ព្យុះ​ DORIAN ​កំពុង​ប៉ះពាល់​ដល់​ឆ្នេរ​សមុទ្រ​​អា​មេ​រិ​កហើយ


សហរដ្ឋអាមេរិក ៖ ព្យុះសង្ឃរា​DORIAN ដែល​បាន​ថមថយ​កម្លាំង​មក​ជា​ព្យុះ​ប្រភេទ​ទី​២ នា​ថ្ងៃ​ទី​៥​ កញ្ញា ​បាន​រំកិល​ខ្លួន កាន់តែ​ជិត​ដល់​ឆ្នេរសមុទ្រ​ខាងកើត​របស់​សហរដ្ឋអាមេរិក ជាមួយ​ខ្យល់​បោកបក់​ខ្លាំង​និង​ភ្លៀង​ធ្លាក់​ខ្លាំង នាំ​ឲ្យ​មាន​គ្រោះថ្នាក់​នៃ​ទឹកជំនន់​សម្លាប់​មនុស្ស​។

ក្នុង​ព្រឹត្តិ​ប័ត្រ​របស់​ខ្លួន មជ្ឈមណ្ឌល​ជាតិ​ខ្យល់ព្យុះ​អា​មេ​រិ​ក​NHC បាន​ចេញ​ការ​ព្រមាន​ពី​ទឹកជោរ​ជន់​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ពី​ខ្យល់​បោក​បង់​ខ្លាំង​និង​ភ្លៀង​ធ្លាក់​ខ្លាំង លើ​ផ្នែក​នានា​នៃ​រដ្ឋ​ការ៉ូ​លី​ន​ខាងត្បូង​និង​ការ៉ូ​លី​ន​ខាងជើង​។

ចាត់ទុកជា​ព្យុះសង្ឃរា​ខ្លាំង​ជាងគេ​បំផុត​កម្រិត​ទី​៥ ពេល​វាយប្រហារ​លើ​បា​ហា​ម៉ា​ព្យុះ​DORIAN​បន្ទាប់​មក បាន​ចុះ​ថមថយ​កម្លាំង​មក​ជា​ព្យុះ​កម្រិត​ទី​២ ជាមួយ​ល្បឿ​ង​ខ្យល់​ជាង​១៧៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ ទោះបីជា​ខ្យល់​បោកបក់​មិនសូវ​ខ្លាំង​តែ​ព្យុះ​នេះ​នៅ​តែ​មាន​គ្រោះថ្នាក់​។ នេះ​បើ​តាម​ការ​ព្យាករណ៍​ឧតុនិយម​។

វា​រំកិល​ខ្លួន​មក​ក្បែរ​រដ្ឋ​ផ្ល​រី​ដា​នា​យប់​ថ្ងៃ​ទី​៤​កញ្ញា មុន​ពេល​បោកបក់​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ភាគ​អាគ្នេយ៍​សហរដ្ឋអាមេរិក​និង​រដ្ឋ​ច​ច​ជៀ ការ៉ូ​លី​ន​ខាងត្បូង​និង​ការ៉ូ​លី​ន​ខាងជើង​។ រដ្ឋ​ការ៉ូ​លី​ន​ទាំង​២​អាច​មាន​គ្រោះថ្នាក់​នៃ​ទឹក​ជន់​លិច​ជាមួយ​ភ្លៀង​ធ្លាក់​ខ្លាំង​និង​រលក​សមុទ្រ​ធំ​ៗ​។ មនុស្ស​ជា​ច្រើន​ពាន់​នាក់​ទទួលបញ្ជា​ឲ្យ​ជម្លៀស​ចេញ ពី​បណ្ដា​តំបន់​រង​ការ​គំរាមកំហែង​។

នៅ​ក្រុង​CHARLESTON​ខ្យល់​បាន​បោកបក់​ខ្លាំង​និង​មាន​រលក​ធំ​ៗ​បោក​លើ​ទីក្រុង​ទេសចរណ៍​នោះ នា​ភាគ​ខាងត្បូង​អា​មេ​រិ​ក​។ វិ​ថី​នានា ត្រូវ​ទឹក​ជន់​លិច​។ តែ​ជា​រួម​ទីក្រុង​នោះ​ហាក់ដូចជា​មិន​ត្រូវ​ព្យុះ​បោក​ចំ​។ បោកបក់​កាន់តែ​ជិត​ដល់​ឆ្នេរសមុទ្រ​អា​មេ​រិ​ក​ប្រកបដោយ​គ្រោះថ្នាក់ ព្យុះ​DORIAN បាន​បង្ក​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​បំផុត​លើ​បា​ហា​ម៉ា​ដែល​នៅ​ទីនោះ​មាន​មនុស្ស​ស្លាប់​ឡើង​ដល់​៣០​នាក់​ហើយ​។ អ​.​ស​.​ប​បាន​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​៤​កញ្ញា​ថា មនុស្ស​ប្រមាណ​ជា​៧០.០០០​នាក់​ត្រូវការ​ជំនួយ​សង្គ្រោះ​បន្ទាន់​នៅ​បា​ហា​ម៉ា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ