តម្លៃ​ពលកម្ម​វិស័យ​កើន​តែ​សេដ្ឋកិច្ច​គ្រួសារ​កម្មករ​មិន​ប្រសើរ​ទេ ខណៈ​សហជីព​ទាមទារ ឲ្យ​កំណត់​ប្រាក់​ឈ្នួល​គោល


​រាជធានី​ភ្នំពេញ​៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​វិស័យ​សំណង់​មានការ​រីក​ចម្រើន​ខ្លាំងទាំង​នៅ​ទីប្រជុំជន​និង​តាម​បណ្តា​ខេត្ត​ដែល​នាំ​ឲ្យ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ច្រើន ទាំង​កម្មករ​មាន​ជំនាញ​និង​គ្មាន​ជំនាញ​ខ្ពស់​ផង​ដែរ ។ ទន្ទឹម​នឹង​តម្រូវការ​កម្លាំង​ពលកម្ម​កើនឡើង តម្លៃ​ពលកម្ម​ដែល​កម្មករ​មាន​ជំនាញ​និង​គ្មាន​ជំនាញ​ទ​ទូល​បាន​ក៏​បាន​ច្រើន​ជាង​មុន ដែល​ទាប​បំផុត​ក៏​ទទួល​បាន ៣៥,០០០ រៀល​ក្នុង​មួយ​ថ្ងៃ ។

ក៏​ប៉ុន្តែ​កម្មករ​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​មួយ​នេះ​ហាក់​នៅ​មិន​ទាន់​ទទួល​បានការ​យកចិត្តទុកដាក់ ឬ​គិតគូរ​ទំនុកបម្រុង​ឱ្យ​ប្រសើរ​នៅឡើយ​នោះ​ទេ ជាក់ស្តែង​កម្មករ​គ្មាន​ជំនាញ​ទទួល​បាន​ប្រាក់​ឈ្នួល​ពលកម្ម​ប្រចាំ​ថ្ងៃ​មាន​ចំនួន​តិចតួច​នៅឡើយ បើ​ទោះបីជា​រាង​បាន​ថ្លៃ​ជាង​មុន​ក្តី តែ​ពួក​គេ​ប្រឈម​នឹង​ហានិភ័យ​នៃ​គ្រោះថ្នាក់​ការងារ​ខ្ពស់ ខណៈ​ចំណូល​វិញទៀត​សោត ក្រោយ​ពី​ទូទាត់​លាត់សើយ​ជាមួយនឹង​តម្លៃ​បន្ទប់​ជួល តម្លៃ​ម្ហូបអាហារ​ថ្លៃ​ជាង​មុន គឺ​ជីវភាព ឬ​សេដ្ឋកិច្ច​គ្រួសា​របស់​កម្មករ​សំណង់​ពុំ​មាន​សល់​អ្វី​ជា​ដុំ​កំភួន​នោះ​ឡើយ ។

លោក សុផល កម្មករ​សំណង់​គ្មាន​ជំនាញ​ម្នាក់​បានឱ្យ​ដឹង​ថា​កម្មករ​សំណង់​គ្មាន​ជំនាញ​មួយ​ថ្ងៃ​ទទួល​បាន​ប្រាក់​ឈ្នួល​ពលកម្ម​ប្រចាំ​ថ្ងៃ​បាន ៣៥.០០០​រៀល បើ​កាត់ថ្លៃ​ចំណាយ​លើ​ម្ហូប​និង​ថ្លៃ​បាយ​ចេញ គ្មាន​សល់​បាន​ប៉ុន្មាន​នោះ​ទេ​។ បើ​តាម​លោក​ផល តម្លៃ​ពលកម្ម​៣៥.០០០​រៀល​ក្នុង​មួយ​ថ្ងៃ បើ​កម្មករ​ស្នាក់​នៅ​ជួល​បន្ទប់ ទិញ​ទាំង​បាយ​និង​ម្ហូប​រាល់ថ្ងៃ មិន​អាច​រស់នៅ​បាន​ទេ តែ​បើក​កម្មករ​មាន​កន្លែង​ការដ្ឋាន​ក្នុង​ការដ្ឋាន​អាច​សល់​ប្រាក់​តិចតួច​។ ​លោក​បាន​បន្ត​ថា «​ក្នុង​មួយ​ខែ ក្រៅពី​កាត់​ចំណាយ​លើ​ថ្លៃ​ម្ហូប​អាច​ផ្តល់​ប្រាក់​ទៅ​ឱ្យ​ក្រុម​គ្រួ​សារបាន​៣០​ទៅ​៤០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ៗ​។ ក៏​ប៉ុន្តែ​ក្នុង​ខែ​នេះ​វា​មិន​សល់​បាន​ទាំង​អស់នោះ​ទេ ព្រោះ​ខ្ញុំ​ឈឺក្រពះ​ពោះវៀន​ទើបតែ​ធូរស្រាល​ៗ មិន​ទាន់​ជា​ស្រលះ​ក្នុង​ខ្លួន​នោះ​ទេ​គឺ​នៅ​បន្ត​លេបថ្នាំ​បន្ត​រាល់ថ្ងៃ​»​។ លោក​បាន​លើក​ឡើង​ថា ធ្វើការ​កម្មករ​សំណង់​សព្វ​ថ្ងៃនេះ បើ​ពឹង​តែ​ទៅ​លើ​ចំណូល​ដែល​ទទួល​បាន​មួយ​ខែ​ៗ​មក​ផ្គត់ផ្គង់​ដល់​គ្រួសារ​វា​មិន​អាច​ទៅ​រួច​នោះ​ទេ រាល់ថ្ងៃ​ខំ​តែ​បានកូន​ចូល​ធ្វើការ​នៅ​រោងចក្រ​និង​កូន​ទៅ​ធ្វើការ​នៅ​ថៃ​ជួយ​ផ្គត់ផ្គង់​ដល់​គ្រួសារ មិន​អ​ញ្ចឹ​ង​ចំណូល​របស់​លោក​គឺ​មិន​អាច​ឲ្យ​គ្រួសារ​រស់នៅ​បាន​សមរម្យ​នោះ​ទេ ព្រោះ​ថ្លៃ​បន្ទប់​យ៉ាង​ហោច​ក៏​ចំណាយ​អន់​បំផុត ៣០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ ហេតុ​ដូច្នេះ​ហើយ​ទើប​មាន​កម្មករ​សំណង់​មួយ​ចំនួន​តែងតែ​សុំ​មេការ​ស្នាក់​នៅ​ការដ្ឋាន​តែម្តង ដើម្បី​កុំ​ឲ្យ​អស់​លុយ​ថ្លៃ​បន្ទប់​ជួល ។

ចំណែក​លោក លេ​ន ឌុ​ង មេជាង​ម៉ៅ​ការ​សំណង់​បានឱ្យ​ដឹង​ថា​មុខរបរ​ម៉ៅ​ការ​សំណង់​ពេល​ខ្លះ​ចំណេញ បើ​កម្មករ​ខិតខំ​ធ្វើការ​លឿន ហើយ​ពេល​ខ្លះ​បាន​ត្រឹមតែ​រួចខ្លួន​ក្រោយ​ពី​កាត់ថ្លៃ​ឈ្នួល​ពលកម្ម​ជូន​កម្មករ​រួច​។ ​លោក​បាន​លើក​ឡើង​ថា កូនជាង ឬ​កម្មករ​គ្មាន​ជំនាញ បក​ដក​ថ្លៃ​បាយ​ចេញ កម្មករ​គ្មាន​ជំនាញ​ម្នាក់​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​កម្លាំង​ពលកម្ម​បាន ៣០.០០០​រៀល តែ​ជូន​កាល​ក៏​អាច​ដល់​ជាង​៤០.០០០​រៀល​ក្នុង​មួយ​ថ្ងៃ ។ បើ​តាម​លោក លេ​ន ឌុ​ង ក្នុង​មួយ​ខែ​ត្រូវការ​ចំណាយ​ប្រាក់​លើ​ការ​ទិញ​ម្ហូប​និង​ចំណាយ​ផ្សេង​ទៀត​សម្រាប់​កម្មករ​អស់ប្រាក់​ប្រមាណ​៣.០០០​ដុល្លារ​អា​មេ​រិ​ក ហើយ​ជំនាញ​ដែល​លោក​កំពុង​ធ្វើ​សព្វ​ថ្ងៃនេះ​មិន​អាច​ឱ្យ​លោក​ក្លាយជា​អ្នកមាន​ដូច​ទៅ​និង​អ្នក​ប្រកប​របរ​ផ្សេង​ទេ ពោល​ធ្វើការ​បាន​ត្រឹមតែ​មួយរស់​។​មេជាង​ម៉ៅ​ការ​សំណង់​ដដែល​បាន​បន្ត​ថា «​និយាយ​ទៅ​វា​មិន​ខុស​ពី​ជីវិត​កម្មករ​រោងចក្រ​ទេ គឺ​តម្លៃ​បន្ទប់​ជួល​ក៏​ឡើងថ្លៃ ខណៈ​តម្លៃ​ម្ហូបអាហារ​បន្លែ​ត្រី​សាច់​សុទ្ធតែ​ឡើងថ្លៃ ។ ពី​មុន​កម្រៃ​កម្លាំង​ពលកម្ម​តិច តែ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ក៏​ធូរ​ជាង​នេះ​ដែរ​» ។

​លោក សុខ គី​ន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃឈើ​កម្ពុជា បានឱ្យ​ដឹង​ថា​កម្មករ​គ្មាន​ជំនាញ​សព្វ​ថ្ងៃមួយ​ចំនួន​នៅ​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​តែ ១៧.០០០​រៀល​, ២០.០០០​រៀល និង​២៨.០០០​រៀល​នៅឡើយ តែបើ​កម្មករ​ធ្វើការ​នៅ​ខេត្ត​ព្រះ​សីហ​នុ​អាច​ទទួល​បាន​មួយ​ថ្ងៃ​បាន​៤០.០០០​រៀល​។ ប្រាក់​ចំណូល​ដែល​កម្មករ​សំណង់​ដែល​ទទួល​បាន​សព្វ​ថ្ងៃនេះ បើ​ប្រៀបធៀប​ទៅ​និង​ថ្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ​នេះ គាត់​មិន​អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​។ ​លោក​បាន​បញ្ជាក់​បន្ថែម​ថា កម្មករ​គ្មាន​ជំនាញ​មក​ដល់​បច្ចុប្បន្ន​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​ក្រោម ៣០.០០០​រៀល​មាន​ប្រហែល​៥០% និង​កម្មករ​ដែល​មាន​ចំណូល​លើស​ពី​៣០.០០០​រៀល​មាន​ប្រហែល​៥០%​។ ​លោក​បាន​បន្ថែម​ថា «​ក្រុម​កម្មករ​ដែល​ទទួល​បាន​ចំណូល​ក្រោម​៣០.០០០​រៀល​ក្នុង​មួយ​ថ្ងៃនេះ បើ​តាម​ការ​ពិនិត្យ​ជាក់ស្តែង ម្ហូបអាហារ​ដែល​ពួក​គាត់​ហូប​រាល់​ថ្ងៃនេះ បាន​គ្រាន់តែ​ចំអែត​ក្រពះ​ទេ អត់​មាន​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់​ឆ្លើយ​តប​ទៅ​ការ​ខិតខំ​ធ្វើ​ការងារ​ធ្ងន់​ៗ​របស់​ពួក​គាត់​ឡើយ​។ ពួក​គាត់​មាន​សភាព​ស្លេកស្លាំង អ្នកខ្លះ​ធាត់​មែន​តែ​គ្មាន​កំលាំង​គ្រប់គ្រាន់​នោះ​ទេ ហើយ​ថ្មី​ៗ​នេះ​យើង​មាន​សមាជិក​ម្នាក់​បាន​ខ្យល់គរ​ស្លាប់​ដោយសារ​គាត់ ធ្វើ​ការងារ​ហួសកំលាំង ដោយសារ​ចំណូល​ដែល​ទទួល​បាន​បែងចែក​គ្រប់សព្វ​ជា​ហេតុ​ធ្វើឱ្យ​ការ​ចុក​មិន​បាន​គ្រប់គ្រាន់​»​។

លោក​បាន​បន្ត​ថា «​តាម​ការ​សង្កេត​របស់ខ្ញុំ​កន្លង​មក​នៅ​ក្នុង​វិស័យ​សំណង់​ការ​យកចិត្តទុកដាក់​ពី​ក្រសួង​ពាក់ព័ន្ធ វា​ហាក់​នៅ​ឃ្លាតឆ្ងាយ​បើ​ប្រៀបធៀប​ទៅ​និង​វិស័យ​ផ្សេងទៀត​។ បើ​នៅ​ថ្ងៃ​ខាង​មុខ បើ​នៅ​តែ​គ្មាន​ស្ថាប័ន​ណា​យកចិត្ត​ទុក​ដាល់​លើ​កម្មករ​សំណង់​ដែល​គ្មាន​ជំនាញ​នោះ​ទេ អាច​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​នឹង​ខ្វះ​កំលាំង​ពលកម្ម​ដោយ​ពួក​គាត់​បង្ខំ​ទៅ​ធ្វើការ​នៅ​ប្រទេស​ផ្សេង​។ ដូចនេះ​រាជរដ្ឋាភិបាល​គួរ​ធ្វើ​យ៉ាងណា​កំណត់​ប្រាក់ខែ​គោល​របស់​ពួក​គាត់​ឱ្យ​ច្បាស់លាស់​និង​ត្រឹមត្រូវ ហើយ​ទទួល​បាន​អត្ថប្រយោជន៍​ដូច​បាន​កំណត់​នៅ​ក្នុង​ច្បាប់ ហើយ​ចំណុច​នេះ​បើ​រាជរដ្ឋាភិបាល​ធ្វើ​បាន​រួម​ទាំង​ស្ថាប័ន​ធ្វើ​បាន ខ្ញុំ​គិត​ថា​កម្មករ​អាច​មាន​ជីវភាព​រស់នៅ​សមរម្យ​ហើយ​គាត់​មាន​លក្ខខណ្ឌ​ការងារ​ប្រសើរ​ឡើង​វិញ​»​។

​យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បង្ហាញ​ថា វិស័យ​សំណង់​បាន​បង្កើត​ការងារ​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ គិត​ជា​មធ្យម​ប្រមាណ​ពី​៦៩.៤០០​នាក់​ទៅ​៦៩.៥០០​នាក់​ក្នុង​មួយ​ថ្ងៃ​។ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​កម្មករ​ប្រមាណ​ពី​៣១.០៨០​នាក់​ទៅ​៣១.១០០​នាក់​ក្នុង​មួយ​ថ្ងៃ​។ បើ​ប្រៀបធៀប​ឆមាស​ទី​១​ឆ្នាំ​២០១៨ ចំនួន​កម្មករ​គិត​ជា​មធ្យម​ប្រមាណ​១៤១.៥០០​នាក់ ទៅ​១៤២.០០០​នាក់​ក្នុង​មួយ​ថ្ងៃ សម្រាប់​ទូ​ទាំង​ប្រទេស​។ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​កម្មករ​ប្រមាណ​ពី​៦៣.៥០០​នាក់​ទៅ​៦៤.០០០​នាក់​ក្នុង​មួយ​ថ្ងៃ គឺ​មានការ​កើនឡើង​ចំនួន​៩,២៩%​។

តាម​រយៈ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៩​នេះ ក្រសួង​រក​ឃើញ​ថា​តម្លៃ​ពលកម្ម​សម្រាប់​កម្មករ​គ្មាន​ជំនាញ​ក្នុង​មួយ​ថ្ងៃ​អាច​ទទួល​បាន​ពី ៣០.០០០​រៀល​ដល់​៤០.០០០​រៀល​,​កម្មករ​មាន​ជំនាញ​និង​មេជាង​ក្នុង​មួយ​ថ្ងៃ​អាច​ទទួល​បាន​៤០.០០០​រៀល​ដល់​៦០.០០០​រៀល​ក្នុង​មួយ​ថ្ងៃ ចំពោះ​វិស្វករ ស្ថាបត្យករ និង​អ្នកជំនាញ​ផ្សេង​ទៀត​ក្នុង​មួយ​ខែ​អាច​ទទួល​បាន​ប្រាក់បៀវត្ស​ពី​៤០០​ដុល្លារ​អា​មេ​រិ​ក​ទៅ​២.៥០០​ដុល្លារ​អា​មេ​រិ​ក​៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ