នាយក​រដ្ឋមន្ត្រី​ឡាវ​បាន​មក​ដល់​កម្ពុជា​ជា​ផ្លូវការ និង​មានការ​ជជែក​ពី​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ


រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ ។

លោកនាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១២-១៣ ខែកញ្ញា ឆ្នាំ​២០១៩ ។ ក្នុង​អំឡុង​ទស្សនកិច្ច​នេះ​លោកនាយក​រដ្ឋមន្ត្រី​ឡាវ​នឹង​ចូល​ជួប​សំដែង​ការ​គួរសម​ដាច់​ដោយឡែក​ពី​គ្នា​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ។

នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​នឹង​មាន​កិច្ចប្រជុំ​ទ្វេភាគី​ដែល​ផ្តោត​ការ​ពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេង​ៗ​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​បញ្ហា​ព្រំដែន ។ ក្រោយ​កិច្ចប្រជុំ​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន និង​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា ។

ក្នុងអំឡុងពេល​ស្នាក់​នៅ​រាជធានី​ភ្នំពេញ​លោកនាយក​រដ្ឋមន្ត្រី​ឡាវ​នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​នៅ​វិមាន​ឯករាជ្យ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​មណ្ឌប​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ នរោត្ដម​សីហ​នុ «​ព្រះ​បរម​រតន​កោដ្ឋ​» អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នៅ​កម្ពុជា​នឹង​រួមចំណែក​កាន់តែ​ប្រសើរ​ក្នុង​ការ​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​ដ៏​យូរលង់​សាមគ្គីភាព ភាតរភាព និង​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​រវាង​កម្ពុជា និង​ឡាវ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ