បញ្ជូនបុរសម្នាក់​ទៅតុលាការ​ហើយក្រោយ​វាយម្ចាស់​បំណុលស្ទើរស្លាប់


រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ ចាប់​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា នេះ ពាក់ព័ន្ធ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនាទៅលើជនរងគ្រោះ​ជា​ម្ចាស់​បំណុល​ ។

បុរស​ជា​ជនសង្ស័យ​ឈ្មោះ​សុខ ម៉េ​ង អាយុ​៤៥​ឆ្នាំ មុខរបរ​ជាង​រថយន្ត មាន​ទីលំនៅ​ផ្ទះ​លេខ​១៣ ផ្លូវ​២១២ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ។

ទាក់ទិន​នឹង​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ គឺ​យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ខូង រ៉ា​វី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជាងក្រឡឹង ស្នាក់​ផ្ទះ​លេខ​៥០ ផ្លូវ​១៩៤ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​ជា​ជន​រង​គ្រោះ ។

យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ខុ​ង រ៉ា​វី បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៨​យប់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៨ មាន​មិត្តភក្តិ​ម្នាក់​ឈ្មោះ ស្រ៊ុ​ន បាន​ទូរស័ព្ទ​ហៅ​គាត់​ទៅ​ផឹកស៊ី​នៅ​កន្លែង​លក់​សាច់​គោ​អាំង​មួយ​កន្លែង ។ លុះ​នៅ​ពេល​ទៅ​ដល់​ក៏​បាន​អង្គុយ​រួម​តុ​ជាមួយ​ឈ្មោះ​ស្រ៊ុ​ន ឈ្មោះ សុខ ម៉េ​ង និង​ឈ្មោះ ស៊ិ​ន សុខុម ហើយ​ក៏​ផឹកស្រា​បៀរ​ទាំងអស់​គ្នា ។

យោង​តាម​ពាក្យបណ្តឹង​បាន​បន្ត​ថា បន្ទាប់​ពី​ផឹកស្រា​បៀ​អស់​ម្នាក់​២​កំប៉ុង ស្រាប់តែ​ឈ្មោះ សុខ ម៉េ​ង និង​ឈ្មោះ ស៊ី​ន សុខុម បាន​និយាយ​មើលងាយ និង​រករឿង​គាត់ ព្រមទាំង​នាំ​បក្ខពួក​ចំនួន​២​នាក់​ផ្សេង​ទៀត មក​ព្រួត​វាយ​គាត់ បណ្តា​ឲ្យ​បែក​មាត់​ចេញ​ឈាម និង​ជាំភ្នែក​ខាងឆ្វេង និង​របួស​សៀតផ្កា​ខាងស្តាំ ព្រមទាំង​វាយ​ក្បាល​គាត់​យ៉ាងដំណំ​ទៀត​ផង ។ មិនតែប៉ុណ្ណោះ​ជនសង្ស័យ​ឈ្មោះ សុខ ម៉េ​ង បាន​ទាញ​ដែក​បំពង់​ទីប​បម្រុង​វាយ​សម្លាប់​គាត់​នៅ​នឹង​កន្លែង​ទៀត តែ​ត្រូវ​បាន​មិត្តភក្តិ​ជួយ​ឃាត់​ទាន់ ។

យោង​តាម​ពាក្យបណ្តឹង​បាន​បន្ត​ទៀត​ថា ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ខាងលើ​នេះ គឺ​ផ្តើម​ចេញពី​ជនសង្ស័យ​ឈ្មោះ សុខ ម៉េ​ង ធ្លាប់​ជំពាក់​ប្រាក់​គាត់​ចំនួន​៧០០​ដុល្លារ​អា​មេ​រិ​ក ថ្លៃ​ឈ្នួល​ជួសជុល​គ្រឿង​ម៉ាស៊ីនរថយន្ត ហើយ​មិន​ព្រម​សង​គាត់​(​ដើមបណ្តឹង​)​នោះ​ទេ ។ លុះ​ពេល​គាត់ (​ដើមបណ្តឹង​)​ទារ​លុយ​នោះ​ក៏​កើត​ទំនាស់​ពាក្យ​សំដី​គ្នា រហូត​មានការ​ប្រើ​អំពើ​ហិង្សា​វាយ​ដំណំ និង​ប្រមាថ​អាយុជីវិត​ជន​រង​គ្រោះ ។

បើ​តាម​ចម្លើយ​សារភាព​ជនសង្ស័យ​ឈ្មោះ សុខ ម៉េ​ង នៅ​ចំពោះ​សមត្ថ​កិច្ច​បាន​បញ្ជាក់​ថា ខ្លួន​ពិតជា​បាន​ទៅ​ហូប​សាច់​គោ​អាំង​ជាមួយ​ជន​រង​គ្រោះជា​ភាគី​ដើមបណ្តឹង​នោះ​មែន ។ នៅ​ពេល​ផឹកស្រា​បៀ​អស់​ប្រហែល​មួយ​កេះ មិត្តភក្តិ​មួយ​ចំនួន​ចេញ​ទៅ​អស់ នៅ​សល់​តែ​ខ្លួន និង​ឈ្មោះ ខូង រ៉ា​វី និង​ឈ្មោះ ស៊ី​ន សុខុម ទេ ។

ជនសង្ស័យ​បាន​បន្ត​ថា ពេល​នោះ​ឈ្មោះ ខូង រ៉ា​វី ចេះ​តែ​រអ៊ូ​រឿង​លុយ​ដែល​ខ្លួន​ជំពាក់​គ្រឿង​ម៉ាស៊ីន​ចំនួន​៧០០​ដុល្លារ ហើយ​ខ្លួន​ក៏​បាន​អង្វ​សុំ​ទុក​ពេល​ឲ្យ​មួយ​រយៈ​ទៀត​ទៅ ព្រោះ​សព្វថ្ងៃ​កំពុង​ជួប​ការ​លំបាក ។ ខណៈនោះ​ឈ្មោះ ខូង រ៉ា​វី ដែល​ជាដើម​បណ្តឹង​បាន​បញ្ចេញ​កាយវិការ​ច្រ​ង៉េ​ង​ច្រ​ង៉ាង ទើប​កើត​មានរឿង​វាយតប់​គ្នា​តែ​ម្តង ។

សំណុំរឿង​ខាងលើ​នេះ​ត្រូវ​បាន​លោក ចែ សុង ព្រះរាជអាជ្ញា​រង កំពុងធ្វើការ​សាកសួរ រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ តំណាង​អយ្យការ​នៅ​មិន​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ