រកឃើញហើយ! ក្មេង​​គួរ​ឱ្យអាណិតត្រូវ​ទឹក​កួចយកទៅ​បាត់អស់៣ថ្ងៃ​


ខេត្តព្រះវិហារ ៖ អស់​រយៈពេល​៣​ថ្ងៃ​ហើយ ដែល​ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​ម្នាក់ ត្រូវ​ទឹក​ហូរ​កួច​យក​ទៅ​បាត់​រួម​ទាំង​ម៉ូតូ​មួយ​គ្រឿង​ផង​នោះ នៅ​ចំណុច​ទឹកធ្លាក់​បុស្ស​ស្បូវ លើ​ភ្នំ​ដងរែក ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​តេ​ជោ​បុស្ស​ស្បូវ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ហើយ​ត្រូវ​បាន​ឪពុក​ប្រទះ​ឃើញ​សព និង​ម៉ូតូ​មួយ​គ្រឿង​ក្បែរ​ថ្ម​មួយ​កន្លែង​ចម្ងាយ​ពី​កន្លែង​កើតហេតុ​ប្រមាណ​ជា​២០០​ម៉ែត្រ កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ។ គួររំលឹកថា រសាត់​តាម​ទឹក​ទៅ​ដល់​ណា​ហើយ​កូនប្រុស?

លោក​ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន នាយ​សេនាធិការដ្ឋាន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា កុមា​រា​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​គង់ រត​នះ​កាន់​តា អាយុ​២​ឆ្នាំ មាន​ឪពុក​ឈ្មោះ គង់ សុវណ្ណ​ថា​រី អាយុ​៣៨​ឆ្នាំ ជា​យោធា​នៅ​លើ​ភ្នំ​ដងរែក ភូមិសាស្ត្រ​បុស្ស​ស្បូវ ព្រំដែន​កម្ពុជា​-​ថៃ និង​ម្តាយ​ឈ្មោះ ឡៃ ថៃ អាយុ​២៤​ឆ្នាំ ។

លោក​ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន បាន​បន្ត​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​ដែល​បាន​បាត់​ខ្លួន​ដោយសារ​ទឹក​ហូរ​កួច​​ធ្លាក់​តាម​ទឹកជ្រោះ​បុស្ស​ស្បូវ​នោះ ត្រូវ​បាន​ឪពុក​ប្រទះ​ឃើញ​សព​កូន​ស្លាប់​យ៉ាង​អាណា​ច​អាធ័ម និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ក្បែរ​ថ្ម​មួយ​កន្លែង ចម្ងាយ​ពី​កន្លែង​កើតហេតុ​ប្រមាណ​ជា​២០០​ម៉ែត្រ ។

លោក​ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន បាន​បន្ត​ឱ្យ​ដឹង​ថា ក្រោយ​កើត​មាន​គ្រោះ​អកុសល​ខាងលើ​នេះ សមត្ថកិច្ច​បាន​សហការ​ជាមួយ​យោធា និង​ក្រុម​គ្រួសារ​ក្មេង​រង​គ្រោះ ដើម្បី​តាម​រក​សព​កុមា​រា​ដែល​បាត់​ខ្លួន​ដោយ​សារ​ទឹក​​ហូរ​កួច​យក​ទៅ​បាត់ លុះ​រហូត​មក​ដល់​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ទើប​ឪពុក​ប្រទះ​ឃើញ​សព ហើយ​បន្ទាប់​មក​ក៏​បាន​យកស​ពកូន​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៩ ខណៈ​ដែល​កុមា​រា​រង​គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​ជាមួយ​ឪពុក​ម្តាយ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទំនប់​បង្ហៀ​ទឹក​តេ​ជោ​បុស្ស​ស្បូវ ក៏​ជួប​គ្រោះ​អក​សុល ដោយសារ​ទឹក​ហូរ​កួច​ខ្លាំង​ធ្វើ​អោយ​ដួល​ម៉ូតូ បណ្តាល​ឱ្យ​ស្ត្រី​ជា​ម្តាយ​បោក​នឹង​ថ្ម​សន្លប់​បាត់ស្មារតី ខណៈ​កំពុង​អោប​កូន​ក៏​របូតដៃ ហើយ​ក៏​ត្រូវ​ទឹក​ហូរ​កួច​ទាំង​កូន និង​ម៉ូតូ​មួយ​គ្រឿង​យក​ទៅ​បាត់​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ