ចាប់​ម៉ូតូ​អត់​ពន្ធ​ចំនួន​៣៣​គ្រឿង​ចេញពី​ឃ្លាំង​ធំ​ៗ​ចំនួន​២​ក្នុង​ខេត្ត


ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​សាខា​គយ និង​រដ្ឋ​ករ​ខេត្តក្រចេះ ក្រោម​ការ​ដឹកនាំ​ពី​លោក​ជា សុ ភ័ក្ត្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា​នេះ​បាន​បើក​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​ទីតាំង​ទិញ​លក់​ម៉ូតូ​តាម​ឃ្លាំង​ៗ​ធំ​ក្នុង​ខេត្ត និង​រឹបអូស​បាន​ម៉ូតូ​គ្មាន​ពន្ធ​នាំ​ជាង​៣០​គ្រឿង ។

ក្រុម​មន្ត្រី​និយាយ​ថា មាន​ម៉ូតូ​យ៉ាង​ហោច​៣៣​គ្រឿង ជា​ម៉ូតូ​ខុសច្បាប់​គ្មាន​ពន្ធ​នាំ​ចូល​ត្រូវ​បាន ធ្វើ​ស្រាវជ្រាវ​ចាប់​រឹបអូស​ចេញពី​តាម​ឃ្លាំង​ទិញ​លក់​ម៉ូតូ​ធំ​ៗ​ចំនួន​២ នៅ​ក្នុង​ខេត្តក្រចេះ ។
ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ លោក ជា សុ​ភ័ក្ត្រ បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រោម​ការ ណែនាំ​ពី​លោក កែវ សុ​ជាតិ ព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្ត គឺ​សមត្ថកិច្ច និង​បន្ត​ស្រាវជ្រាវ​បង្ក្រាប​ម៉ូតូ​គ្មាន​ពន្ធ​បន្ត​ទៀត ដែល​មាន​ដាក់​លក់​លួចលាក់​នៅ​តាម​ឃ្លាំង​ម៉ូតូ​នានា​នៅ​ក្នុង​ខេត្ត ។

បើ​តាម​លោក​ព្រះរាជអាជ្ញា​រង​បាន​បញ្ជាក់​ថា ម៉ូតូ​ទាំង​ចំនួន​៣៣​គ្រឿង​ដែល​រឹបអូស​ចេញពី ឃ្លាំង​ចំនួន​២​កន្លែង​ធំ​ៗ​ក្នុង​ខេត្ត​នេះ គឺ​ត្រូវ​នាំ​ទៅ​រក្សា​ទុក​នៅ​សាខា​គយ​និង​រដ្ឋ​ករ​រង់ចាំ​បន្ត​នីតិ​ធី ។

តាម​ប្រភព​ព័ត៌មាន​បាន​និយាយ​ឲ្យ​ដឹង​ថា ម៉ូតូ​ចំនួន​រាប់រយ​គ្រឿង​ដែល​សុទ្ធ​គ្មាន​ពន្ធ​នាំ​ចូល​សុទ្ធ​សឹង​ជា​ប្រភេទ​ម៉ូតូ​ដែល​ផលិត​នៅ​ប្រទេស​វៀតណាម​ត្រូវ​បាន​ម្ចាស់​ឃ្លាំង​ប្រមូល​មក​ដាក់​លក់​យ៉ាង​ចំហ​រដាក់​តម្រៀប​ត្រៀបត្រា​នៅ​ក្នុង​ឃ្លាំង​ម៉ូតូ​ជា​ច្រើន​កន្លែង ក្នុង​ខេត្តក្រចេះ ។

ជាមួយ​គ្នា​នេះ​ក៏​មានការ​កត់សម្គាល់​ឃើញ​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់​នៃ​ការ​ចុះ​បោសសំអាត ម៉ូតូ​ខុសច្បាប់​គ្មាន​ពន្ធ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​មួយ ក្រោម​ការ​ដឹកនាំ​ពី​ស្ថាប័ន​អ្យការ​អម​សាលាដំបូង​ខេត្ត ខណៈ​កន្លង​មក​ជា​ច្រើន​ឆ្នាំ​មកនេះ មន្ត្រី​ជំនាញ​សាខា​គយ និង​រដ្ឋ​ករ​ខេត្ត បាន​សម្ងំ​មិន​ធ្លាប់​អើរ​ពើជាមួយ និង​វិធានការ​បង្ក្រាប​ម្តងណា​សោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ