បង្ខំ​ទារ​ថ្លៃទឹកដោះ​៣​ពាន់​ដុល្លារ​…​កាប់​ប្រហារ​អនាគត​ឪពុក​-​ម្តាយក្មេក​ស្លាប់


​​ខេត្តតាកែវ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៧ កញ្ញា នៅ​ចំណុច​ភូមិ​ព្រៃ​តា​ឡូយ ឃុំ​ត្រពាំង​គ្រញូង ស្រុក​ត្រាំកក់ មាន​អំពើ​មនុស្សឃាត​យ៉ាង​សាហាវ​សម្លាប់​ប្តី​-​ប្រពន្ធ​ចំណាស់​ដោយ​ការ​កាប់​ប្រហារ​នឹង​កាំបិត ដែល​បង្ក​ដោយ​ជនសង្ស័យ​​ម្នាក់​ឈ្មោះ យឹ​ម វ៉ា​ន់​ដា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីកន្លែង​កំណើត​ភូមិ​វាល​ម្អម ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ។

បច្ចុប្បន្ន សង្ស័យ​រូប​នេះ​បាន​មក​ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ ព្រោះ​អនាគត​ត្រូវជា​កូនប្រសា របស់​ជន​រង​គ្រោះ ។ ជន​កំណាច​ប្រដាប់​ដោយ​កាំបិត​ខ្វែវ​បាន​កាប់​ទៅ​លើ​ឈ្មោះ សេង គ្រុ​ត ភេទ​ប្រុស អាយុ​៦០​ឆ្នាំ និង​ស្ត្រី​ឈ្មោះ សេង អ៊ុំ អាយុ​៥៥​ឆ្នាំ (​ប្តី​ប្រពន្ធ​) ដោយ​ម្នាក់​ៗ​ត្រូវជា​ច្រើន​កាំបិត​ចំ​ក ផ្ទៃមុខ និង​ស្មា​ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ទាំង​ពីរ​នាក់ ។

ក្រោយ​កាប់សម្លាប់​អនាគត​ឪពុក​ម្តាយក្មេក​ហើយ ជនសង្ស័យ​បាន​អូស​សាកសព​យក​ទៅ​ទុក​ចោល​ក្នុង​ស្រែ​ខាងជើង​ផ្ទះ​ចម្ងាយ​ប្រមាណ​៤៥​ម៉ែត្រ ។ បានជា​ជនសង្ស័យ​ចិត្តដាច់​លប​កាប់សម្លាប់​អនាគត​ឪពុក​ក្មេក​ម្តាយក្មេក​នោះ មូលហេតុ​ដោយសារ​ខឹង​រឿង​សន្សំ​លុយ​ថ្លៃទឹកដោះ​និ​ប​គ្រប់ ។ ក្រោយ​ពេល​ជន​សង្ស័យ​កាប់​ប្រហារ​ជន​រង​គ្រោះ​ហើយ យប់​នោះ​ក៏​គេ​មិន​បាន​គេចខ្លួន​ទៅ​ណា​ដែរ លុះដល់​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា ទើបត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង​កសាង​សំណុំរឿង​តាម​នីតិវិធី ។

លោក ឌុ​ច ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់​បានអោយ​ដឹង​ថា ជន​ដៃដល់​មានឈ្មោះ យឹ​ម វ៉ា​ន់​ដា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ត្រូវជា​គូ​ដណ្ដឹង​កូនស្រី​របស់​ជន​រង​គ្រោះ ។ មុន​ពេល​កើតហេតុ​នេះ ​ភាគី​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ដោយ​កំណត់​កាលបរិច្ឆេទ​ថ្ងែ​រៀប​មង្គលការ​ ដោយ​សម្រេច​យក​ថ្ងៃក្រោយ​ភ្ជុំបិណ្ឌ​រួច ។ គ្រានោះ​ មេបា​ខាង​កូនក្រមុំ​បាន​កំណត់​ទារប្រាក់​ថ្លៃទឹកដោះ​ចំនួន​៣០០០​ដុល្លារ ។

តាម​ការ​សួរនាំ​របស់​សមត្ថកិច្ច ជន​ដៃដល់​កំណាច​បាន​សារភាព​ថា មូលហេតុ​ដែល​ឈាន​ដល់​ការ​សម្លាប់​អនាគត​ឪពុក​ម្តាយក្មេក​បែប​នេះ បណ្តាល​មក​ពី​ខឹង​នឹង​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្ដី​-​ប្រពន្ធ​ ដែល​បាន​ទារ​លុយ​ថ្លៃទឹកដោះ​ពី​ខ្លួន​ចំនួន​៣០០០​ដុល្លារ​ដាច់​ណាត់​ពេក ។ ជន​ដៃដល់​បាន​សារភាព​ថា ខ្លួន​បាន​រស់នៅ​ក្នុងផ្ទះ​ម៉ែឪ​ក្មេក​នេះ​ជា​ធម្មតា ដោយ​ខិតខំ​សន្សំ​ប្រាក់​ប្រគល់​ឱ្យ​ម៉ែឪ​ក្មេក​ទុកដាក់ ។ ថ្ងៃមួយ​នោះ ម្តាយក្មេក​បាន​បូក​ប្រាក់​ដែល​សន្សំ​ពី​ជីក​ទំពាំង​លក់ បាន​ប្រមាណ​មួយ​ពាន់​ដុល្លារ និង​បូក​ថ្លៃ​ទូរស័ព្ទ​ជាង​មួយ​រយ​ដុល្លារ​ទៀត គឺ​បាន​តែ​ជាង​មួយ​ពាន់​ដុល្លារ​ប៉ុណ្ណោះ ។ ចំណែក​ម្តាយក្មេក​នៅ​តែ​និយាយ​ថា ត្រូវ​តែ​រក​ប្រាក់​ឱ្យ​បាន​បី​ពាន់​ដុល្លារ ទើប​ព្រម ពេល​នេះ​បាន​តែ​ជាង​មួយ​ពាន់​ទេ ព្រមទាំង​ចេះ​តែ​ទារប្រាក់​មិន​ឈប់​ឈរ​សោះ ។

លោក​វរសេនីយ៍ សែ​ម សុ​ជាតិ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បានឱ្យ​ដឹងផង​ដែរ​ថា នៅ​ពេល​នេះ​ជន​ដៃដល់ ជំនាញ​របស់​យើង​កំពុង​តែ​កសាង​សំណំ​ុ​រឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​១០ កញ្ញា ដើម្បី​វិនិច្ឆ័យ​។ តាម​ទោស​កំហុស​នេះ ជន​បាតដៃ​ប្រឡាក់​ឈាម​គេច​មិន​រួច​ពី​ដេក​គុក​១​ជីវិត​នោះ​ទេ ។

បើ​តាម​ចម្លើយ​សារភាព​របស់​ជន​ដៃដល់​បាន​និយាយ​ថា នារី​ជា​គូ​ដណ្តឹង​ឈ្មោះ សាយ គី​ម អាយុ​២២​ឆ្នាំ ។ ចំពោះការ​ទំនាក់ទំនង​ឈាន​ដល់​ស្រឡាញ់​គ្នា ​គឺ​ក្នុង​ឆ្នាំ​២០១៧ រូប​ខ្លួន​មានការ​ច្រឡំ​លេខ​ទូរស័ព្ទ លុះ​បាន​រយៈពេល​ជាង​២​ខែ រូបគេ​ក៏​មក​ជួប​គ្នា ។ ហើយ​ក៏​មានការ​ចេញចូល​ទៅ​មក​ជា​ធម្មតា ។ លុះដល់​ឆ្នាំ​២០១៨ ខ្លួន​ក៏​បាន​មក​រស់នៅ​ផ្ទះ​ជាមួយ​គ្នា តែ​មិន​ដេក​នៅ​ជាមួយ​គ្នា​ទេ ដោយ​រូបគេ​ដេក​ដោយ​ខ្លួន ហើយ​នៅ​ពេល​ថ្ងៃ ពួក​គេ​បាន​ដើរ​រក​ជីក​ត្រពាំង​យក​ទៅ​លក់​សន្សំ​លុយ​ដើម្បី​រៀប​ការ ។ ការ​សន្សំ​លុយ​នោះ បើ​បាន​ច្រើន​បន្តិច​ដូច​ជា៥០០​ដុល្លារ​ឬ​៧០០​ដុល្លារ​ឱ្យ​ម្តាយ​នាង​ទុក​ម្តង ហើយ​ក៏​បន្ត​ប្រកប​របរ​លក់​ត្រពាំង​បាន​លុយ​សន្សំ​ឱ្យទៅ​ម្តាយ​ខាង​ស្រី​រៀង​រហូត​មក ។

ជន​នេះ​និយាយ​ទៀត​ថា នៅ​ថ្ងៃ​ទី​៧ កញ្ញា ២០១៩ កន្លង​ទៅ​នេះ រូបគេ​ចង់​ដឹង​ថា ​តើ​លុយ​សន្សំ​បាន​គ្រប់​៣០០០​ដុល្លារ​ជា​ថ្លៃទឹកដោះ​ហើយ​ឬ​នៅ ក៏​ឱ្យ​ម្តាយ​ខាង​ស្រី​បូក​លុយ​ទៅ​ឃើញ​មាន​លុយ​តែ​១០០០​ដុល្លារ​បូក​នឹង​ទូរស័ព្ទ​របស់​គេ​តម្លៃ​១៥០​ដុល្លារ​ទៀត​បាន​លុយ​តែ​១១៥០​ដុល្លា​ទេ បើ​មិន​គ្រប់​៣០០០​ដុល្លារ គឺ​រៀប​ការ​មិន​បាន​ទេ ។ ពេល​ឮ​បែប​នេះ​ រូបគេ​ក៏​បាន​រៀប​ផែនការសម្លាប់​ចោល​តែ​ម្តង ។

លុះដល់​វេលា​ម៉ោង​ខាងលើ​ ក៏​បាន​យក​កាំបិត​ខ្វែវ​កាប់សម្លាប់​តែ​ម្តង ​ព្រោះតែ​លុយ​ខំ​រក​បានឱ្យ​ទុក​រហូត នៅ​តែ​ថា​លុយ​មិន​ទាន់​គ្រប់​ទៀត ។ ជន​ដៃដល់​រូប​នេះ ​ក៏​បាន​ធ្លោយ​ឱ្យ​ដឹង​ដែរ​ថា រូប​ខ្លួន​មាន​ប្រពន្ធ​ហើយ​មាន​ទាំង​កូន​ម្នាក់​នៅ​ស្រុក​កំណើត​មិនមែន​នៅ​លីវ​ទេ ​។ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ