លោក សម រ​ង្ស៊ី បង្ហាញ​ជំហរ​ចូល​ស្រុក តែ​អ្នកនាំពាក្យ CPP ថា ចូល​តាម​ច្រក​ណា​ក៏​ខ្នោះ​រក​ឃើញ​ដែរ


រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ជំហរ​នៅ​តែ​ចូល​មក​កម្ពុជា​វិញ​ដូច​គម្រោង​ទុក គឺ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាង​មុខ​នេះ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គូសបញ្ជាក់​ថា មក​តាម​ណា​ក៏​ត្រូវ​វៃ​ខ្នោះ​ដាក់គុក​ដែរ ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា​ថា ទោះបី​ទណ្ឌិត សម រ​ង្ស៊ី ឆ្លង​ចូល​តាម​ច្រកព្រំដែន​ណា​ក៏​ដោយ ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់ នៅ​តែ​ទទួល​ស្វាគមន៍​ដោយ​ខ្នោះដៃ​ក្រវាត់​ទៅ​ក្រោយ​តាម​ស្តង់ដា​អា​មេ​រិ​ក​ដដែល ។ ជាមួយ​គ្នា​នោះ​ដែរ លោក សុខ ឥ​សាន​ថា លោក​សម រ​ង្ស៊ី បាន​បង្កើត​ក្រុម​ជី​ហាត ដើម្បី​បង្កើត​បាតុភាព​ហិង្សា​ធ្ងន់ធ្ងរ ក្នុង​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ដែល​ខ្លួន​ប្រកាស​ថា ចូល​ស្រុក​នោះ ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់​បាន​បង្កើត​ក្រុម​មេជី​ហាត​របស់​ខ្លួន នៅ​តាម​បណ្តា​ខេត្ត ដោយ​ក្នុង​មួយ​ខេត្ត គេ​ផ្តល់​លុយ​១០០០០​ដុល្លារ ដែល​ក្នុង​ម្នាក់​បាន​ទទួល​របប​១០០​ដុល្លារ ក្នុង​ការ​ស្លាប់​ជំនួស​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់ ។

ចំណែក​លោក សម រ​ង្ស៊ី បាន​លើក​ឡើង​លើ បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​០៧ ខែកញ្ញា បាន​ស្គាល់​ការ​និរទេស​ខ្លួន​យូរអង្វែង​មក​ហើយ ។ វា​ជា​ការ​ឈឺចាប់​មួយ​ក្នុង​ជីវិត​របស់ខ្ញុំ តែ​វា​គ្រាន់បើ​ជាង​ការ ត្រូវ​គេ​លួច​សម្លាប់ ឬ​ការ​ត្រូវ​គេ​ចាប់​ដាក់គុក​ដែល​ជា​វាសនា​ជៀស​មិន​ផុត​របស់​មេដឹកនាំ​គណ បក្ស​ប្រឆាំង​នៅ​កម្ពុជា​មក​ដល់​ពេល​នេះ ។ លោក​បន្ថែម​ខ្ញុំ​ត្រូវ​វិល​ត្រឡប់​ទៅ​ប្រទេស​ខ្ញុំ​វិញ ដើម្បី​ថែរក្សា និង​ពង្រឹង​អ្វី​ដែល​ខ្ញុំ​បាន​កសាង​រួច​មក​ហើយ ក្នុង​នោះ​មានការ​បង្កើត​សារព័ត៌មាន​ប្រឆាំង​មុនគេ​បង្អស់​ការ​បំផុស​ឲ្យ​មាន​បាតុកម្ម​មហាជន​មុនគេ​បង្អស់ ដើម្បី​ទាមទារ​សេរីភាព និង​យុត្តិធម៌​សង្គម​ការ​រៀបចំ​ឲ្យ​មាន​កូដកម្ម​កម្មករ​មុនគេ​បង្អស់ នៅ​តាម​រោងចក្រ​នានា​ការ​បង្កើត​សហជីព​សេរី​មុនគេ​បង្អស់​សម្រាប់​កម្មករ​ខ្មែរ និង​ការ​បង្កើត​គណបក្សប្រឆាំង​មុនគេ​បង្អស់ ដែល​មាន​តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា ។ លោក​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​បាន​យក​ថ្ងៃ​ទី ០៩ វិច្ឆិកា​ខាង​មុខ​នេះ ធ្វើ​ជា​ថ្ងៃ​មាតុភូមិនិវត្តន៍​របស់ខ្ញុំ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ