សុខ​សន្តិភាព គឺ​ផ្ដល់​ឲ្យ​យើង​មាន​សេច​ក្ដី​សុខ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត


ស្រុក​ស​ន្ទុ​ក ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​នៅ​ចំពោះ​មុខ​ប្រជា​ពុទ្ធបរិស័ទ និង​ប្រជាជន​ក្នុងស្រុក​ស​ន្ទុ​កថា ៖ កាលណា​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិភាព​នោះ វា​មិន​គ្រាន់​នាំ​ឲ្យ​យើង​ទទួល​បាន​ត្រឹមតែ​សេចក្ដីសុខ​ទាំង​ផ្លូវ​កាយ​ប៉ុណ្ណោះ​ទេ ក្នុង​នោះ​ក៏​នាំ​មក​នូវ​សេចក្ដីសុខ​ខាង​ផ្លូវចិត្ត​ថែម​ទៀត​។

នេះ​ជា​ការ​លើ​ឡើង​របស់​ឯកឧត្ដម ជា ចាន់​តូ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណ​បក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ស​ន្ទុ​ក​នៅ​ថ្ងៃ​ទី​១៤​ខែកញ្ញា ឆ្នាំ​២០១៩ ក្នុង​ឱកាស​ដែល​ឯកឧត្ដម និង​លោក​ជំទាវ​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ជាមួយ​ប្រជាពលរដ្ឋ និង​ប្រជា​ពុទ្ធបរិស័ទ​នៅ​ចំនួន​៥​វត្ត នៅ​ក្នុងស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​។

នា​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្ដម​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ប្រជាជន​ក៏​ដូច​ប្រជា​ពុទ្ធបរិស័ទ​ទាំងអស់ ដែល​នៅ​តែ​បន្ត​គាំទ្រ និង​ចូលរួម​ការពារ​សុខ​សន្តិភាព​ដែល​ជា​នយោ​បាយ ឈ្នះ ឈ្នះ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ពិសេស​គោល​នយោ​បាយ​ដឹកនាំ​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

ឯកឧត្ដម ជា ចាន់​តូ បាន​បន្ត​ទៀត​ថា សេចក្ដី​ស្ងប់ គឺ​សេចក្ដីសុខ​ដែល​មនុស្ស​គ្រប់​រូប​ប៉ងប្រាថ្នា និង​ជា​ទ្រព្យ​ដ៏​ពិសិដ្ឋ​តែ​មួយ និង​មាន​តម្លៃ​បំផុត​ក្នុង​ការ​ឈាន​ទៅ​ធ្វើ​ឲ្យ​រាល់​កិច្ចការ​ធំ​តូច​ឲ្យ​ទទួល​ជោគជ័យ​បាន​។ ជាក់ស្តែង​រាល់​សមិទ្ធផល​ដែល​ប្រជាជន រួម​គ្នា​កសាង​បាន​កន្លង​មកនេះ បើ​​កម្ពុជា​​គ្មាន​សុខ​សន្តិភាព​ទេ ប្រទេស​យើង​ក៏​គ្មាន​ការ​អ​ភ​វឌ្ឍន៍​លើក​គ្រប់​វិស័យ បាន​ដែរ ក្នុង​នោះ​រួម​ទាំង​វិស័យ​ព្រះពុទ្ធ​សាសនា និង​ភាព​រីក​ចម្រើន ជីវភាព​រស់នៅ​របស់​ប្រជាជន​ផង​ដែរ​។​ដូចនេះ​យើង​ត្រូវ​រួម​សាមគ្គី​គ្នា​បន្ត​ថែរក្សា​សុខ​សន្តិភាព និង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រា​ជ​រដ្ឋា​ភិបាល​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បន្ត​ទៀត​។

ដើម្បី​ចូលរួម​ជាមួយ​ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​នោះ ឯកឧត្តម ជា ចាន់​តូ និង​លោក​ជំទាវ ព្រមទាំង​សហការី បាន​ប្រគេន​ទ័យ​វត្ថុ គ្រឿង​បរិក្ខា​ចំនួន​១១ និង​បច្ច័យ​ចំនួន​ជាង ២៥​លាន​៧​សែន​រៀល វេរ​ប្រគេន​ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះ​វស្សា ទាំង​៥​វត្ត នោះ​ផង​ដែ​។

ហើយ​តាម​រយៈ​បុណ្យ​កុសល​ក្នុង​ឱកាស​នេះ ដែរ​ឯកឧត្តម ជា ចាន់​តូ និង​លោក​ជំទាវ បាន​បួងសួង​ឧទ្ទិស មនុញ្ញផល​ទាំងនេះ​ជូន​ចំពោះ មាតា បី​តា ជីដូន​ជីតា ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ សូម​ឲ្យ​បាន​ទៅ​កាន់​សុគតិភព ។

ជា​ពិសេស​ជូន​ចំពោះ​ដួង​វិ​ញ្ញា​ក្ខ័​ន្ខ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ី​ម វិ​រៈ​យុទ្ធ​ជន យុទ្ធ​នារី ដែល​ស្នេហា​ជាតិ ដែល​បាន​បូជា​អាយុជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ក៏​សូម​ឧទ្ទិស​ជូន​ដល់​វិញ្ញាណ​ក្ខ័​ន្ធ​ប្រជា​ជាន​កម្ពុជា ស្លូតត្រង់ ដែល​ស្លាប់​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត នោះ​ផង​ដែរ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ