កូនប្រុស​ប៊ី​ន​ឡា​ដេ​ន​លោក​ត្រាំ​ថា ​ស្លាប់​​មែនហើយ


សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ អះអាង​កាលពី​ថ្ងៃ​ទី​១៤​កញ្ញា​ពី​ការ​ស្លាប់​របស់​កូនប្រុស អូ​សា​ម៉ា​ប៊ី​ន​ឡា​ដេ​ន​ឈ្មោះ​ហាម​ហ្សា ដែល​គេ​ចាត់​ទុក​ថា​ជា​អ្នក​ស្នង​មរតក​របស់​ឪពុក​គេ ជា​ប្រមុខ​អាល់​កៃ​ដា​។ ប៉ុន្តែ​តួនាទី​របស់​កូនប្រុស​ដែល​ប៊ី​ន​ឡា​ដេ​ន​ស្រឡាញ់​ជាងគេ​នោះ ក្នុង​ផ្ទៃ​អ​ង្គ្​ការ​ជី​ហា​ដ​នេះ​គេ​ពុំ​ដឹង​ច្បាស់​ឡើយ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​លោក​ត្រាំ​ថ្លែង​ថា ហាម​ហ្សា​ប៊ី​ន​ឡា​ដេ​ន ត្រូវ​បាន​ស្លាប់​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​មួយ ធ្វើ​ឡើង​ដោយ​សហរដ្ឋអាមេរិក ក្នុង​តំបន់​ព្រំដែន​រវាង​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ប៉ា​គី​ស្ថាន តែ​ពុំ​មានការ​បញ្ជាក់​ច្បាស់​ពី​កាលបរិច្ឆេទ​នៃ​ប្រតិបត្តិការ​នេះ​ទេ​។ លោក​ត្រាំ​បន្ត​ថា ការ​ស្លាប់​របស់​ជន​នោះ​មិន​ត្រឹមតែ​ជា​ការ​បាត់បង់​រូប​កាយ​របស់​គេ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​បាត់បង់​អ្នក​បន្តវេន​ពី​ឪពុក​គេ​ផង​ដែរ​។

ម្យ៉ាងទៀត​វា​បំផ្លាញ​សកម្មភាព​ប្រតិបត្តិការ​សំខាន់​ៗ​របស់​ក្រុម​អាល់​កៃ​ដា​។ ៣​ថ្ងៃ​បន្ទាប់​ពី​ខួប​លើក​ទី​១៨​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា រៀបចំ​ឡើង​ដោយ​អាល់​កៃ​ដា​និង​មេដឹកនាំ​របស់​ខ្លូ​ន​អូ​សា​ម៉ា​ប៊ី​ន​ឡា​ដេ​ន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជិត​៣០០០​នាក់ ប្រមុខ​សេត​វិមាន​អះអាង​ថា ហាម​ហ្សា​ប៊ី​ន​ឡា​ដេ​ន​ជា​អ្នក​រៀបចំ​ផែនការ​និង​ធ្វើការ​ជាមួយ​ក្រុម​ភេរវកម្ម​ផ្សេង​ៗ​។

បណ្ដា​សារព័ត៌មាន​អា​មេ​រិ​កបាន​លាតត្រដាង​កាលពី​ដំណាច់ខែ​កក្កដា​ថា ហាម​ហ្សា​ប៊ី​ន​ឡា​ដេ​ន មាន​អាយុប្រមាណ​ជា​៣០​ឆ្នាំ​បាន​ស្លាប់​ហើយ ដោយ​កាសែត​ញូ​វ​យ៉​ក​ថែម​ថា​អាច​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​។ កាលពី​ដំណាច់​ខែសីហា រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក លោក​MARK ESPER​ធ្លាប់​អះអាង​ដោយ​ចុងមាត់ចុងក ពី​ការ​ស្លាប់​របស់​ជន​នោះ​។

ទោះបី​យ៉ាងណា​ក្រុម​អាល់​កៃ​ដា​ពុំ​ុំ​ដែល​ធ្វើ​អត្ថាធិប្បាយ​ពី​ការ​ស្លាប់​របស់​កូនប្រុស​ប៊ី​ន​ឡា​ដេ​ន​នេះ​ឡើយ​។ ជា​កូន​ទី​១៥​ក្នុង​ចំណោម​កូន​ប៊ី​ន​ឡា​ដេ​ន​ទាំង​២០​នាក់ ហាម​ហ្សា​ជា​កូន​របស់​ភរិយា​ទី​៣​របស់​គេ​។ ហាម​ហ្សា​កើត​នា​ថ្ងៃ​ទី​៩​ឧសភា​ឆ្នាំ​១៩៨៩​នៅ​ក្រុង​DJEDDAH អា​រ៉ា​ប៊ី​សា​អូឌីត តែ​ត្រូវ​បាន​ដក​សញ្ជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ខែមីនា​។ ហាម​ហ្សា​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​អា​មេ​រិ​ក នៃ​បណ្ដា​មនុស្ស​ដែល​ជាប់ចោទ​ពី​បទ​ភេរវកម្ម​ហើយ​រង​ការ​ដាក់​ទណ្ឌកម្ម​របស់​អ​.​ស​.​ប​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ