ប្រតិបត្តិការ​មិន​ទាន់​បញ្ចប់​…​ខណៈ​កំពុង​នៅ​សួរ​បន្ត​លើ​ពួក​អ្នកលេង​ចិន


ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា គិតដល់ល្ងាចថ្ងៃទី០៨ កញ្ញា សមត្ថកិច្ច​នៅកំពុង​ធ្វើការ​
សាក​​​សួរ​​លើជនជាតិចិននៅឡើយ ។ ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើប​​បឋម​ថា ​​តាម​ការ​សាក​សួរ​ជំហានដំបូង​ ​អាច​សន្និដ្ឋាន​​ថា អាចជាប់ពាក់ព័ន្ធ​ករណី​ហិង្សា​ និង​បង្ខាំង​មនុស្ស​ខុសច្បាប់ ដែល​ប្រព្រឹត្តិ លើជនជាតិ​ចិនគ្នាឯង ។

គួរបញ្ជាក់ថា ជន​ជាតិចិន​១៦​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ដោយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កាលពី​វេលា​ម៉ោងជាង​២១​ថ្ងៃ​ទី​៧ កញ្ញា ហើយ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់ ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ​ព័ត៌មាន បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ នៅ​ក្នុង​កាស៊ីណូ​យីហោ​មេ​ចេ​ស្ទីដែល​​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ជា​កាស៊ីណូ​អត់​ច្បាប់​ក្រោយ​ពេល​ជាតិចិន​២​ក្រុម​បាន​ប្រទូស្ត​រ៉ាយ​គ្នា​នៅ​ខាង​មុខ​កាស៊ីណូ ។

ជុំវិញ​ការ​ឃាត់ខ្លួន​ជនជាតិ​ចិន​នេះ ត្រូវ​បាន​នគរបាល​បង្ហើប​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ជូន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ក្រោយ​ពី​មាន​សេច​ក្កី​រាយការណ៍​ថា​ឃើញ​ជនជាតិ​ចិន​ពីរ​ក្រុម​បាន​វាយតប់​គ្នា​យ៉ាង​សាហាវ​និង​យ៉ាង​អនាធិបតេយ្យ​ធ្វើ​ដូច​ស្រុក​អត់​ច្បាប់​នៅ​មុខ​កាស៊ីណូ​រួច​មក ។

ក្រោយ​ពេល​ដែល​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ធ្វើ​អន្តរាគមន៍​ចូល​ទៅ​ឆែកឆេរ​ខាងក្នុង​កាស៊ីណូ​មេ​ចេ​ស្ទី ក៏​បានឃើញ​ជនជាតិ​ចិន​៤​នាក់ ជា​បុរស​ទាំងអស់ ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ជាតិចិន​ដូច​គ្នា​វាយ​ខ្នោះដៃ​ទៅ​ក្រោយ និង​បង្ខាំង ឃុំ​ទុក​នៅ​ក្នុង​បន្ទប់​ការិយាល័យ​នៃ​កាស៊ីណូ​មេ​ចេ​ស្ទី ដោយ​មិនដឹង​ពី​មូលហេតុ និង​មាន​ជនសង្ស័យ​៣​នាក់ ដែល​យាម​មើល​ជន​រង​គ្រោះ​ក្នុង​បន្ទប់​នោះ​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ដែរ ។ រីឯ​ជន​រង​គ្រោះជា​ជនជាតិ​ចិន​៩​នាក់​ផ្សេង​ទៀត ក្នុង​នោះ​ស្រី្ត​៦​នាក់ ត្រូវ​ក្រុម​ជនសង្ស័យ​បង្ខាំង​ទុក​នៅ​ក្នុង​បរិវេណ​កាស៊ីណូ មិន​ឱ្យ​ចេញ​ក្រៅ ។

បន្ទាប់​ពី​ធ្វើការ​ឆែកឆេរ បាន​រក​ឃើញ​ដំបង​ឆក់​ចំនួន​២​គ្រឿង កាំ​ប៉ិត​២​ដើម កាំភ្លើងខ្លី​១​ដើម ម៉ាក SIGS​AUER ពណ៌​ខ្មៅ បង់​កាំភ្លើង​១ គ្រាប់​មាន​២៥​គ្រាប់ ប្រអប់​ដាក់​កាំភ្លើងខ្លី​ចំនួន​៣​ប្រអប់ ក្នុង​នោះ​មាន​បង់​កាំភ្លើង​ចំនួន​២ តែ​មិន​មាន​កាំភ្លើង​ទេ ។ បន្ទាប់​ពី​រំដោះ​បាន​ជន​រង​គ្រោះ និង​ធ្វើការ​ឆែកឆេរ​រួច​មក កម្លាំង​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​សរុប​ចំនួន​១៦​នាក់ ។

គួរ​ឱ្យ​ភ្ញាក់ផ្អើល​ផង​ដែរ ស្រាប់តែ​ពេល​នេះ​ដឹង​ថា​ទីតាំង​កាស៊ីណូ​មេ​ចេ​ស្ទី​នេះ គឺ​មិន​មានច្បាប់​អនុញ្ញាត​ឱ្យ​បើក​អាជីវកម្ម​ទេ ហើយ​ករណី​នេះ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កំពុង​បន្ត​នីតិវិធី ៕​ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ