Davitra និង Apitor ប្រគល់​ពាន​រង្វាន់​ជូន​អ្នក​ជ័យ​លា​ភី លើ​ការ​ផលិត​វីដេ​អូ​អប់រំ​ខ្លី


រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Davitra ( Cambodia ) Co.,Ltd និង​ក្រុមហ៊ុន Apitor Technology Co.,Ltd បាន​សហការ​គ្នា​រៀបចំ​កម្មវិធី​ប្រកួត​វី​ដេ​អូ​ខ្លី​ស្ដី​ពី កុមារ និង​យុវជន​កម្ពុជា គួរតែ​ងាក​មក​លេង​របស់​ដែល​បង្កើន​ចំណេះដឹង​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា ដែល​ជា​ភាសា​អង់គ្លេស​ហៅ​កាត់​ថា STEM ។ នៅ​ថ្ងៃ​ទី​១១ កញ្ញា ២០១៩​នេះ​ដែរ ក្រុម​ហ៊ុន​​ទាំង​ពីរ ក៏​បាន​ធ្វើ​សន្និសីទ និង​ប្រកាស​ពី​ជ័យ​លា​ភី ដែល​ទទួល​បាន​ពានរង្វាន់​ពី​ការ​ផលិត​វី​ដេ​អូ​នេះ ផង​ដែរ ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ទាំង​ពីរ បានអោយ​ដឹង​ថា កម្មវិធី​ប្រឡង​នេះ​មាន​បេក្ខជន​ចូលរួម​ចំនួន ១៤​ក្រុម សរុប​ជា​សមាជិក​ចំនួន​៤២​នាក់ ក្នុង​គោលបំណង​លើកកម្ពស់​កម្រិត​ចំណេះដឹង ក៏​ដូច​ជា​ឆ្លើយ​តប​ទៅ​នឹង​ភាព​ចាំបាច់ តម្រូវការ និង​តួនាទី​យ៉ាង​សំខាន់​នៃ​វិស័យ​បច្ចេកវិទ្យា ។

លោក​អ៊ឹម ច័ន្ទ​បូ​រ៉ា​ជាតិ សហ​ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន Davitra Cambodia Co.,Ltd បាន​និយាយ​ថា លោក​មាន​សេចក្តី​សោមនស្ស​រីក​រា និង​កោតសរសើរ ដល់​បេក្ខជន​ចូលរួម​ទាំងអស់ ដែល​មាន​ចំនួន​១៤​ក្រុម ចំពោះ​ការ​ចូល​ក​រួម​ជ្រោមជ្រែង ចំណាយ​ពេលវេលា​ធនធាន​ក្នុង​ការ​លើកតម្កើង​វិស័យ STEM នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា អត្រា​នៃ​ការ​ចូលរួម​ក៏​ដូច​ជា​ការ​ស្រលាញ់ និង​ការ​គាំទ្រ​សម្រាប់​មុខ​វិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា របស់​យុវជន​កម្ពុជា ជា​ពិសេស​យុវនារី ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព និង​ចំណេះដឹង​រួម​ទាំង​ភាព​ច្នៃប្រឌិត មានការ​កើនឡើង​គួរ​អោយ​កត់សម្គាល់ ស្រប​ពេល​វិស័យ​បច្ចេកវិទ្យា​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក Kenny Wang សហ​ស្ថាបនិក និង​អគ្គនាយក​នៃ​ក្រុមហ៊ុន Apitor Technology Co.,Ltd មាន​មូលដ្ឋាន​នាទី​ក្រុង​ស៊ិ​ន​ជិន ប្រទេស​ចិន បាន​ចែករំលែក​ចំពោះ អត្ថប្រយោជន៍​នៃ​វិស័យ​អប់រំ ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា​ថា ជា​ប្រភេទ​ជំនាញ​មួយ​ដែល​បាន​បង្កើត​សមាគម​វិទ្យាសាស្ត្រ​ជាតិ​នៃ​សហរដ្ឋអាមេរិក ហើយ​វា​ពិតជា​មាន​ផលប្រយោជន៍​ដ៏​លើសលប់​ចំពោះ​កុមារ​កម្ពុជា ក៏​ដូច​ជា​កុមារ​ទូ​ទាំង​ពិភពលោក ក្នុង​ការ​រៀន​ដោះស្រាយ​បញ្ហា ត្រិះ​រិះ​ពិចារណា មានគំនិត​ច្នៃប្រឌិត និង​ហ៊ាន​ធ្វើការ​សម្រេចចិត្ត ដើម្បី​ឱ្យ​កុមារ​ក្លាយ​ខ្លួន​ទៅ​ជា​អ្នកដឹកនាំ​ដ៏​ពូកែ​មាន​សហគ្រិន​ដ៏​មាន​ភាព​វ័យឆ្លាត ដែល​មាន​ទំនួល​ខុស​ត្រូវ និង​ជួយ​សង្គម​ជាតិ ដើម្បី​បង្កើត​នូវ​ធនធានមនុស្ស ដែល​ពោរពេញ​ទៅ​ដោយ​ភាព​វ័យឆ្លាត​ជា​ច្រើន​បន្ថែម​ទៀត ក្នុង​ការ​ទ្រទ្រង់ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​មិន​ថា​នៅ​ក្នុង​វិស័យ​ការងារ​ណា​ក៏​ដោយ ជំនាញ ទាំងនេះ​នឹង​ផ្ដល់​ជា​ប្រយោជន៍​នា​ពេល​អនាគត សម្រាប់​កុមារ​ឱ្យ​ក្លាយ​ខ្លួន​ជា​បុគ្គល​ម្នាក់​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​អត់ធ្មត់ និង​គំនិត​ច្នៃប្រឌិត ។

គួរ​បញ្ជាក់​ថា សម្រាប់​ពានរង្វាន់​ក្នុង​ការ​ប្រឡងប្រជែង​ផលិត​វី​ដេ​អូ​ខ្លី ស្ដី​ពី កុមារ និង​យុវជន​កម្ពុជា គួរតែ​ងាក​មក​លេង​របស់ ដែល​បង្កើន​ចំណេះដឹង​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​ក្រុម Sok Sambath មក​ពី​ខេត្តស្វាយរៀង លេខ​២ បាន​ទៅ​លើ​ក្រុម Media Communication មក​ពី​ខេត្ត​កែប និង​លេខ​៣ បាន​ទៅ​លើ​ក្រុម​ស្រែ​អំបិល មក​ពី​ខេត្ត​កែប​ដូច​គ្នា​ផង​ដែរ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ