៖ នោះ​ក៏​ព្រោះតែ​ការ​រមួល​សាច់ដុំ​កំភួនជើង ដើមដៃ ឬ​ក្លៀក​ភាគ​ដែល​ភាគច្រើន​កើតឡើង​នៅ​ពេល​យប់​អាច​ជា​រោគ​សញ្ញា​ដំបូង​មួយ​នៃ​កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​រាង​កាយ​។

៣. ក្រចក​ផុយ​ស្រួយ​ឆាប់​បាក់ ៖ ការ​បន្ថែម​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ក្នុង​របប​អាហារ​​ប្រចាំ​ថ្ងៃ គឺ​ចាំបាច់​ណាស់ ប្រសិនបើ​អ្នក​ចង់​ជៀស​ផុត​ពី​បញ្ហា​ក្រចក​ផុយ​ស្រួយ​ឆាប់​បាក់​។ ក៏​ដូច​ទៅ​នឹង​ឆ្អឹង​ដែរ ក្រចក​រឹង​មាំ​បាន​ប៉ុណ្ណា គឺ​ពឹងផ្អែក​លើ​ជាតិ​កាល់ស្យូម​ដែល​ទទួល​បាន​។

៤. គេង​មិន​លក់ ៖ ជឿ ឬ​អត់ថា អ្នក​អាច​នឹង​ជួប​ប្រទះ​បញ្ហា​ជំងឺ​គេង​មិន​លក់ ប្រសិនបើ​អ្នក​មិន​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​។ ទោះបីជា​ពេល​ខ្លះ​កង្វះ​ជាតិ​កាល់ស្យូម​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ដំណេក ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​អ្នក​គ្មាន​កម្លាំង​ពេញ​លេញ​ឡើង​វិញ​នៅ​ព្រឹក​បន្ទាប់​។

៥. រមួល​សាច់ដុំ ៖ ជា​ពិសេស​ប្រសិនបើ​អ្នក​ចូល​ចិត្ត​ធ្វើ​លំ​ហាត់ប្រាណ​រត់​ត្រឹក​ៗ ហែល​ទឹក ឬ​ជិះ​កង់ ការ​រមួល​សាច់ដុំ គឺជា​អ្វី​ដែល​អ្នក​មិន​ចង់ឱ្យ​កើតឡើង​។ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​កង្វះ​នៃ​ជាតិ​កាល់ស្យូម​អាច​ធ្វើ​ឲ្យ​សាច់ដុំ​ងាយ​នឹង​រមួល ឬ​ឈឺចាប់? លើស​ពី​នេះ​ទៅ​ទៀត​កង្វះ​នៃ​ជាតិ​កាល់ស្យូម​ក្នុង​របប​អាហារ​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ហត់នឿយ និង​ឈឺចាប់​។

៦. អស់កម្លាំង ៖ មាន​អារម្មណ៍​អស់កម្លាំង​ល្ហិតល្ហៃ​សឹង​គ្រប់ពេល​មែន​ទេ? អ្នក​ប្រហែលជា​ត្រូវការ​ជាតិ​កាល់ស្យូម​បន្ថែម​ហើយ​។ អ្នក​ដែល​ជួប​ប្រទះ​បញ្ហា​នៃ​កង្វះ​ជាតិ​កាល់ស្យូម​ងាយ​នឹង​មាន​អារម្មណ៍​ថា​អស់កម្លាំង​មែនទែន​។

៧. រដូវ​មក​មិន​ទៀង ៖ អ្នកជំនាញ​ជា​ច្រើន​និយាយ​ថា​ស្ត្រី​ដែល​ជួប​ប្រទះ​បញ្ហា​នៃ​កង្វះ​ជាតិ​កាល់​ស្យូម គឺ​ងាយ​ទទួល​រង​បញ្ហា​មក​រដូវ​មិន​ទៀង​។ លើស​ពី​នេះ​ទៅ​ទៀត​ពួក​គេ​អាច​នឹង​ជួប​ប្រទះ​នូវ​ហានិភ័យ​នៃ​ការ​ហូរ​ឈាម​ច្រើន ក៏​ដូច​ជា​ការ​ឈឺចាប់​មុន​ពេល​មក​រដូវ​។

៨. ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ ៖ កាល់ស្យូម គឺជា​សារធាតុចិញ្ចឹម​ដ៏​ចាំបាច់​មួយ​សម្រាប់​រក្សា​បាន​នូវ​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ​ខ្លាំងក្លា​។ ប្រសិនបើ​អ្នក​ឧស្សាហ៍​កើត​ជំងឺ​ផ្ដាសាយ គ្រុនផ្ដាសាយ ក្អក អា​ឡែក​ស៊ី ហើយ​ងាយ​ឆ្លង​មេរោគ​ផ្សេង​ៗ​នោះ ចូរ​ចាប់ផ្ដើម​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ជា​ប្រចាំ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ