ហ្វូង​ពស់ថ្លាន់​នាំ​គ្នា​ធ្វើ​ចោរលួច​ស៊ី​មាន់​…​ខណៈ​មនុស្ស​កំពុង​បារម្ភ


ខេត្តកំពត ៖ អ្នកស្រុក​នៅ​ភូមិ​ព្រៃ​កឹ​ក និង​ភូមិ​ភ្នំ​ខ្យង ក្នុង​ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច បាន​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​និង​ភ័យ​ខ្លាច​ផង​ដែរ ដោយសារ​ពស់ថ្លាន់​ធំ​ៗ​មក​ដេញចាប់មាន់​សុ​ី​ទាំងថ្ងៃទាំងយប់ ធ្វើ​ឱ្យ​ពួក​គាត់​ដែល​មាន​លំនៅ​ឋាន​ក្បែរ​ជើងភ្នំ​ក្រពើ មិន​អាច​រារាំង​បាន​ដោយសារ​តែ​ម្នាក់​ៗ​ភ័យ​ខ្លាច​មិន​ហ៊ាន​សម្លាប់​ពស់​ទាំងនោះ​ទេ ព្រោះតែ​មាន​ជំនឿ​ថា ខ្លាច​ដាក់ «​រាសី​ធ្លាក់​ចុះ​» ឬ​ត្រូវ​ប្រឈម​នឹង​ជំងឺ​ព្យាបាល​មិនជា

ដោយសារ​តែ​មាន​ជំនឿ​បែប​នេះ​ទើប​ម្នាក់​ៗ​មិន​ហ៊ាន​នាំ​គ្នា​វាយ​សម្លាប់​ពស់ថ្លាន់​ទាំងនោះ​ដោយ​ផ្ទាល់​ទេ តែ​បាន​ធ្វើ​សកម្មភាព​ដោយ​ប្រយោល បាន​ខ្លះ​ៗ​ដូច​ជា​ច្រក​ទឹក​ថ្នាំជក់ (​ថ្នាំខ្លាំង​) ដែល​ច្របាច់​យក​ទឹក​ច្រកចូល​មាត់​ពស់ ឬ​ចាក់​ប្រេង​ពីលើ​ហើយ​ដុត ដែល​ការ​សម្លាប់​បែប​នេះ ងាប់​ពស់ថ្លាន់​អស់​៥​ក្បាល​មក​ហើយ ដើម្បី​ការពារ​មាន់​និង​ខ្លាច​ឆាឆៅ​ដល់​មនុស្ស​ដោយ​ការ​លូន​ចូល​មក​នៅ​ក្នុងផ្ទះ ។

អ្នក​ភូមិ​ម្នាក់​ឈ្មោះ គង់ វន ភេទ​ប្រុស អាយុ​៥២​ឆាំ្ន នៅ​ភូមិ​ព្រៃ​កឹ​ក បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា​ថា សំបូរ​ណាស់​ពស់ថ្លាន់​ធំ​ៗ​ដេញចាប់​មាន់​អ្នក​ភូមិ​សុ​ី​ទាំង​ថ្ងៃ បើ​តាម​ដឹង​គ្រាន់តែ​ពស់ថ្លាន់​ចូល​សុ​ី​មាន់​អ្នក​ភូមិ​ស្ទើរតែ​ពាយ​ទៅ​ហើយ គឺ​ហ្វូង​ពស់ថ្លាន់​ទាំងនេះ​វា​លូន​ចុះ​ពី​ភ្នំ​ក្រពើ ។

គង់ វន និយាយ​ប្រាប់​បន្ត​ថា កាលពី​យប់​ថ្ងៃ​ទី​៤ ខែកញ្ញា ពស់ថ្លាន់​មួយ​ក្បាល​ត្រូវ​បាន​អ្នក​ភូមិ​ចាប់ ច្រក​ទឹក​ថ្នាំខ្លាំង​សម្លាប់​ចោល​មួយ​ក្បាល ខណៈ​ពេល​មក​រក​សុ​ី​មាន់​ទាំង​យប់ ដូច​ចោរលួច​ស៊ី​មាន់​មិន​ព្រម​ចេញ​ទៅ​ណា ។ អ្នកស្រុក​ថា ពេល​ឃើញ​ពស់​លូន​ចូល​មក​ក្នុងភូមិ គេ​នាំ​គ្នា​បង្អើល​ដេញ​ដែរ ប៉ុន្តែ​អត់​ព្រម​វារ​ទៅ​ណា​ទេ ។ម្ល៉ោះហើយ​ក៏​នាំ​គ្នា​សម្លាប់​ចោល​ទៅ ។

គង់ វន និយាយ​ថា បើ​តាម​ដឹង​ពស់ថ្លាន់​ដែល​ត្រូវ​អ្នក​ភូមិ​សម្លាប់​បន្តបន្ទាប់​៥​ក្បាល​ហើយ​នៅ​ថ្ងៃ​ផ្សេង​ៗ​គ្នា ។ គាត់​បាន​បន្ត​ថា អ្នក​ភូមិ​ក៏​ដូច​ជា​រូប​គាត់​ចង់បាន​អង្គការ​ណាមួយ​នៅ​កៀក​កិត​ជាមួយ​ពលរដ្ឋ បើ​អ្នក​ភូមិ​ប្រទះ​ឃើញ​ពស់ថ្លាន់​ឬ​ពស់ថ្លាន់​មក​រក​សុ​ី​មាន់ ជួយ​មាន​វិធី​ចាប់​យក​ទៅ​លែង​នៅ​សួនសត្វ​វិញ ចៀសវាង​អ្នក​ភូមិ​វាយ​សម្លាប់​ចោល ។

ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ចែ​មួយ អាយុ​៥១​ឆាំ្ន នៅ​ភូមិ​ភ្នំ​ខ្យង បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា​ថា ពស់ថ្លាន់​ពិតជា​សម្បូរ​ណាស់​នៅ​តំបន់​នោះ ។ កន្លង​មក​ពស់ថ្លាន់​បាន​មក​អុកឡុក​ខាំ​ឆ្មា​ចាប់​មាន់​-​ទា​លេប​រហូត​ដល់​ឆ្កែ​ទៀត ។ ពលរដ្ឋ​រូប​នេះ ​និយាយ​មិន​លាក់បាំង​ប្រាប់​ថា ពស់ថ្លាន់​មួយ​ក្បាលមាន​ទម្ងន់​ប្រហែល​១០​គីឡូក្រាម ។

ពេល​ដេញ​វា​មិន​ចេញ​ក៏​ត្រូវ​ក្រុម​អ្នក​ភូមិ យក​ប្រេងសាំង​២​លី​ត្រ​ចាក់​ពីលើ​រួច​ដុត​នៅ​ពេល​យប់​កន្លង​មក ខណៈ​ដែល​ពស់ថ្លាន់​នោះ​បាន​ចូល​រក​លេប​កូនជ្រូក​របស់​គាត់​នៅ​ក្នុង​ទ្រុង ។ ប៉ុន្តែ​ការ​ចាក់​ប្រេងសាំង​ដុត​ពស់ថ្លាន់​នោះ​វា​មិន​ងាប់​ទេ ទាល់តែ​អ្នក​ភូមិ​ឯទៀត​ៗ​ចាប់​ទាក់​.​ក​ព្យួរ​ទើប​ងាប់។

ព្រះ​ចៅអធិការ​វត្ត​ប្រជា​សង្គម​ភ្នំ​ក្រពើ​មាន​ថេរ​ដីកា​ថា ពស់ថ្លាន់​ដែល​ព្រះសង្ឃ​ក្នុង​វត្ត​ជួយ​ចាប់ ពេល​អ្នក​ភូមិ​ប្រទះ​ឃើញ​មាន​ប្រមាណ​២០​ក្បាល​មក​ហើយ និង​បាន​យក​ទៅ​លែង​នៅ​ក្នុង​រូងភ្នំ និង​នៅ​លើ​ភ្នំ​ក្រពើ​នេះ តែ​ប្រហែលជា​មិន​មាន​ចំណី​គ្រប់គ្រាន់​ទើប​វា​លូន​ចូល​ភូមិ​លេប​មាន់​-​ទា​អ្នកស្រុក ទើប​ញ៉ាម​មក​ទៀត​។ ព្រះ​ចៅអធិការ​មិន​គាំទ្រ​ឱ្យ​មានការ​វាយ​សម្លាប់​ពស់​ទាំងនេះ​ទេ គប្បី​អភិរក្ស​ហើយ​ក៏​បាន​អំពាវនាវ​ដល់​មន្ត្រី​ជំនាញ​នានា​រិះរក​វិធី​ក្នុង​ការ​អភិរក្ស​ពស់ថ្លាន់​ទាំងនោះផង ៕​ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ