​រកមនុស្ស​អត់​ទាន់​ឃើញ​…​បែរ​​ប្រទះ​​ស្បែកជើង មួក និង​កំណាត់​ពោះ​វៀន​​


​ខេត្តបាត់ដំបង ​៖ យោង​តាមព័ត៌​​មាន​បឋម​ពី​មន្ត្រី​យោធា​បាន​​រាយ​ការ​ណ៍​ថា វត្ថុ​តាង​មួយ​ចំនួន​ដែល​គេ​សង្ស័យ​ថា ជា​របស់​ប្រជាពលរដ្ឋ​២​នាក់​ដែល​កំពុង​បាត់​ខ្លួន ​ដោយសារ​ដី​ភ្នំ​បាក់​សង្កត់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​គំនរ​ដី​ដែល​បាក់​ហូរ​ពីលើ​ភ្នំ​មួយ​កន្លែង កាលពី​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា ដែល​នៅ​ជិត​ព្រំដែន​ខ្មែរ-ថៃ ក្នុងភូមិ​សាស្ត្រភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត​។ សូមរំលឹកថា៖ នៅមិន​ទាន់​មាន​តម្រុយ​ពី​ជន​រង​គ្រោះ​២​នាក់ ដែល​សង្ស័យ​ដី​ភ្នំ​រលំ​សង្កត់

វត្ថុ​តាង​ទាំងនោះ​ មាន ​«​ស្បែកជើង មួក និង​មាន​កំណាត់​ពោះវៀន​ដាច់​រាយ​ប៉ាយ​ពេញ​ដី​ (សង្ស័យជាពោះ​វៀន​​មនុស្ស​)​» ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​មន្ត្រី​យោធា​ប៉ុន្មាន​នាក់​ផង ដែល​បាន​ចុះ​ទៅ​ដល់ទី​នោះ ខណៈ​ដែល​កម្លាំង​នគរបាល​ការពារ​ព្រំដែន​លេខ៣១០ អង្គុយ​រង​់ចាំ​ដំណឹង​នៅផ្ទះ​ជន​រង​គ្រោះ ហើយ​អ​ជ្ញា​ធរ​ស្រុក​សំឡូតបាន​ដិ​សេ​ធ​ថា «​គ្មាន​រឿង​បាក់​ភ្នំ​ស​ង្កត់​ពលរដ្ឋ​ដូច​ការ​ចុះ​ផ្សាយ តាំងពី​ល្ងាច​ថ្ងៃ​កើតហេតុ នៅ​ពេល​អ្នក​សារ​ព័​ត៌​មាន​សួរនាំ​អំពី​រឿង​នេះ​»​។

ប្រភព​ពី​មន្ត្រី​យោធា​ថា ពួក​គេ​បាន​រក​ឃើញ​តែ​វត្ថុ​តាង​ប៉ុណ្ណឹង រីឯ​ជន​រង​គ្រោះ​ទាំង​២​នាក់​នោះ គេ​មិន​ទាន់​ដឹង​ថា ក្លាយជា​សាកសព​កប់​នៅ​ក្នុង​ដីល្បាប់ ​ដែល​បាក់​ហូរ​ពីលើ​ភ្នំ​ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​ពេល​នោះ​ពួក​គេ​បាន​រុករក​មិនឃើញ​សោះ​ ។ ប៉ុន្តែ​ដោយសារ​មេឃ​កាន់តែ​ងងឹត និងជិត​យប់​ទៅ​ហើយ ទើប​ពួក​គ​នាំ​គ្នា​ផ្អាក​ការ​រុករ​រក​ជា​បណ្ដោះ​សិន និង​បន្ត​ការ​រុករក​នេះ នៅ​ថ្ងៃ​ទី​១៨ កញ្ញា​ នេះ​បន្ត​ទៀត​។​

ប្រភព​ដដែល​​​បញ្ជាក់​ថា នៅ​ក្នុង​ការ​រុករក​ជន​រង​គ្រោះ​ខាង​លើក​នេះ មាន​តែ​មន្ត្រី​យោធា​ប៉ុន្មាន​នាក់ រួម​ជា​មួយ​សាច់ញាតិ​ជន​រង​គ្រោះ​តែ​ប៉ុណ្ណោះ មិន​មាន​អាជ្ញាធរ​ ឬ​មន្ត្រី​ក្នុង​អង្គភាព​ផ្សេង​ចូលរួម​ទេ ។ សូម​បញ្ជាក់​ថា ពលរដ្ឋ​ចំនួន​៣​នាក់ បាន​ជួប​គ្រោះ​ធម្មជាតិ​ដ៏​មហន្តរាយ​នេះ កាលពី​រសៀល​ថ្ងៃ​ទី​១៦ កញ្ញា ខណៈ​ដែល​ពួក​គេ​បាន​សំងំជ្រក​ភ្លៀង​នៅ​លើ​ចង្កេះភ្នំ​មួយ​កន្លែង ដែល​ពួក​គេ​មិន​ស្គាល់ឈ្មោះ ដែល​ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត​ ។

ប៉ុន្តែ​នៅ​ក្នុង​ឧប្បត្តិ​ហេតុដ៏រន្ធត់​នោះ ពលរដ្ឋ​ម្នាក់​ឈ្មោះ​ព្រិ​ន កុសល ប្រុស​អាយុ​២៥​ឆ្នាំ​ ។ បុរស​នេះ​ មាន​ស្នាម​​របួស​ពេញ​ខ្លួន ហើយ​បាន​និយាយ​ប្រាប់​គ្រួ​ពេទ្យ​ថា ខ្លួន​បាន​ព្យាយាម​រត់​រួច​ពី​លំហូរ​ដីល្បាប់​ពីលើ​ភ្នំ និងគេច​ផុត​​ពី​ដើមឈើ​យ៉ាង​ប្រផិត​ប្រផើយ ខណៈ​គូកន​២​នាក់​ទៀត​អាច​ត្រូវ​ដី​បាក់​សង្កត់​លើ ។

ពាក់ព័ន្ធ​នឹង​ដំណឹង​អកុសល​នេះ អភិបាលស្រុក​សំឡូត លោក​សើរ សា​ម៉េ​ត បាន​បដិសេធ​ថា «​គ្មាន​រឿង​បាក់​​ភ្នំ​សង្កត់​មនុស្ស​ស្លាប់ ​ឬ​របួស​ទេ​»​ ។ លោក​អភិបាលស្រុក​សំឡូតបា​នឆ្លើយ​បដិសេធ​បែប​នេះ នៅ​ល្ងាច​ថ្ងៃ​កើតហេតុ នៅ​ពេល​អ្នក​សារ​ព័​ត៌​មាន​សួរនាំ​ពី​រឿង​នេះ​ ។ ពោល​គឺ​ក្រោយ​ហេតុ​ការ​ណ៍នោះ​ បាន​កើត​ឡើង​ជា​ច្រើន​ម៉ោង ហើយ​ខណៈ​ដែល​ជន​រង​គ្រោះ​ម្នាក់​ ត្រូវ​បាន​បញ្ជូន​មក​ដល់​មណ្ឌល​សុខភាព និង កោះ​សន្តិភាព​បាន​ផ្សាយ​រួច​ហើយ​។

ដោយឡែក​ នៅ​ថ្ងៃ​ទី​១៧ កញ្ញា កម្លាំង​វរៈ​នគរបាល​ការពារ​ព្រំដែន​លេខ​៣១០ ដឹកនាំ​ដោយ​លោក​អ៊ុ​ក សា​រិ​ន ប្រធាន​អង្គភាព​នេះ បាន​ទ​ទួល​​បញ្ជា​ឲ្យ​ចុះ​ទៅ​រុករក​ជន​រង​គ្រោះ​ទាំងនោះ ប៉ុន្តែ​កម្លាំង​នេះ​បាន​ចុះ​ទៅ​ដល់​ត្រឹម​ផ្ទះ​ជន​រង​គ្រោះ នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោក តែ​ប៉ុណ្ណោះ ដើម្បី​រង​ចាំ​ទ​ទូល​ដំណឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ដែល​ចុះ​ទៅ​ស្វែងរក​ជន​រង​គ្រោះ​ដល់ទី​តាំង​កើតហេតុ តែ​មិន​មាន​លទ្ធផល​ពី​ក្រុម​នគរបាល​វរៈ​ព្រំដែន​លេខ​៣១០ នេះ​ទេ ប៉ុន្តែ​បែរជា​មាន​លទ្ធផល ពី​កម្លាំងយោធា​ទៅ​វិញ​។

ជុំវិញ​ករណី​ពលរដ្ឋ​បាត់​ខ្លួន​ដោយសារ​គ្រោះថ្នាក់​បាក់​ដី​ភ្នំ​សង្កត់​ខាងលើ​នេះ បើ​តាម​មន្ត្រី​នានា នៅ​ក្នុងស្រុក​សំឡូត បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក​អភិបាលស្រុក ហាក់​មិន​បាន​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ និង មាន​ភាព​យឿ​ត​យ៉ាវ​ក្នុង​ការ​អន្តរា​គម​ន៏ នៅ​ពេល​ពលរដ្ឋ​ជួប​គ្រោះ​ធម្មជាតិ​យ៉ាងធ្ងន់ធ្ងរ​បែប​នេះ​។ សូមរំលឹកថា៖ គាត់រួចផុតពីគ្រោះថ្នាក់បាក់ដីភ្នំ…តែជីវិតមនុស្ស២​ទៀត​មិនដឹងយ៉ាង​ណា​?

មិនតែប៉ុណ្ណោះ លោក​អភិបាលស្រុក​រូប​នេះ បែរជា​ប​ដិ​សេ​ដ​ថា «​គ្មាន​រឿង​បាក់​ដី​ភ្នំ​សង្កត់​ពលរដ្ឋ​ទៀត​ផង បើ​ទោះជា​ជន​រង​គ្រោះ​ម្នាក់ ត្រូវ​បាន​បញ្ជូន​ដល់​មណ្ឌល​សុខភាព ស្រុក​ទៅ​ហើយ និង សារ​ព័ត៌មាន​ផ្សព្វ​ផ្សាយ​ពេញ​មេឃ​ហើយ​ក្តី ។ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ