មហាសេដ្ឋី​ប្រាប់​ពី​ល្បិច​ពេល​ជ្រើសរើស​បុគ្គលិក​


លោក​មហាសេដ្ឋី Warren Buffett ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Berkshire Hatha​way បាន​ចែករំលែក​ថា ពេល​ដែល​លោក​ជ្រើសរើស​បុគ្គលិក លោក​តែងតែ​ស្វែងរក​មនុស្ស​ដែល​មាន​ចំណុច​បី​យ៉ាង ។ ទី​មួយ​គឺ​ចំណេះដឹង និង​ភាព​វៃឆ្លាត ។ ទី​ពីរ​គឺ​ការ​ផ្តួចផ្តើម​គឺ​កម្លាំង ។ ហើយ​ទី​បី​គឺ​ភាព​ទៀងត្រង់ ។ ប៉ុន្តែ​លោក​បាន​បន្ត​ទៀត​ថា ប្រសិនបើ​មនុស្ស​ម្នាក់​នោះ​មិន​មាន​ចំណុច​ទី​បី​ទេ​នោះ​ចំណុច​ទី​មួយ និង​ទី​ពីរ​ក៏​មិន​មាន​ន័យ​ដែរ ។

លោក Jon Huntsman ដែល​ជា​មហាសេដ្ឋី​មួយ​រូប​ទៀត​ក៏​បាន​សរសេរ​ក្នុង​សៀវភៅ​របស់​លោក​ដែល​មានឈ្មោះ​ថា Winners Never Cheat: Even in Difficult Times ថា​ច​រិ​ក​លក្ខណៈ​គឺជា​កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជោគជ័យ​បាន​បណ្តោះអាសន្ន ឬ​ជោគជ័យ​បាន​យូរអង្វែង ។

ប៉ុន្តែ​សំណួរ​ដែល​សំខាន់ គឺ​តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​ដឹង​ថា​មនុស្ស​ម្នាក់​មានគុណ​សម្បត្តិ​នេះ​ឬទេ? លោក Marcel Schwantes ដែល​ជា​ស្ថាបនិក និង​ប្រធាន​ផ្នែក​ធនធានមនុស្ស​មក​ពី​ក្រុមហ៊ុន Leadership From the Core បាន​ប្រាប់​ថា អ្នក​ត្រូវ​សង្កេត​មើល​ចំណុច​ខាងក្រោម​នេះ​ពេល​ដែល​អ្នក​ជ្រើសរើស​បុគ្គលិក​ថ្មី ឬ​កំពុង​វាយតម្លៃ​ការងារ​របស់​បុគ្គលិក​ដែល​ទើបតែ​ចូល​ថ្មី​៖

១-តើ​ពួក​គេ​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ដោយ​បើក​ទូលាយ ឬទេ? មនុស្ស​ដែល​ទៀងត្រង់​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​មានការ​បើក​ទូលាយ និង​ស្មោះត្រង់ ព្រោះ​វា​កសាង​ជំនឿ​ទុកចិត្ត បង្កើន​តម្លៃ និង​ប្រសិទ្ធិ​ភាព​ការងារ​ថែម​ទៀត​ផង ។

២-តើ​ពួក​គេ​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​និយាយ ឬទេ? តើ​ពួក​គេ​គោរព​តាម​អ្វី​ដែល​បាន​សន្យា និង​ប្តេជ្ញា​ឬទេ? មនុស្ស​ដែល​ទៀងត្រង់​តែងតែ​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​និយាយ និង​ធ្វើ​ជា​ឧទាហរណ៍​ល្អ​មួយ​ឲ្យ​អ្នក​ដទៃ​ដើរ​តាម ។ កត្តា​នេះ​ជា​គន្លឹះ​សំខាន់​មួយ​ដែល​ជួយ​ឲ្យ​មនុស្ស​ទាំងអស់​ក្នុង​ស្ថាប័ន​ការងារ​ជឿជាក់​គ្នា និង​អាច​សហការ​គ្នា​បាន​ល្អ ។

៣-តើ​ពួក​គេ​មាន​ឥរិយា​បទ​ល្អ​ទេ? ក្នុង​ករណី​មាន​បញ្ហា ឬ​ជម្លោះ​កើតឡើង តើ​ពួក​គេ​មាន​សមត្ថភាព​ក្នុង​ការ​រក្សា​អារម្មណ៍​ឲ្យ​ស្ងប់ និង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ទេ? មិន​ថា​ស្ថិត​ក្នុង​ស្ថាន​ការ​បែប​ណា មនុស្ស​ដែល​សុចរិត​និង​ទៀងត្រង់​តែងតែមាន​ឥរិយា​បទ​ល្អជា​និច្ច ។

៤-តើ​ពួក​គេ​ទទួលខុសត្រូវ​លើ​អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ទេ? មនុស្ស​ដែល​ទៀងត្រង់​តែងតែ​ចេញ​មុខ​ទទួល​ខុសត្រូវ​ចំពោះ​រាល់​ការ​ប្រព្រឹត្ត​របស់​ខ្លួន​មិន​ត្រឹមតែ​នៅ​មុខ​ប្រធាន​ទេ តែ​នៅ​ក្នុង​ក្រុមការងារ​ផង​ដែរ។ ពួក​គេ​មិន​ចាំ​បោះ​កំហុសឆ្គង​ទៅ​នរណា​ម្នាក់​ឡើយ​មិន​ថា​មនុស្ស​ម្នាក់​នោះ​មាន​អត្តសញ្ញាណ ឬ​តំណែង​អ្វី​ក្នុង​ស្ថាប័ន​ការងារ​ទេ ។ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ