ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ​កើនឡើង​ជាង​៧% ខណៈ​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​ថៃ​កើន​ជាង៥១%


រាជធានី​ភ្នំពេញ​៖ ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ គិត​ត្រឹម​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៩​នេះ មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ៤.១៥៤​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​មានការ​ឡើង​ជាង​៧% ប្រើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ ដែល​មាន​ត្រឹមតែ ៣.៨៧៥​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​ផ្តល់​ដោយ​មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​។

របាយការណ៍​ដដែល​បាន​គូសបញ្ជាក់​ថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៩​នេះ ថៃ​នាំ​ចូល​ពី​កម្ពុជា​មាន​ទឹកប្រាក់​ជាង ៦៨៤​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​រហូត​ដល់​ជាង​៥១% ខណៈ​ថៃ​នាំ​ចូល​កាលពី​ឆ្នាំ​២០១៨​មាន​ទំហំ​ទឹកប្រាក់​ជាង​៤៥០​លាន​ដុល្លារ​អា​មេ​រិ​ក​តែប៉ុណ្ណោះ​។ ចំណែក​ថៃ​នាំ​ចេញ​មក​កម្ពុជា​មាន​ទឹកប្រាក់​ជាង​៣.៤៦៩,៦១​លាន​ដុល្លារអា​មេ​រិ​ក​កើនឡើង​តែ​១,៣០% ខណៈ​នៅ​ឆ្នាំ​២០១៨​មាន​៣.៤២៥,២១​លាន​ដុល្លារ​អា​មេ​រិ​ក​។

​ប្រភព​ដដែល​បាន​គូសបញ្ជាក់​ថា កាល​ឆ្នាំ​២០១៦ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​និង​ថៃ មាន​ទឹកប្រាក់ ៥.៦០៩,៤៨​លាន​ដុល្លារ​អា​មេ​រិ​ក​កើន​តែ​០,២១%, ឆ្នាំ​២០១៧​មាន ៦.១៨៨,៧៦​លាន​ដុល្លារ​អា​មេ​រិ​ក​កើន​១០,៣៣% និង​ឆ្នាំ​២០១៨​មាន​៨.៣៨៧,៩៧​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​៣៥,៥៤%​។ ការ​ធ្វើ​ពាណិជ្ជកម្ម​រួម​រវាង​កម្ពុជា និង​ថៃ​នៅ​ពេល​កន្លង​មក​ក៏​ដូច​ជា​នៅ​ពេល​បច្ចុប្បន្ន​នេះ​កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ភាគច្រើន​ជា​ទំនិញកសិផល ហើយ​ការ​នាំ​ចេញ​កន្លង​មក​មាន​បញ្ហា​មួយ​ចំនួន​តែ​មក​ដល់​សព្វ​ថ្ងៃនេះ​ប្រទេសទាំង​ពីរ​បាន​បង្កើត​ក្រុម​ចាំ​ជួយ​សម្របសម្រួល​លើ​ការ​នាំ​ចេញ​។

លោក ស៊ា​ង ថៃ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ៩ ខែកញ្ញា​ម្សិលមិញ​នេះ​ថា «​កន្លង​ទៅ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​តែង​មាន​យន្តការ​មួយ​ចំនួន​ដើម្បី​ឱ្យ​ការ​នាំ​ចេញ​មាន​កំណើន​ទៅ​ប្រទេស​ថៃ​ឱ្យ​មាន​ភាព​ងាយស្រួល ហើយ​ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ភាគច្រើន​ជា​កសិផល​។​ដូចនេះ​យើង​ខិតខំ​ព្យាយាម​ចរចារ​ជាមួយ​ភាគី​ថៃ ធ្វើ​យ៉ាងណា​ឱ្យ​ការ​នាំ​ចេញ​កសិផល​កម្ពុជា​ទៅ​ប្រទេស​ថៃ​បាន​ស្រួល​ជាង​ពេល​កន្លង​ទៅ​»​។ លោក​បាន​លើក​ឡើង​ថា កន្លង​ទៅ​ពាក់ព័ន្ធ​រឿង​ពោត ថៃ​មាន​កូតា​ដល់​កម្ពុជា​និង​ប្រទេស​ផ្សេង​ទៀត​។ យើង​បាន​ចរចារ​សម្របសម្រួល​ជាមួយ​ថៃ​(​គេ​)​ថា អ្នកឯង​ដាក់​កូតា​ទូទៅ​ហើយ​ប៉ុន្តែ​សម្រាប់​កម្ពុជា ថៃ​ជា​មិត្តភក្តិ​(​ប្រទេស​ជិតខាង​គ្នា​)​គួរ​មាន​វិធានការ​បន្ធូរបន្ថយ​ដើម្បី​ឱ្យ​ការ​នាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​ថៃ​បាន​ល្អ​ប្រសើរ​ជាងមុន​។​យើង​បាន​ចរចា​គ្នា ហើយ​កន្លង​ទៅ​ភាគី​នៃ​ប្រទេស​ទាំង​ពីរ​បាន​បង្កើត​ក្រុម​ដោះស្រាយ​មួយ បើ​មាន​បញ្ហា​អ្វីមួយ​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​មានការ​លំបាក​ណាមួយ ឱ្យ​មានការ​ទាក់ទង​គ្នា​តាម​អ្នកសម្របសម្រួល ហើយ​កន្លង​មក​យើង​បាន​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​បាន​»​។

លោក ស៊ា​ង​ថៃ បាន​បន្ត​ទៀត​ថា «​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ថៃ​នៅ​គ្រា​បន្ទាប់​យើង​សង្ឃឹមថានឹង​បន្ត​មានការ​រីក​ចម្រើន​ថែម​ទៀត ព្រោះ​ប្រទេស​កម្ពុជា ថៃ ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​គ្នា ហើយ​រាជរដ្ឋាភិបាល​មាន​ទំនាក់ទំនង​ល្អ​និង​ក្រសួង​ក៏​ដូច​ជា​វិស័យ​ឯកជន​ក៏​មាន​ទំនាក់​ទង​ល្អ​។​ដូច្នេះ​យើង​សង្ឃឹមថា​ទំហំ​ពាណិជ្ជកម្ម​របស់​យើង​នឹង​នៅ​មាន​ស្ទុះ​កើនឡើង​ថែម​ទៀត​»៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ