ការ​ប្រកួត​ពេល​សង្ក្រាន្ត​បញ្ចប់ តែ ឈាវ បូ​រ៉ា ថា ​អុកចត្រង្គ​នៅ​តែ​មាន​សកម្មភាព


រា​ជ​ធានី​ភ្នំពេញ ៖ មហាជន​នានា​កំពុង​ងឿងឆ្ងល់​ថា បើ​ការ​ប្រកួត​កីឡា​អុកចត្រង្គ​លែង​មាន​ហើយ​ក្នុង​ព្រឹត្តិការ​សង្ក្រាន្ត​ដែល​ធ្លាប់​ធ្វើ​នៅ​ខេត្តសៀមរាប តើ​កីឡា​មួយ​នេះ​នឹង​អាច​បន្ត​សកម្មភាព​ឬ​មានការ​រីក​ចម្រើន​ទេ ក្នុង​ពេល​ដែល​អ្នក​ខ្លាំង​ខាង​អុកចត្រង្គ​ក៏​មិនសូវ​ផុលផុស​ក្នុង​ទី​ផ្សារ​ប្រកួតប្រជែង​ដែរ​នោះ ។

កីឡាករ ឈាវ បូ​រ៉ា ដែល​ល្បីឈ្មោះ​ផ្នែក​អុក​ចក្រ​ត្រ​ង្គ​ឬ​អុក​ខ្មែរ បន្ទាប់​ពី​ដណ្ដើម​បាន​ពាន​ជាប់​ៗ​គ្នា​កាលពី​ច្រើន​ឆ្នាំ​មុន ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​សៀមរាប​នោះ​អះអាង​ថា រូបគេ​នៅ​តែ​មមាញឹក​ក្នុង​​ការ​រំលេច​សកម្មភាព​មិន​ខុស​ពី​មុន​នោះ​ទេ ដែល​សកម្មភាព​បង្ហាត់បង្រៀន​ក្មេង​ៗ និង​អ្នក​ចង់​ប្រកួត​អុក​នៅ​ក្នុង​សាលា និង​ក្នុង​ហាង​កាហ្វេ​របស់​គេ​គឺ​នៅ​តែ​មាន ។ រូបគេ​នឹង​បន្ត សម្រេច​បំណង​​ទទួល​បានការ​បណ្ដុះបណ្ដាល​ផ្នែក​អុក​អន្តរជាតិ​នៅ​ក្រៅប្រទេស​ឲ្យ​ខាង​តែ​បាន និង​កំពុង​ស្វះ​ស្វែងរក​លទ្ធភាព​បាន​ចេញ​ទៅ​សិក្សា ។

ឈាវ បូ​រ៉ា និយាយ​ថា ការ​បញ្ចប់​ព្រឹត្តិ​ការណ៍​សង្ក្រាន្ត ដែល​ធ្លាប់​ជួយ​ឲ្យ​កីឡា​អុកចត្រង្គ​ទទួល​បានការ​គាំទ្រ ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កីឡាករ​ផ្នែក​នេះ ជា​ពិសេស​នៅ​ពេល​ការ​ប្រកួត​ជា​​ទ្រង់​ទ្រាយ​ធំ​ត្រូវ​បិទ គឺ​ច្បាស់​ណាស់​ថា​កីឡាករ​មួយ​ចំនួន​នឹង​ចាប់ផ្ដើម​លាឈប់​។ ប៉ុន្តែ ដ្បិតថា​គ្មាន​សកម្មភាព​សង្ក្រាន្ត​បែប​នេះ​ក្តី ក៏​សកម្មភាព​ប្រកួត​ជា​លក្ខណៈ​សហព័ន្ធ​នៅ​តែ​មាន ។ ទាំង​អ្នក​ហាត់រៀន​និង​កីឡាករ នៅ​តែ​ប្រមូលផ្ដុំ​គ្នា​លេងអុក​កម្សាន្ត​បង្កើន​សមត្ថភាព​ដដែល​ទេ ដោយ​គ្រាន់​តែ​មិន​មានការ​ប្រកួត​ជា​ទ្រង់ទ្រាយ​ធំ គឺ​អ្នក​ខ្លាំង​ជា​ច្រើន​នាក់​មិន​មានឱកាស​បញ្ចេញថ្វីដៃ ។

ស្ដេច​អុក​២​ជំនាន់ និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​អុកចត្រង្គ​កម្ពុជា​រូប​នេះ បន្ត​ថា អ្នកខ្លះ​ថា​អុក​ចាប់ផ្ដើម​ស្ងាត់​សកម្មភាព ហើយ​ទាំង​រូបគេ​និង​កីឡាករ​ខ្លះ​បោះបង់​ចោល ។ ប៉ុន្តែ​សម្រាប់​រូបគេ​គឺ​នៅ​តែ​ដដែល និង​កាន់តែ​ចង់​សម្រេច​មហិច្ឆតា​ក្លាយជា​អ្នក​លេងអុក​អន្តរជាតិ​ឲ្យ​បាន​ទៀត​ផង ។
ឈាវ បូ​រ៉ា ពន្យល់​ថា អុក​ចិន​និង​អុក​អន្តរ​ជាតិ មាន​លក្ខណៈ​ខុស​គ្នា​ឆ្ងាយ​ពី​អុកចត្រង្គ​របស់​ខ្មែរ​យើង​តាំងពី​របៀប​លេង និង​ចំណុច​ពិសេស​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​អុក​ទាំង​២​មិន​អាច​ច្រឡំ​គ្នា​បាន​ទេ បើ​ទោះជា​មានឈ្មោះ​ថា​អុក​ដូច​គ្នា​ក្ដី ។ អ៊ី​ចឹ​ង​ហើយ ទើប​នៅ​ប្រទេស​កម្ពុជា បាន​បែង​ចែក​កីឡា​អុក​ជា​ពីរ​គឺ អុកចត្រង្គ​និង​អុក​អន្តរជាតិ ប៉ុន្តែ​កីឡា​អុក​អន្តរជាតិ​នៅ​កម្ពុជា​មិនសូវ​ដើរ​ទេ ដោយសារ​តែ​កីឡាករ​ភាគច្រើន​និយម​លេង​តែ​អុក​ខ្មែរ ហើយ​សម្រាប់​ការ​ប្រកួត​ក្នុងស្រុក​ក៏​មិនសូវ​មានការ​ប្រកួត​អុក​អន្តរជាតិ​ដែរ ។

ចំណែក​គ្រូបង្វឹក​ផ្នែក​អុក​អន្តរជាតិ ក៏​មិន​មាន​អ្នកជំនាញ​ពិតប្រាកដ​មក​បណ្ដុះ​កូន​ខ្មែរ​ដែល​ចង់​ចេះ​នោះ​ដែរ ទើប​ធ្វើ​ឲ្យ​សូ​ម្បី​តែ​រូបគេ​ដែល​ចង់​ចេះ​ផ្នែក​អុក​អន្តរជាតិ​នេះ មិន​មាន​ជម្រើស​ក្រៅពី​លេង​តាម​យូ​ធូប ប្រសិនបើ​ចង់​ចេះ​ស្ទាត់​។ រូបគេ​ចង់​ឲ្យ​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​លើ​កីឡា​អុក​អន្តរជាតិ​ឲ្យ​ច្រើន​ជាង ឬ​ស្មើនឹង​អុកចត្រង្គ ដោយសារ​រូបគេ​យល់​ថា បើ​កម្ពុជា​មាន​តែ​អុកចត្រង្គ​រីក​ចម្រើន ហើយ​ចូល​មិន​ចុះ​នឹង​អុក​អន្តរជាតិ គឺ​មិន​ខុស​ពី​ល្បី​តែ​ក្នុង​អណ្ដូង តែ​លទ្ធ​ផល​ចុង​ក្រោយ​មិន​អាច​បោះ​ជំ​ហាន​ស្មើមុខស្មើមាត់​លើ​ឆាក​អន្តរជាតិ​ឡើយ​។

ឈាវ បូ​រ៉ា និយាយ​ថា កីឡា​អុកចត្រង្គ​មាន​ការ​រីក​ចម្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ រូបគេ​បើក​សាលា​បណ្ដុះបណ្ដាល​ក៏​មាន​អ្នករៀន​ច្រើន​ដែរ ប៉ុន្តែ​នៅ​ពេល​មានការ​អញ្ជើញ​តំណា​ង​កម្ពុជា​ឲ្យ​ចេញ​ប្រកួត​កីឡា​អុក​អន្តរជាតិ​ជាមួយនឹង​បណ្ដា​ប្រទេស​ផ្សេង​ៗ គឺ​កម្ពុជា​នៅ​តែ​ទៅ​មិន​រួច ។

រូបគេ​ចង់​បង្វឹក​ខ្លួនឯង​ឲ្យ​ចេះ​លេងអុក​អន្តរជាតិ​នា​ពេល​ខាង​មុខ ប៉ុន្តែ​មក​ទល់​ពេល​នេះ​អុក​អន្តរជាតិ​អត់​មាន​អ្នក​បង្រៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាល់តែ​សោះ គឺ​មាន​តែ​នៅ​ក្រៅ​ស្រុក ។ ហេតុ​នេះ​ហើយ ទើប​រូបគេ​មាន​បំណង​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ប្រើយុទ្ធ​សាស្ត្រ​បែប​ណា​ដើម្បី​ឲ្យ​កម្ពុជា​មាន​គ្រូបង្វឹក​ផ្នែក​កីឡា​អុក​អន្តរជាតិ ដើម្បី​ជា​ប្រយោជន៍​ដល់​កីឡាករ​អុកចត្រង្គ ។

ឈាវ បូ​រ៉ា ប្រកាស​ថា បើ​មាន​គ្រូបង្វឹក រូបគេ​នឹង​ស្ម័គ្រចិត្ត​ទៅ​សិក្សា​មុនគេ ដើម្បី​ឈ្វេងយល់​ឲ្យ​ស៊ី​ជម្រៅ ។ រូបគេ​ចង់​ឲ្យ​កីឡា​អុក​អន្តរជាតិ​មាន​រូបភាព​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស ហើយ​បើ​បាន​ទទួល​ការ​ជ្រោមជ្រែង​ឲ្យ​ចេញ​ទៅ​ហាត់​រៀន​នៅ​ក្រៅប្រទេស នោះ​រូបគេ​នឹង​សិក្សា​ជំនា​ញ​នោះ​ឲ្យ​បាន​ស្ទាត់​ដូច​ការ​ចង់បាន គឺ​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ។ រូបគេ​ចង់​ក្លាយជា​អ្នកជំនាញ​ផ្នែក​អុក​អន្តរជាតិ បើ​ទោះជា​បច្ចុប្បន្ន​គឺជា​អគ្គលេខាធិការ​សហព័ន្ធ​អុកចត្រង្គ​ដែល​មិន​អាច​ទៅ​ធ្វើ​ជា​កីឡាករ​អុក​អន្តរជាតិ នៅ​ក្នុង​សហព័ន្ធ​ផ្សេង​ក្តី ។

ឈាវ បូ​រ៉ា និយាយ​ទៀត​ថា រូបគេ​ចង់​ចេះ​ជំនាញ​នេះ​ឲ្យ​ស្ទាត់ ដើម្បី​ទុក​គ្រាន់​បង្ហាត់​សិស្ស​ផង ឬ​អាច​វិវត្តន៍​ខ្លួន​ឲ្យ​ក្លាយជា​កីឡាករ​អុក​អន្តរជាតិ​ផង​នៅ​ពេល​ណាមួយ ដោយសារ​មាន​បំណង​ធំ​មួយ គឺ​ចង់​ឈ្នះ​ពាន​ក្នុង​នាម​ជា​ម្ចាស់​ជើងឯក​អុក​អន្តរជាតិ​មួយទៀត បន្ទាប់​ពី​បាន​ក្លាយជា​ម្ចាស់​ពាន​ជើងឯក​អុកចត្រង្គ​ច្រើន​ដង​មក​ហើយ ។

នៅ​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​មិន​ទាន់​មាន​អ្នក​បង្វឹក​ក្នុងស្រុក រូបគេ​នៅ​តែ​បន្ត​រៀន​លេង​អុក​អន្តរជាតិ​តាម​បណ្ដាញ​យូ​ធូប ហើយ​បើ​រៀន​បាន​ស្ទាត់ជំនាញ​ដូច​ការ​ចង់បាន នឹង​សាកល្បង​ចូល​ប្រកួត​ក្នុង​កម្មវិធី​ណាមួយ​ឲ្យ​ខាង​តែ​បាន​។ ប្រសិនបើ​ការ​ប្រកួត​មាន​លទ្ធផល​ល្អ នោះ​រូបគេ​នឹង​ងាក​មក​បើក​បង្រៀន​អុក​អន្តរជាតិ​នេះ​មួយទៀត ដើម្បី​ចែករំលែក​ចំណេះដឹង និង​ដើម្បី​រូបគេ​​ទទួល​​បាន​កេរ្តិ៍ឈ្មោះ​ល្បី​លើ​ផ្នែក​នេះ​បន្ថែម​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ