ប្រពន្ធ​ទៅបត់ជើង ​ស្រាប់តែ​​ឃើញ​ប្តី​ផ្កាប់មុខ​ក្នុង​​ទឹក…ផ្អើល​យ៉ាង​រន្ធត់​


ខេត្តកំពង់ធំ ៖ មាន​ករណី​ប្រទះ​ឃើញ​បុរស​ម្នាក់​ស្លាប់​ផ្កាប់មុខ​ក្នុង​ទឹក​ជម្រៅ​ពាក់កណ្តាល​ស្មងជើង ត្រូវ​បាន​គេ​សង្ស័យ​ថា បណ្តាល​មក​ពី​ជំងឺ​របស់​ជន​រង​គ្រោះ​រើ​ឡើង ទើប​ដួល​ប្រកាច់​ឈ្លក់ទឹក​ស្លាប់បែប​នេះ​ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ ២០១៩ នៅ​ចំណុច​វាលស្រែ​ពាល​ពក ក្នុងភូមិ​ត្រ​ពាំ​ចំបក់ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ យឿ​ង យ៉េន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​-​ឃុំ​កន្លែង​កើតហេតុ​ខាងលើ ។

យោង​តាម​ការ​បំភ្លឺ​ពី​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ឈ្មោះ ធឿ​ន ចាន់ អាយុ​៣៣​ឆ្នាំ បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្តី​របស់​គាត់​ធ្លាប់​មាន​រោគ​ឡើង​ឈាម និង​មាន​ជម្ងឺ​ធ្លាប់​ប្រកាច់​ម្តង​ៗ ។ នៅ​មុន​ពេល​កើតហេតុ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា ប្ដី​របស់​គាត់​បាន​ផឹកស្រា​តាំងពី​ព្រឹក​រហូត​ដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ទើប​ប្តី​របស់​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​បាន​ក៏​យក​មង​ទៅ​រាយ​ដាក់​ត្រី​នៅ​ចំណុច​ខាងជើង​ឆៀង​ខាងលិច​ផ្ទះ​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​វេលា​ម៉ោង​ប្រហែល​៦​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ពេល​គាត់​ដើរទៅ​បត់ជើង​នៅ​ចំណុច​កើតហេតុខាងលើ​ ក៏​ប្រទះ​ឃើញ​ប្តី​ដួល​ផ្កាប់មុខ​នៅ​ក្នុង​ទឹក​ជំរៅ​ពាក់កណ្តាល​ស្មងជើង ។ បន្ទាប់​ពី​ឃើញ​បែប​នេះ គាត់​ក៏​ដើរ​លុយ​ទឹក​ទៅ​មើលឃើញ​ប្តី​ស្លាប់​បាត់​ទៅ​ហើយ ក៏​​​បាន​ហៅ​បងប្អូន​ឱ្យ​ជួយ​យក​សព​ប្តី​មក​ផ្ទះ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​មក​ពិនិត្យ​សព និង​ធ្វើការ​សន្និដ្ឋាន​ថា ជំងឺ​របស់​ជន​រង​គ្រោះ​រើ​ឡើង ទើប​ដួល​ប្រកាច់​ក្នុង​ទឹក បណ្តាល​ឱ្យ​ឈ្លក់ទឹក​ស្លាប់​ពិតប្រាកដ​មែន និង​បាន​ប្រគល់​សព​ជន​រង​គ្រោះ​អោយ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ