​ជ្រូក​​​ជាង​៣​ពាន់​ក្បាលត្រូវ​សង្គ្រោះភ្លាមៗ


ខេត្តព្រះវិហារ ៖ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ត្បែងមាន​​​ជ័យ ជួយ​សង្គ្រោះ​សត្វ​ជ្រូក​ប្រមាណ​ជាង​៣​ពាន់​ក្បាល​ នៅ​ក្នុង​កសិដ្ឋាន​មួយ​ឋិត​ក្នុងភូមិ​ស្រែ​ព្រាង ឃុំ​ប្រមេរ ស្រុកត្បែងមានជ័យ ដែល​កំពុង​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹកស្ទឹង​សែន នាំ​ទៅ​កាន់​ទីទួល​សុវត្ថិ ភាព​ជា​បណ្តោះអាសន្ន ។

ថ្លែងប្រាប់​អ្នក​សារព័ត៌​មាន នៅ​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា រយៈពេល​២​ថ្ងៃនេះ​ មន្ទីរ​ជំនាញ​បាន​សហការ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ ជួយ​សង្គ្រោះ​ភ្លាម​ៗ​ដល់​កសិដ្ឋាន ចិញ្ចឹម​ជ្រូក​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ស្រែ​ព្រាង ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ គិត​មក​ដល់​ថ្ងៃ​ទី​១០ កញ្ញា សត្វ​ជ្រូក​ចំនួន​ជាង​២​ពាន់​ក្បាល ដែល​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹកស្ទឹង​សែន​ថ្មី​ៗ​នេះ បាន​ជួយ​សង្គ្រោះ​មក​កាន់​ទី​សុវត្ថិភាព នឹង​សត្វ​ជ្រូក​មួយ​ចំនួន​ទៀត បាន​ដឹក​ទៅ​ចែកចាយ​តាម​បណ្តា​ខេត្ត តាម​ទី​សត្តឃាត​ផ្សេង​ៗ ។

តែ​ទោះជា​បែប​នេះ​ក្តី លោក​ថា ជ្រូក​មួយ​ចំនួន​ត្រូវ​បាន​បាត់​ទៅ​តាម​ទឹក ខណៈ​ពេល​ដែល​ក្រុមការងារ
​ជួយ​​សង្គ្រោះ​ដឹក​តាម​ទូក មក​កាន់​ទី​សុវត្ថិភាព មាន​ជ្រូក​ខ្លះ បាន​លោត​ចុះ​ពីលើ​ទូក​អណ្តែត​ទៅ​តាម​ទឹក​
មួយ​ចំនួន ។ លោក​បាន​បញ្ជាក់​ថា នៅ​សល់​ជ្រូក​២​រោង​ទៀត​មាន​ចំនួន​១២០០​ក្បាល ក្នុង​កសិដ្ឋាន ដដែល មិន​ទាន់​បាន​សង្គ្រោះ​នោះ​ទេ ព្រោះ​ទឹក​ពុំ​ទាន់​លិច​ដល់​រោង​នៅឡើយ តែ​លោក​ថា គិត​មក​ដល់​ពេល​នេះ​ទឹកបាន​ស្រក​បន្តិច​ម្តង​ៗ​ហើយ ។

មក​ដល់​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា មិន​ទាន់​ដឹង​ពី​ចំនួន​ជ្រូក​ពិតប្រាកដ​ដែល​បាត់​ពី​កសិដ្ឋាន​នៅឡើយ​ទេ ។ អាច​មាន​បាត់បង់​ខ្លះ​ ដែល​វា​ងាប់​ដោយ​ឈ្លក់ទឹក ​និង​លោត​ចេញពី​ទូក​អណ្តែត​ទៅ​តាម​ទឹក ប៉ុន្តែ​មិន​ច្រើន​ពេក​
ទេ ។

លោក ន​ន់ វ​ណ្ណី ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក បាន​សម្តែង​ការ​រីករាយ និង​អរគុណ​ដល់​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ ដែល​បាន​ជួយ​អន្តរាគមន៍​សង្គ្រោះ សត្វ​ជ្រូក​របស់​គាត់​ទាន់​ពេលវេលា ឲ្យ​រួច​ផុត​ពី​ការ​លិចលង់​ដោយ​មហន្តរាយ​ទឹកជំនន់​នេះ ជា​ពិសេស​ចៀស​ផុត​ពី​ការ​ខាតបង់​ដ៏​ធ្ងន់ធ្ងរ ។

សូម​បញ្ជាក់​ថា គិត​មក​ដល់​ថ្ងៃ​ទី​១១ កញ្ញា នេះ កម្ពស់​ទឹកស្ទឹង​សែន​បាន​ស្រក​ចុះ​មក​ត្រឹម​១៤,០៨​ម៉ែត្រ ។ ដោយឡែក ​ទឹក​ដែល​បែក​វាល​បាន​ជន់​លិចលង់​ស្រូវ​ស្រែ​ចម្ការ ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ក៏​កំពុង​ស្រក​ចុះ​ជា​បណ្តើ​ៗ​ហើយ ប្រ​សិន​អាកាសធាតុ មិន​មាន​ភ្លៀង​ធ្លាក់​បន្ត​ទៀត ទឹកនឹង​ស្រក​ទៅ​វិញ​ឆាប់​ៗ​នេះ ៕​ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ