មេឃុំ​កោះមិត្ត​ប្រាប់​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​សត្វ​អ​សិរ​ពិស​ខាំ ឫ​ចឹក​ក្នុង​រដូវ​ទឹកជំនន់​នេះ


ខេត្តកំពង់ចាម ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៦ កញ្ញា​នេះ​កម្ពស់​ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង​ដល់​១៤,៦៥​ម៉ែត្រ កាន់តែ​កៀក​ទៅ​នឹង​ចំនុច​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​១៥,២០​ម៉ែត្រ ហើយដោយ​បាន​ធ្វើ​ឲ្យ​ផ្លូវ​បេតុង និង​ភូមិឋាន​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​ទឹកទន្លេ​នោះ ។ ហើយ​អាជ្ញាធរ​ក៏​បាន​ណែនាំ​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​សត្វ​អ​សិរ​ពិស និង​ក្មេង​ៗ​ចាស់ជរា​មិន​ត្រូវ​ធ្វេសប្រហែស​ចៀសវាង​កុំ​ឲ្យ​លង់ទឹក ។

កសិករ​ឈ្មោះ ណ​យ ណាត វ័យ​៦៧​ឆ្នាំ នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​កោះមិត្ត​ប្រាប់​ថា នៅ​ក្រោមផ្ទះ​របស់​គាត់​ទឹកទន្លេ​មេគង្គ​បាន​ចាប់ផ្តើម​ឡើង​មក​លិច​លើ​ស្នង​ជើង យប់​ថ្ងៃ​ទី​០៥ កញ្ញា ដោយ​មិន​ទាន់​បាន​ដឹកគោ​ចំនួន​០៣​ក្បាល​យក​មក​កាន់​ទីទួល​សុវត្ថិភាព​នូវ​ឡើ​ទេ ។ ហើយ​នៅ​ព្រឹក​ព្រលឹម​ឡើង រួម​ជាមួយនឹង​អ្នក​ភូមិ​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង​មក​ច្រូតស្មៅ​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​ជិត​២​គីឡូម៉ែត្រ ហើយ​ក្នុង​១​ថ្ងៃ​ត្រូវ​ច្រូត​២​លើក គឺ​ព្រឹក និង​ល្ងាច​ឲ្យ​គោ​ស៊ី ។

កសិករ ណ​យ ណាត រំលឹក​ថា កាលពី​ឆ្នាំ​២០១៨ កន្លង​ទៅ​ផ្លូវ​បេតុង​មុខ​ផ្ទះ​ត្រូវ​បាន​ទឹក​ឡើង​មក​លិច​ត្រឹម​ទ្រូង​មនុស្ស​ចាស់ ហើយ​ស្មៅ​ក្នុងភូមិ​វិញ​មិន​មាន​នោះ​ទេ​ត្រូវ​បាន​ទឹក​លិច​អស់ ត្រូវ​ជិះ​គោ​យន្ត​មក​ច្រូត​នៅ​នៅ​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ជាមួយនឹង​គេ​៣​ទៅ​៤​នាក់ ហើយ​ឲ្យ​ប្រាក់​ឈ្មួ​ល​ថ្លៃ​ជិះ​ចំនួន​៥០០០​រៀល ។ ក្នុង​រយៈពេល​២​ខែ​ទឹកបាន​ចាប់ផ្តើម​ស្រក​ជា​បណ្តើរ​ៗ ហើយ​គាត់​មិន​បាន​ប្រកប​របរ​អ្វី​នោះ​ទេ ដោយ​រវល់​ច្រូតស្មៅ​ឲ្យ​គោ អាង​ទឹក​ស្រក​ទៅ​វិញ​នឹង​ខិតខំ​ដាំ​ដុះ​បង្កបង្កើន​ផល​ដោះស្រាយ​ជីវភាព​គ្រួសារ ។

លោក វ៉ែន នាង មេឃុំ​កោះមិត្ត​វិញ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ផ្លូវ​បេតុង​ក្នុងភូមិ​ស្វាយ​ជ្រុំ​ត្រូវ​បាន​ទឹក​លិច​ប្រវែង​១៧០០​ម៉ែត្រ លិច​ផលដំណាំ​៣០​ហិ​កតា ក្នុង​នោះ​មាន អំពៅ ពោត និង​ក្រូច ទឹក​លិច​ក្រោមផ្ទះ​ចំនួន​១០៧​ខ្នង ភូមិ​កំពង់​ត្រុំ​លិច​ចំនួន​១១​ផ្ទះ បាន​ច្រាំង​ទន្លេ​ទទឹង​១៥​ម៉ែត្រ និង​បណ្តោយ​១០០​ទៅ​១៥០​ម៉ែត្រ ក្នុង​នោះ​មាន​លំនៅ​ឋាន​ដែល​ត្រូវ​ប្រឈម និង​ការ​រុះរើ​ចំនួន​២​ខ្នង ។

លោក​មេឃុំ​កោះមិត្ត​មាន​ប្រសាសន៍​បន្ត​ថា សូ​ម្បី​តែ​សាលាឃុំ​កោះមិត្ត​ក៏​ត្រូវ​បាន​ទឹក​លិច​ត្រឹម​ជង្គង់​មនុស្ស​ចាស់ ហើយ​រូប​លោក និង​មន្ត្រី​ផ្សេង​ទៀត​ត្រូវ​បាន​នាំ​គ្នា​ដើរ​លុយ​ទឹក​មក​ធ្វើការ​ដោយ​មាន​ភាព​ចម្លែក​ក្នុង​ឆ្នាំ​២០១៩​នេះ គឺ​ក្នុង​ខែកញ្ញា​ទើប​ទឹកទន្លេ​ឡើង​មក​លិច ហើយ​ថែម​ទាំង​ឡើង​លឿន​ទៀត កាល​ឆ្នាំ​កន្លង​ទៅ​ក្នុង​ខែកក្កដា និង​សីហា​ទឹកបាន​ចាប់ផ្តើម​ឡើង​មក​លិច ។

ក្នុង​នាម​អាជ្ញាធរ​សូម​អំពាវនាវ​ដល់​ប្រជាជន​ក្នុង​ឃុំ​កោះមិត្ត និង​នៅ​កន្លែង​ទៀត​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ព្រោះថា ទឹក​ឡើង​មក​អាច​មាន​សត្វ​អ​សិរ​ពិស ហើយ​ក្មេង​តូច​ៗ និង​ចាស់ជរា​ក៏​ត្រូវ​មើលថែ​រក្សា​ឲ្យ​បាន​ដិត​ដល់​ចៀសវាង​លង់ទឹក​គ្រោះថ្នាក់​ដល់​អាយុជីវិត បើ​មាន​ជំងឺ​ត្រូវ​ប្រញាប់​នាំ​មក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ជា​បន្ទាន់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ