កំណើត​សិល្បៈ​របាំ​សហ​សម័យ​នៅ​កម្ពុជា


រាជធានី​ភ្នំពេញ ​៖ ​របាំ​សហ​សម័យ ជា​ទម្រង់​របាំ​ថ្មី​មួយ​ដែល​បាន​ហូរ​ចូល​មក​ប្រទេស​កម្ពុ​ជានា​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ តាម​រយៈ​កម្មវិធី​ផ្លាស់​ប្ដូរ​នានា​រវាង​សិល្បករ​កម្ពុជា និង​បរទេស ។

ចាប់ពី​ពេល​នោះ​មក​ទម្រង់​របាំ​សហ​សម័យ ក៏​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អ្នកជំនាញ និង​អ្នក​របាំ​ខ្មែរ រហូត​ដល់​ពេល ថ្មី​ៗ​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​រៀប​ចំការ​កម្មវិធី​ប្រកួត​ស្នាដៃ​របាំ​សហ​សម័យ​ថ្នាក់​ជាតិ​ជា​លើក​ដំបូង ។

បើ​តាម​ការ​បកស្រាយ​របស់​អ្នកជំនាញ​របាំ អ្នកគ្រូ​ជ័យ ចន្ទ​កិ​ត្យា និង​អ្នកគ្រូ​ជុំ វណ្ណ​សូ​ដា​ជីវី ទៅ​លើ​និយម​ន័យ «​សហ​សម័យ​» មាន​ន័យ​ថា ភាព​ឆ្លង​គ្នា​នៃ​សម័យកាល ភាព​ចម្រុះ​គ្នា​នៃ​រឿងរ៉ាវ បរិយាកាស​ជុំវិញ​ខ្លួន​យើង​ដែល​កំពុង​តែ​កើត​មាន​ឡើង ។ ដូច្នេះ​ហើយ​ទើប​ក្នុង «​របាំ​សហ​សម័យ​» មានរឿង​រ៉ាវ និង​បច្ចេកទេស​រាំ ព្រមទាំង​ធាតុ​ផ្សំ​បង្កើត ខុស​ៗ​គ្នា ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ទទួល​អារម្មណ៍​ថា ស្នាដៃ​របាំ​សហ​ម័​យ មាន​លាយ​បញ្ចូល​ទម្រង់​ចម្រុះ រួម​មាន​ក្បាច់​បុរាណ សម័យ ទាំង​កាយវិការ​សម្ដែង សំឡេង និង​ភ្លេង សុទ្ធតែ​មាន​លក្ខណៈ​ពិសេស​ប្លែក​ផ្ទុយ​ស្រឡះ​ពី​របាំ​បុរាណ របាំ​ប្រពៃណី និង​របាំ​ប្រជាប្រិយ ។

គេ​អាច​កត់សម្គាល់ របាំ​សហ​សម័យ បាន​យ៉ាង​ងាយ​ដោយ​ផ្អែក​លើ​ចំណុច​មូលដ្ឋាន​មួយ​ចំនួន​ដូច​ជា​៖

១-​ចលនា​ក្បាច់​រាំ​៖ ក្បាច់​រាំ និង​ទឹកមុខ​មាន​ភាព​សេរី​ជាង ដោយ​អ្នក​រាំ​អាច​ធ្វើ​ចលនា​គ្រប់​បែប​យ៉ាង​នៅ​លើ​ឆាក​ដោយ​ពុំ​ចាំបាច់​ឲ្យ​មាន​ភាព​ដូច​គ្នា​ជាមួយ​អ្នក​រាំ​ផ្សេង​ទៀត ហើយ​ក៏​ពុំ​មានការ​បែងចែក​ថា នេះ​ជា​កាយវិការ​តួអង្គ​ប្រុស ឬ​ស្រី​ដូច​របាំ​បុរាណ និង​ប្រពៃណី​ឡើយ ។ អ្នក​រាំ​ក៏​អាច​ពោល ឬ​ច្រៀង​ដោយ​ខ្លួនឯង ស្រែក ឬ​មិន​និយាយ​អ្វី​ទាំងអស់​ក៏​បាន​។

២-​ការ​តុបតែង​ខ្លួន​៖ ការ​ជ្រើស​រើ​សម្លៀក​បំពាក់ ឬ​ការ​តុបតែង​មុខ គឺ​អាស្រ័យ​តាម​គោលបំណង​របាំ ពុំ​មានការ​កំណត់​ជាក់លាក់​ដូច​ជា​ត្រូវ​ប្រើ​ក្បិន សំពត់​ចរបាប់ សម្លៀក​បំពាក់​មាន​គ្រឿង​តុបតែង​លម្អ​ច្រើន ឬ​គ្រឿងអលង្កា​នោះ​ទេ​។ តែ​គេ​អាច​ប្រើ​ផ្នែក​ខ្លះ​នៃ​គ្រឿង​ទាំងនោះ ដូច​ជា​មានការ​បញ្ចូល​ស្បៃ​របាំ​ជាដើម ។

៣-​ភ្លេង​កំដរ​របាំ​៖ ក្រុម​របាំ​អាច​ច្នៃ​បទ ឬ​បង្កើត​ថ្មី​សម្រាប់​ស្នាដៃ នីមួយ​ៗ​បាន ដោយ​ថត​ទុក ឬ​លេង​ផ្ទាល់ ហើយ​ឧបករណ៍​ភ្លេង​មាន​ទាំង​បុរាណ និង​សម័យ មាន​ចម្រៀង​ខ្លះ ពោល​ខ្លះ ឬ​អាច​ជា​សំឡេង​ធម្មជាតិ ដូច​ជា​សំឡេង​ទឹក​រលក ខ្យល់ ភ្លៀង ផ្គរ រន្ទះ ឬ​ថែម​ទាំង​មានការ​បញ្ចាំង​ផ្ទាំង​ទេសភាព ឬ​រូប​ជា​ជំនួយ​ផង​ដែរ​។

៤-​សាច់​រឿង​៖ របាំ​សហ​សម័យ​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ជាក់ស្ដែង​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ដោយ​លើក​យក​បញ្ហា​ណាមួយ​ដែល​កំពុង​កើត​មាន​ក្នុង​សង្គម​មក​ដាក់​លើ​ឆាក ហើយ​បង្ហាញ​តាម​ក្បាច់​រាំ និង​ចោទ​ជា​សំនួរ​ទៅ​កាន់​ទស្សនិកជន ក្នុង​គោលបំណង​ពញ្ញាក់​ស្មារតី​ឲ្យ​ចាប់អារម្មណ៍​បញ្ហា​នោះ និង​ចាប់ផ្ដើម​គិត​ស៊ីជម្រៅ ។ នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ ក៏​មាន​ក្រុម​សិល្បៈ​ជា​ច្រើន​កំពុង​រៀបចំ​កម្មវិធី​សម្ដែង​របាំ​សហ​សម័យ​នៅ​តាម​ទីតាំង​នានា ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​សាធា​រណជន​បាន​ទទួល​បទ​ពិសោធន៍​ដោយ​ផ្ទាល់​អំពី​ផ្ទាំងទស្សនីយភាព​បែប​ថ្មី​នេះ ។

ជាក់ស្ដែង​នា​ខែវិច្ឆិកា​ខាង​មុខ​នេះ នឹង​មានការ​សម្ដែង​របាំ​សហ​សម័យ «​ក្ដី​ស្រមៃ​» រៀបចំ​ឡើង​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ក្នុង​មហោស្រព «​សិល្បៈ​ដើម្បី​សន្តិភាព​» ពី​ថ្ងៃ​ទី​១៤ ដល់​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ