បានដោះលែងវិញហើយ…លោកតាដែល​ជាប់​ចោទ​ករណីទិញ​ឈើ​ខុសច្បាប់​


ខេត្ត​ប៉ៃលិន ៖ ​ទីបំផុត លោកតា-លោកយាយ ដែល​រង​ការ​ចោទប្រកាន់​ក្នុង​ករណី​ទិញ​ឈើ​ខុសច្បាប់​នេះ រហូត​មកដល់​ថ្ងៃ​ទី​១៨ ​កញ្ញា ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ និងប្រគល់​ឈើ​បេង​ជូន​វិញ​ទាំងអស់​ផង​ដែរ ។ ក្រោយ​ពី​កាសែត និងគេហទំព័រ​កាសែត​កោះសន្តិភាពបាន​ចេញផ្សាយ ​កាលពី​ថ្ងៃ​ទី​១៧ ​កញ្ញា ឆ្នាំ​២០១៩ថា​ លោកយាយ​ចំណាស់​ម្នាក់បាន​ទួញ​យំ​លើកដៃ​សំពះ​អង្វរ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​អភិបាលខេត្ត​ប៉ៃលិន មេត្តា​ជួយ​អន្តរាគមន៍ដោះ​លែង​លោកតា​ជរា​ជា​ប្តី មាន​អាយុ​ជិត​៨០​ឆ្នាំឱ្យ​ចេញពី​ពន្ធនាគារ​វិញ ក្រោយ​ពី​នគរបាលចោទ​ពី​បទទិញ​ឈើ​ខុសច្បាប់ ខណៈ​ទិញ​ឈើ​បេង​២​ដើម ប្រហោង​ខាងក្នុងពី​ចម្ការ​មួយ​​កន្លែងយក​ទៅ​ធ្វើ​គ្រែ​ដេក ស្រាប់​តែត្រូវ​នគរបាល​ឃាត់ខ្លួន​បញ្ជូន​​ទៅ​តុលា​ការខេត្ត ។ ​សូមរំលឹកថា៖ ឱ​!​អ្នក​ច្បាប់​អើយ​…​ជួយ​ផង​! រាស្ត្រ​គ្មាន​វាចា​នឹង​ថ្លែង​ទេ​!!

សូមបញ្ជាក់​ថា លោកតា​​ជរា ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ឈ្មោះ មឿង សែន អាយុ​៧៦​ឆ្នាំ ពិការ​ដៃ​១​ចំហៀង​ផ្នែក​ខាងឆ្វេង មាន​ប្រពន្ធ ឈ្មោះហាង ចាន់ អាយុ​៧៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

ពោល​គឺ នគរបាល បាន​ចុះ​ទៅ​ចាប់​ឃាត់ខ្លួន​បុរស​ជរា​នេះ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្បែរ​ផ្ទះ​ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

​លោក​ជំទាវ បាន ស្រី​មុំ​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​ចុះ​ដល់​លំនៅ​ដ្ឋា​ន​ផ្ទាល់​របស់​លោកតា មឿង សែន អាយុ​៧៦​ឆ្នាំ និង​លោកយាយហាង ចាន់ អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ ដែល​រង​ការ​ចោទប្រកាន់​ក្នុង​ករណី​ទិញ​ឈើ​ខុសច្បាប់ ក្នុង​គោលបំណង​យក​មក​ធ្វើ​គ្រែ​ដេក ដែល​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់​ខ្លួន​នា​ពេល​កន្លង​មក ។

ក្នុង​ឱកាស​ចុះ​ជួប​ផ្ទាល់​លោក​ជំទាវ បាន ស្រី​មុំ តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន និង​មានការ​ចូលរួម​ពី​អភិ​បាល​ខេត្ត ប្រធាន​តុលាការ ព្រះរាជអាជ្ញា​សាលាដំបូង បាន​នាំ​យក​ភ​ថវិកា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​២០​លាន​រៀល ជូន​ដល់​គ្រួសារ​យាយ​តា​ទាំង​ពីរ​សម្រាប់​ដោះស្រាយ​ជីវភាព ទិញ​គ្រែ និង​ធ្វើ​ផ្ទះ​ឱ្យ​បាន​សមរម្យ ដើម្បី​បំពេញ​បំណង​ជូន​ចាស់ជរា​ទាំង​ពីរ​នេះ ​។ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ