អតីត​ប្រធានាធិបតី​ឥណ្ឌូ​ណេ​សី​ុ​ទទួល​មរណភាពហើយ​


ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ សាច់ញាតិ​គ្រួសារ​និង​អាជ្ញាធរ​រាយការណ៍​ថា អតីត​ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី លោក​BACHARUDDIN JUSUF HABIBIE​ដែល​ជា​អ្នក​នាំ​ឲ្យ​មានការ​ឆ្លងកាត់​មួយ​របស់​ឥណ្ឌូ​ណេ​ស៊ី ឆ្ពោះទៅ​រក​លទ្ធិប្រជាធិបតេយ្យ ក្រោយ​ការ​ដូ​លរ​ល៉​នៃ​មេដឹកនាំ​ផ្ដាច់​ការ​លោក​ស៊ូ​ហារ​តូ បាន​ទទួលមរណភាព​ហើយ​កាលពី​យប់​ថ្ងៃ​ទី​១១​កញ្ញា​ក្នុង​ជន្មាយុ​៨៣​ឆ្នាំ​។

លោក​HABIBIE​បាន​ទទួលមរណភាព​ក្នុង​មន្ទីរពេទ្យ​យោធា​មួយ​នៃ​ទីក្រុង​ហ្សា​ការ​តា ក្រោយ​ពី​លោក​មាន​បញ្ហា​បេះដូង​។ ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី​លោក​JOKO WIDODO​បាន​ទៅ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ អតីត​ប្រធានាធិបតី​រូប​នោះ​ជា​វិស្វករ​ខាង​យន្តហោះ ដោយ​លោក​ចាត់ទុកជា​អ្នក​វិទ្យាសាស្ត្រ​កំពូល​និង​ជា​បិតា​នៃ​បច្ចេកវិទ្យា​របស់​ឥណ្ឌូ​ណេ​ស៊ី​។

កើត​ក្នុង​ឆ្នាំ​១៩៣៦​ក្នុង​ទីក្រុង​តូច​មួយ នា​ភាគ​ខាងត្បូង​ប្រជុំ​កោះ​សេ​ឡែ​ប លោក​HABIBIE​ធ្លាប់​សិក្សា​ខាង​ការ​ផលិត​យន្តហោះ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​និង​នៅ​ហូ​ឡង់ មុន​ពេល​មក​កាន់​ឥណ្ឌូ​ណេ​ស៊ី​​វិញ​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៧០​។ លោក​ស៊ូ​ហារ​តូ​បាន​ស្នើ​ឲ្យ​លោក​ជួយ​ជម្រុញ​ឧស្សាហូបនីយកម្ម​របស់​ប្រទេស​ដ៏​ធំ​នៅ​អា​ស៊ី​អាគ្នេយ៍​នោះ​។ រយៈពេល​ដ៏​យូរ​លោក​ជា​អ្នកដឹកនាំ​ក្រុមហ៊ុន​ផលិត​យន្តហោះ​រដ្ឋ INDUSTRI PESAWAT TERBANG NUSANTARA បន្ទាប់​មក​ក្នុង​រយៈ​២០​ឆ្នាំ​ជា​រដ្ឋមន្ត្រី​ស្រាវជ្រាវ​និង​បច្ចេកវិទ្យា​។

២​ខែ​ក្រោយ​ពី​លោក​ស៊ូ​ហារ​តូ​តែងតាំង​លោក​ជា​អនុ​ប្រធានាធិបតី លោក​បាន​ឡើងជា​ប្រធានា​ធិបតី ក្នុង​ឆ្នាំ​១៩៩៨​ពេល​លោក​ស៊ូ​ហារ​តូ​ចាក​ចេញពី​អំណាច​បន្ទាប់​ពី​ការ​បះបោរ​មួយ​។ លោក​HABIBIE​អាច​បង្កើត​ឲ្យ​មានការ​ឆ្លងកាត់​មួយ ឆ្ពោះទៅ​រក​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​ដោយ​រៀបចំ​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​បន្ទាប់​។

លោក​ក៏​រួមចំណែក​ដែរ​ក្នុង​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​មាន​ស្ថេ​រ​ភាព​ឡើង​វិញ ក្រោយ​រង​វិបត្តិ​ហិរញ្ញវត្ថុ​អា​ស៊ី​ធ្ងន់ធ្ងរ​បំផុត ហើយ​ប្រទេស​ចុះ​ខ្សោយ​ដោយសារ​អំពើ​ពុក​រលួយ​។ ការ​សម្រេច​ចិត្ត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​លោក ឲ្យ​មានការ​បោះ​ប្រជាមតិ​នៅ​ទី​ម័​រ​ខាងកើត​ស្ដី​ពី​ឯករាជ្យ​ភាព បាន​បើកផ្លូវ​ឲ្យ​អតីត​ដែនដី​អាណានិគម​ព័រ​ទុ​យ​ហ្គា​ល់​នោះ បំបែក​ខ្លួន​ផ្ដាច់​ចេញពី​ឥណ្ឌូ​ណេ​ស៊ី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ