សោកនាដកម្ម​លើ​ដី​ថៃ​ជាប់​ព្រំដែន​ខ្មែរ ស្លាប់​​៥ របួសធ្ងន់​-​ស្រាល​៧


ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យោ​ងតាម​ប្រភព​ពី​​ដី​ថៃ បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ខណៈ​រថយន្ត​២​គ្រឿង​បុក​គ្នា​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​កាលពី​ម៉ោង​ជិត​12​ព្រឹក ថ្ងៃ​ទី​12 ខែកញ្ញា ឆ្នាំ​2019​នេះ ស្ថិត​នៅ​ស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ ដោយ​គេ​សង្ស័យ​ថា ជា​ពលករ​ខ្មែរ​ផង​ដែរ​។

ជុំវិញ​ប្រភព​ព័ត៌មាន​ខាងលើ​នេះ បើ​តាម​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តម្នាក់​ប្រាប់​តាម​ទូរស័ព្ទ​ថា ពិតជា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ខេត្ត​ស្រះ​កែវ ពិតមែន​។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ រថយន្ត​ដឹក​ពលរដ្ឋ​ខ្មែរ​​ពណ៌​ស​មួយ​គ្រឿង​បាន​ត្រឡប់​​មក​ពី​ប្រទេស​ថៃ​វិញ​ដែល​មិន​ទាន់​ដឹង​ថា ចូល​ប្រទេស​ថៃ​ដើម្បី​រក​ទិញ​អីវ៉ាន់ ដើរ​កំសាន្ត ឬ​យ៉ាងណា​នោះ​ទេ លុះ​បើក​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ពណ៌​ទឹក​ប៊ិច ជិះ​មក​ពី​ទិស​ដៅ​បញ្ច្រាស់​គ្នា បានបែក​កង់​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ពលរដ្ឋ​ខ្មែរ​ពេញ​ទំហឹង​តែ​ម្តង បណ្តាល​ឱ្យ​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ ។

មន្ត្រី​ដដែល​ខាងលើ​បាន​ប្រាប់​​បន្ត​​ជា​ជំហាន​ដំបូង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ហេតុការណ៍​ខាងលើ​នេះ មាន​មនុស្ស​៥​នាក់ ក្នុង​នោះ​ក៏​មាន​អ្នកបើកបរ​រថយន្ត​ម្នាក់​ផង​ដែរ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​​កន្លែង​កើតហេតុ និង​​មាន​មនុស្ស​​របួសធ្ងន់​-​ស្រាល​7​នាក់​ទៀត ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះផង​ដែរ ។ ហើយ​ពេល​នេះ​មន្ត្រី​ស្ថាន​កុង​ស៊ុល​ប្រចាំ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ហើយ​ផង​ដែរ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ