តុលាការ​សម្រេច​ដោះ​លែង​ស្ត្រី​ម្នាក់ ក្រោយ​ម្ចាស់​ហាង​ទូរស័ព្ទ​ប្តឹង


ខេត្តកំពង់ចាម ៖ ស្ត្រី​ម្នាក់​ដែល​ចាញ់បោក​បុរស​ចំណាស់​ម្នាក់​បាន​ប្រើ​ល្បិច​នាំ​នាង​ទៅ​ទិញ​ទូរស័ព្ទ​នៅ​ហាង​មួយ​កន្លែង តែ​មិន​ទាន់​ឲ្យ​លុយ​ទៅ​អ្នកលក់​ផង ស្រាប់តែ​បុរស​ចំណាស់​ម្នាក់​នោះ​យក​ទូរស័ព្ទ​មួយ​គ្រឿង​រួច​គេចខ្លួន​បាត់ ដោយ​ទុក​នាង​ឲ្យ​នៅ​​ហាង​​លក់​ទូរស័ព្ទ​ក្លាយជា​ជនជាប់ចោទ​ បន្ទាប់ពីម្ចាស់ហាង​ប្តឹងសមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​បញ្ជូន​ទៅតុលាការ​ ហើយ​ត្រូវ​បាន​ចៅក្រម​សាលាដំបូង​ខេត្ត​សម្រេច​ដោះ​លែងឱ្យ​មាន​សេរីភាព​ឡើង​វិញ កាលពី​រសៀល​ថ្ងៃ​ទី​១១ កញ្ញា ឆ្នាំ​២០១៩ ព្រោះតែនាងជា​ជនរងគ្រោះ មិនមែនជាជនជាប់ចោទ​ទេ​។

ម្ចាស់​ហាង​ទូរស័ព្ទ​ឈ្មោះ លាង តុង​ហេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ។​ចំណែក​ស្ត្រី​ជាប់ចោទ​ឈ្មោះ វុ​ទ្ធី ស្រមោច​ខ្មៅ អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ រីឯ​បុរស​ជា​ជនសង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ មាន​អាយុ​ប្រហែល​៥០​ឆ្នាំ បាន​រត់គេច​ខ្លួន​បាត់ ។

លោក​វរ​សេនី​យ៍​ទោ ប៉ែន ទៀង​ចំរើន អធិការ​នគរបាល​ស្រុក​ចំការលើ បាន​រំលឹក​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៩ កញ្ញា មាន​បុរស​ចំណាស់​ម្នាក់ និង​ស្ត្រី​ម្នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង ធុន​C125 មក​ដល់​ហាង​លក់​ទូរស័ព្ទ​របស់​ឈ្មោះ លាង តុង​ហេង និង​សួរ​រក​ទិញ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​អូ​ប៉ូ តម្លៃ​១៦៩​ដុល្លារ ។

លោក​អធិការ​នគរបាល​ស្រុក​ចំការលើ​បន្ត​ថា បន្ទាប់​មក​បុរស​ចំណាស់​នោះ​បាន​និយាយ​ទៅ​កាន់​អ្នកលក់​ថា សុំ​យក​ទូរស័ព្ទ​នោះ​ទៅ​ឲ្យ​កូនស្រី​មើល​បន្តិច បែរជា​ទៅ​បាត់​រហូត មិនឃើញ​ត្រឡប់​មក​វិញ​ឡើយ ដោយ​ទុក​ឱ្យ​ស្ត្រី​ឈ្មោះ​ស្រមោច​ខ្មៅ នៅ​កន្លែង​កើត​ហេតុតែ​ម្នាក់ឯង ហើយ​ក៏​ត្រូវ​ម្ចាស់​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​បញ្ជូន​មក​កាន់​អធិការ​នគរបាល​ស្រុក​ចំការលើ​ដើម្បី​សួរនាំ ហើយ​ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​បញ្ជូន​មក​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

តាម​ប្រភព​ពី​ស្ត្រី​ជាប់ចោទ​ឈ្មោះ វុ​ទ្ធី ស្រមោច​ខ្មៅ បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ​ចំនួន​៣​ទៅ​៤​ថ្ងៃ នៅ​ពេល​ចេញពី​ធ្វើការ​លាងចាន​គុយទាវ​ឲ្យ​គេ គាត់​បាន​ដើរ​តាម​ផ្លូវ​មាត់ទន្លេ ក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ស្រាប់តែ​មាន​បុរស​ចំណាស់​ម្នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ធុន​C 125 មក​សួរនាំ និង​បាន​សុំ​លេខ​ទូរស័ព្ទ​ពី​គាត់ ដោយ​សន្យា​ឲ្យ​លុយ​ចាយ​ទៀត​ផង​។

ស្ត្រី​ជាប់ចោទ​បាន​បន្ត​ថា លុះ​មក​ដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ២០១៩ បុរស​ចំណាស់​ម្នាក់​នោះ​បាន​ទូរស័ព្ទ​ណាត់​ឲ្យ​គាត់​មក​ជួប​នៅ​មុខ​វិទ្យាល័យ​ឫស្សី​កែវ ដោយ​ប្រាប់​ថា ទិញ​ក្រវិល​និង​ទូរស័ព្ទ​ថ្មី​ឲ្យ​ប្រើ បន្ទាប់​មក​បុរស​ចំណាស់​ម្នាក់​នោះ​ឲ្យ​គាត់​ឡើង​ជិះ​ម៉ូតូ​មក​ជាមួយ ។ ក្នុង​ពេល​ជិះ​ម៉ូតូ​តាម​ផ្លូវ បុរស​ចំណាស់​ម្នាក់​នោះ​អួត​ប្រាប់​គាត់​ថា ក្នុង​កាបូប​ខ្មៅ​មាន​លុយ​ចំនួន​៣​លាន​ដុល្លារ បន្ទាប់​មក​ក៏​យក​កាបូប​ខ្មៅ​នោះ​ទៅ​ឲ្យ​គាត់​ស្ពាយ រួច​ធ្វើ​ដំណើរ​សំដៅ​ទៅ​កាន់​ផ្សារ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម​។

ស្ត្រី​ជាប់ចោទ​បាន​បន្ត​ទៀត​ថា ពេល​នោះ​បុរស​ចំណាស់​នោះ​បាន​នាំ​គាត់​មក​ដល់​ហាង​លក់​ទូរស័ព្ទ​មួយ​កន្លែង​ម្តុំ​ផ្សារ​បុសខ្នុរ ដោយ​បុរស​ចំណាស់​យក​ទូរស័ព្ទ​ម៉ាក​អូ​ប៉ូ ចំនួន​១​គ្រឿង​ពី​អ្នកលក់​មក​មើល រួច​និយាយ​ជាមួយ​អ្នកលក់​ថា សុំ​យក​ទូរស័ព្ទ​ទៅ​ឲ្យ​កូនស្រី​មើល​បន្តិច​នៅ​ក្បែរ​ផ្លូវកែង​ត្រង់​ផ្សារ បន្ទាប់​មក​អ្នកលក់​ក៏​យល់ព្រម​ឲ្យ​យក​ទៅ ហើយ​បុរស​ចំណាស់​ប្រាប់​អ្នកលក់​ថា ទុក​កូនស្រី (​ស្ត្រី​ឈ្មោះ​ស្រមោច​ខ្មៅ​) នៅ​ទី​នេះ​សិន ។ តាម​ពិត​បុរស​ចំណាស់​ចេញ​ទៅ​បាត់​រហូត​មិន​ត្រឡប់​មក​វិញ​ឡើយ ថែម​ទាំង​យក​កាបូប​លុយ​គាត់​ទៅ​ជាមួយ​ទៀត​ផង ។

ស្ត្រី​ជាប់ចោទ​បាន​បន្ត​ទៀត​ថា រហូត​ដល់​ពេល​ជិត​ល្ងាច ក៏​ត្រូវ​ម្ចាស់​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​គាត់​តែ​ម្តង លុះ​ពេល​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​ក្នុង​កាបូប​ខ្មៅ​ដែល​បុរស​ចំណាស់​នោះ​ឲ្យ​គាត់​ស្ពាយ រក​ឃើញ​សុទ្ធតែ​ក្រដាស​សៀវភៅ ដែល​គេ​កាត់​ចង​ចំនួន​៤​ដុំ​បន្លំ​ធ្វើ​ជា​លុយ​៣​លាន​ដុល្លារ​។ ស្ត្រី​ជាប់ចោទ​បាន​បន្ត​ថា គាត់​មិនដឹង​ថា​បុរស​ចំណាស់​នោះ​នៅ​ទីណា​នោះ​ទេ ព្រោះ​ទើប​ស្គាល់គ្នា​ថ្មី​ៗ ។

តាម​ប្រភព​ពី​មន្ត្រី​សាលាដំបូង​ម្នាក់​បានឱ្យ​ដឹង​ថា ចាប់តាំងពី​ពេល​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ជាប់ចោទ​ម្នាក់​ខាងលើ​នេះ​មក គឺ​នាង​បាន​យំ​រហូត លុះ​ពេលធ្វើការ​ពិនិត្យ​ករណី​ខាងលើ​ រកឃើញ​ថា នាង​ពិតជា​រង​គ្រោះ​ដោយសារ​ចាញ់បោក​បុរស​ចំណាស់​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ខាងលើ​នោះ​មែន ហើយ​ក៏​សម្រេច​ដោះ​លែង​នាង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ចំណែក​បុរស​ចំណាស់​ជា​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ផង​ដែរ ។

ដោយឡែក បុរសម្នាក់​​ឈ្មោះ​នៅ រី​ដា អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង ត្រូវជា​ប្តី​របស់​ស្ត្រី​ជាប់ចោទ​ខាងលើ​បាន​រៀបរាប់​ទាំង​បង្ហូរទឹកភ្នែក​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ប្រពន្ធ​របស់​គាត់​បាន​ចេញពីផ្ទះ​ជួល​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ប្រាប់​ថា ចេញ​មក​លាងចាន​ឲ្យ​គេ លុះដល់​ពេល​ល្ងាច​ថ្ងៃ​ទី​៩ កញ្ញា គាត់​បាន​ទូរស័ព្ទ​ទៅ​ម្តងទៀត ស្រាប់តែ​ប្រពន្ធ​ប្រាប់​គាត់​ថា ចាញ់បោក​គេ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​មក​ស្នងការ​ខេត្តកំពង់ចាម​ហើយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ដោយ​គ្រាន់តែ​ឮ​បែប​នេះ គាត់​បាន​ជិះ​រថយន្ត​ឈ្មួ​ល​នាំ​កូន​តូច​អាយុ​៨​ខែ​មក​ជាមួយ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា ឆ្នាំ​២០១៩ ក៏​ធ្វើ​ដំណើរ​មក​ដល់​សាលាដំបូង​ខេត្ត ដើម្បី​សូម​អង្វរ​ឲ្យ​ដោះ​លែងប្រពន្ធ ទីបំផុត​ត្រូវ​បាន​គេ​ដោះ​លែងប្រពន្ធ​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​គាត់​ពិតជា​សប្បាយ​រីករាយ​ណាស់ ។ បុរស​ជា​ប្តី​បាន​បន្ត​ទៀត​ថា ពួក​គាត់​យក​គ្នា​ជា​ប្តី​ប្រពន្ធ​មិន​បាន​រៀប​ការ​នោះ​ទេ ដោយសារ​តែ​ជីវភាព​ក្រីក្រ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ