កម្ពុជា ធ្វើ​ម្ចាស់ផ្ទះ​កិច្ច​សន្ទនា​អាស៊ី​-​អឺរ៉ុប លើក​ទី៨ ​ស្ដី​ពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​​ចីរភាព


កម្ពុជា បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ច​សន្ទនា​អាស៊ី​-​អឺរ៉ុប លើក​ទី​៨ ស្ដី​ពី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក្រោម​ប្រធានបទ «​ការ​លើកកម្ពស់​ភាព​ជា​ដៃគូ​ទឹក ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាព​រីក​ចម្រើន​សម្រាប់​ទាំងអស់​គ្នា​» ដែល​នឹង​ប្រារព្ធ​ធ្វើ​នា​ថ្ងៃ​ទី ១៩-២០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ក្រុង​សៀមរាប ដោយ​មាន​មន្ត្រី​ចូលរួម​ចំនួន ១២០ នាក់ មក​ពី​ប្រទេស​ចំនួន ១៥ ក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) ។

កិច្ច​សន្ទនា​ខាងលើ ត្រូវ​បាន​ចូលរួម​ជា​អធិបតី​ថ្លែង​បើក​ដោយ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។

ថ្លែង​​ក្នុង​ពិធី​បើក ឯកឧត្តម​រដ្ឋមន្ត្រី បាន​សំដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​ភ្លៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​ព្រឹ​ត្ត​ការណ៍​ដ៏​មាន​សារសំខាន់​នេះ​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាប​អំពី​សក្តានុពល​ធនធានទឹក​នៅ​កម្ពុជា និង​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការ​អភិវឌ្ឍ​និង​ការ​គ្រប់គ្រង​ធនធានទឹក ដែល​ជា​វិស័យ​ជា​អាទិ​ភាព​មួយ​សំខាន់​ក្នុង​ការ​ទ្រទ្រង់ និង​ជម្រុញ​ការ​អភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ចជាតិ ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ឡើង​អំពី​សមិទ្ធផល​លើ​វិស័យ​ធនធានទឹក​ដែល​សម្រេច​បាន​រហូត​មក​ដល់​ពេល​នេះ និង​ការងារ​ជា​អាទិភាព​ដែល​កម្ពុជា ត្រូវ​បន្ត​អនុវត្ត​រួម​មាន ៖ ការ​បន្ត​អភិវឌ្ឍ និង​ពង្រឹង​​ធនធានមនុស្ស និង​ស្ថាប័ន​, ការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ និង​ការ​គ្រប់គ្រង​អាង​ទន្លេ​, ការ​គ្រប់គ្រង និង​ការ​កាត់​បន្ថយ​គ្រោះ​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត​, ការ​កសាង និង​ស្ដារ​ប្រព័ន្ធ​ធារា​សាស្ត្រ និង​អាង​ទឹក​, ការ​រៀបចំ និង​ពង្រឹង​មូលដ្ឋាន​ចំណេះដឹង​បច្ចេកទេស​, ការ​ធ្វើ​ឲ្យ​ប្រសើរ​ផ្នែក​ទំនាក់​ទំនង​និង​ភាព​ជា​ដៃគូ​, ការ​ចូលរួម​របស់​អ្នក​ពាក់ព័ន្ធ ការ​លើកកំពស់​ការ​យល់​ដឹង​ជា​សាធា​រណៈ​, ការ​ចែករំលែក​និង​ផ្លាស់​ប្តូរ​ព័ត៌មាន​ចំណេះដឹង បទ​ពិសោធន៍ និង​ការ​អនុវត្ត​ល្អ​លើ​នឹង​ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​ធនធានទឹក និង​នៅ​មាន​ផ្នែក​ជា​ច្រើន​ទៀត​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ថា ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ និង​ការ​គ្រប់គ្រង​វិស័យ​ធន​ធានទឹក​ឲ្យ​បាន​កាន់តែ​ប្រសើរ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ គឺជា​តម្រូវការ​ចំ​បាច់ និង​មាន​សារៈ​សំខាន់​បំផុត​។ ក្នុង​នាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​អំណរ​គុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ដៃគូ​អភិវឌ្ឍ​, ស្ថាប័នហិរញ្ញ​វត្ថុ​អន្តរជាតិ និង​ដៃគូ​ផ្សេង​ទៀត ដែល​បាន​ជួយ​ជ្រោមជ្រែង និង​គាំទ្រ​ទាំង​នា​ពេល​កន្លង​មក ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ដល់​ការ​អភិវឌ្ឍ​កម្ពុជា និយាយ​ជា​រួម និង​ដល់​ការ​អភិវឌ្ឍ និង​គ្រប់គ្រង​វិស័យ​ធនធានទឹក និយាយ​ដោយឡែក ដែល​បាន​ជួយ​ធ្វើ​ឲ្យ​វិស័យ​នេះ ដើរតួ​នាទី​កាន់តែ​សកម្ម និង​​រឹតតែ​សំខាន់ ក្នុង​ការ​បន្ត​រួមចំណែក​ដល់​ការ​អភិវឌ្ឍ និង​ការ​រីក​ចម្រើន នៃ​កម្ពុជា​បន្ថែម​ទៀត​។

លើស​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាប​អំពី​ការ​ចូលរួម និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​តំបន់ និង​អន្តរជាតិ​ពាក់​ព៍​ន្ធ​នឹង​ការ​គ្រប់គ្រង​ធនធានទឹក​ឆ្លង​ដែន តំបន់ និង​អន្តរជាតិ និង​បាន​សង្កត់ធ្ងន់​ថា ការ​កើត​មាននូវ​បញ្ហា​ប្រឈម​ផ្នែក​ទឹក​ក្នុង​តំបន់ និង​ពិភពលោក បាន​ធ្វើ​ឲ្យ​ភាព​ជា​ដៃគូ​ទឹក កាន់តែ​មាន​សារៈសំខាន់ និង​ត្រូវ​បាន​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​ឡើង​ៗ ដោយ​បាន​ចាត់​ទុក​ថា ជា​សកម្មភាព អាទិភាព​មួយ ក្នុង​ចំណោម​សកម្មភាព​ជា​អាទិភាព​ផ្សេង​ទៀត ដែល​ទាមទា​ឲ្យ​គ្រប់​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ចាំបាច់​ត្រូវ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ឆ្ពោះទៅ​សម្រេច​ឲ្យ​បាន​នូវ​ភាព​ចម្រុងចម្រើន​រួម​គ្នា និង​អនាគត​ប្រកបដោយ​ចីរភាព តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ឲ្យ​បាន​កាន់តែ​ខ្លាំង​ឡើង និង​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ ឲ្យ​បាន​កាន់តែ​ប្រសើរ​។

ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​កម្ពុជា ក្នុង​ការ​គាំទ្រ និង​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​តំបន់ និង​អន្តរជាតិ និង​ភាព​ជា​ដៃគូ​សម្រាប់​ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

នៅ​ចុងបញ្ចប់​នៃ​មតិ​បើក ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជូនពរ​ឲ្យ​កិច្ច​សន្ទនា ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​លទ្ធផល​ជា​ផ្លែផ្កា និង​ទទួល​បាន​ជោគជ័យ និង​សូម​ឲ្យ​ការ​ស្នាក់​នៅ​របស់​ភ្លៀវ​ជាតិ និង​អន្តរជាតិ នៅ​សៀមរាប ដែល​ជា​ទឹកដី​អច្ឆរិយៈ​នៃ​ប្រាង្គ​ប្រាសាទ​អង្គរ ប្រកបដោយ​សុខ​សប្បាយ និង​ការ​ចង​ចាំ​ដែល​មិន​អាច​បំភ្លេច​បាន​។

សូម​ជម្រាប​ថា កិច្ច​សន្ទនា​រយៈពេល​២​ថ្ងៃនេះ នឹង​ផ្តល់​ឱកាស​ដល់​អ្នកចូលរួម ដើម្បី​ចែករំលែក និង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ ចំណេះធ្វើ និង​ការ​អនុវត្ត​ល្អ​ៗ ក្នុង​ក្រប​ខណ្ឌ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប តាម​រយៈ​ការ​ពង្រឹង និង​ការ​លើកកម្ពស់ កិច្ច​សហប្រតិបត្តិការ​រវាង​តំបន់ និង​តំបន់ ភាព​ជា​ដៃគូ​ពហុ​ភាគី និង​កា​រត​ភ្ជាប់​កាន់តែ​ប្រសើរ សម្រាប់​ការ​គ្រប់គ្រង​ទឹក​ឆ្លង​ដែន ឲ្យ​បាន​កាន់តែ​មាន​ប្រសិទ្ធ​ភាព ដើម្បី​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​រីក​ចម្រើន​រួម​គ្នា ក្នុង​និង​រវាង​តំបន់​អាស៊ី និង​អឺរ៉ុប និង​តំបន់​ផ្សេង​ទៀត​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ