អនិច្ចា​! ក្មេង​ប្រុស​២​នាក់​ដឹក​ទំនិញ​អន​ឡាញ បែរជា​ជួប​គ្រោះ​តាម​ផ្លូវ (មាន​វីដេអូ)


រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​មាន​ដឹក​តុ​និង​កៅអី បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ខណៈ​ជន​រង​គ្រោះ​ទាំង​២​នាក់​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​ដើម្បី​យក​ទំនិញ​ទៅ​ប្រគល់​ឲ្យ​អតិថិជន​ដែល​កុម្ម៉ង់​ទិញ​តាម​អន​ឡាញ ។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ ម៉ាក​ហុងដា MSX ពណ៌​ស្វាយ​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FM-៩២៦៥ បើកបរ​ដោយ​ឈ្មោះ ស៊ុំ ពិ​សិទ្ធ អាយុ​១៧​ឆ្នាំ មុខរបរ​ជា​អ្នក​ដឹក​ទំនិញ​ឱ្យ​អតិថិជន​កុម្ម៉ង់​ទិញ​តាម​អន​ឡាញ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​អ្នក​រួម​ដំណើរ​ម្នាក់​ដែល​រង​របួសធ្ងន់​ឈ្មោះ ពៅ បញ្ញា អាយុ​១៥​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​វែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​មាន​ដឹក​តុ​និង​កៅអី ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ២W-១៨០៦ បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា ក្នុង​គោលបំណង​ដឹក​ស្ពី​ក​ឃ័​រយ​ក​ទៅ​ឲ្យ​អតិថិជន​ដែល កុម្ម៉ង់​ទិញ​តាម​អន​ឡាញ ពេល​នោះ​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា លុះ​ពេល​ជន​រង​គ្រោះ​ទាំង​២​នាក់​ធ្វើ​ដំណើរ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ មាន​ដឹក​តុ និង​កៅអី បើកបរ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក៏​បុក​ម៉ូតូ​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​បាន​រង​របួសធ្ងន់ ។ បន្ទាប់​មក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដា​ត​បាន​ព្យាយាម​បើក​រត់​ដែរ តែ​ត្រូវ​បាន​នគរបាល​តាម​ចាប់​បាន​ទាំង​រថយន្ត និង​អ្នកបើកបរ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​​មកជួយ​​អន្តរាគមន៍​សម្រួល​ចរាចរណ៍​មិន​ឲ្យ​កកស្ទះ និង​បាន​ប្រគល់​ករណី​ខាងលើ​នោះ​ទៅ​ឲ្យ​ខាង​នគរបាល​ចរាច​រា​ណ៍​ផ្លូវគោក​នៃ​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះមក​នាំ​យក​ទាំង​អ្នកបើកបរ​រថយន្ត ព្រមទាំង​រថយន្ត​និង​ម៉ូតូ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ និង​ប្រគល់​សព​ជនរងគ្រោះ​​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ