​ឆ្នាំ២០៣០ ប្រជាជន​រស់នៅ​ទីប្រជុំជន​និង​ទីក្រុង​នឹង​កើន​ដល់​ជាង​ជិត​៨​លាន​នាក់ តម្រូវការ​លំនៅ​ឋាន​នឹង​កើន​ខ្ពស់


រាជធានី​ភ្នំពេញ​៖ កំណើនប្រជាជន​ក្នុង​ទីប្រជុំជន​កម្ពុជា បាន​កើន​ឡើងជា​បន្តបន្ទាប់ ដែល​ធ្វើ​អោយ​ទីក្រុង​នានា ត្រូវការ​ពង្រីក​ខ្លួន​កាន់តែ​ធំ និង​ត្រូវការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធផង​ដែរ ។ តាម​ការ​ប៉ាន់ស្មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អំពី​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីក្រុង នៅ​កម្ពុជា​ឃើញ​ថា​ចំនួន​ប្រជាន​រស់នៅ ក្នុង​រាជធានី​ក្រុង និង​ទីប្រជុំជន​ឆ្នាំ ២០១៤ មាន​តែ​ប្រមាណ​៤,៥​លាន​នាក់​ត្រូវជា​២៧,១​ភាគរយ​និង​បន្ត​កើន​ដល់ ៧,៩២​លាន​នាក់​ត្រូវជា​៤៤​ភាគរយ​នៅ​ឆ្នា ២០៣០​នេះ ។

តាម​ទិន្នន័យ​នេះ បាន​បង្ហាញ​ថា សម្រាប់​រយៈពេល​១៥​ឆ្នាំ ពោល​គឺ​ចាប់ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០៣០ តម្រូវការ​លំនៅ​ឋាន​សម្រាប់​តំបន់​រាជធានី ក្រុង ទីប្រជុំជន មាន​ប្រមាណ​៨០​ម៉ឺន​លំនៅ​ឋាន ដែល​គិត​ជា​មធ្យម​មាន​តម្រូវការ​ប្រមាណ​៥​ម៉ឺន​លំនៅ​ឋាន​ក្នុង​មួយ​ឆ្នាំ ។

លោក លាង មុនី​រឹទ្ធ រដ្ឋលេខាធិការ​ក​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​មាន​ប្រសាសន៍​ថា ឆ្លើយ​តប​នឹង​បញ្ហា​នេះ ក្រសួង បាន​និង​កំពុង​សកម្ម​អនុវត្ត​គោលនយោបាយ​ជាតិ​ស្ដី​ពី​ការ​រៀបចំ​ដែនដី ក្នុង​ការ​កសាង​ផែនការ​រៀបចំ​ដែនដី ប្លង់​គោល និង​ផែនការ​ប្រើប្រាស់​ដី​គ្រប់​កម្រិត និង​គោលនយោបាយ​ស្ដី​ពី​លំនៅ​ឋាន​អោយ​ស្រប​តាម​តម្រូវការ​នៃ​ការ​រីក​លូតលាស់​ផ្នែក​នគរូបនីយកម្ម និង​កំណត់​តំបន់​ទិស​ដៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ក្រុង ពង្រីក​ទីក្រុង​តំបន់​ស្នាក់​នៅ និង​ជា​ពិសេស​លំនៅ​ឋាន​ដែល​មាន​តម្លៃ​សមរម្យ​ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម និង​ជន​ងាយ​រង​គ្រោះ ដើម្បី​ធានា​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​សមធម៌ ។ ​លោក​បាន​បន្ត​ថា រាជរដ្ឋាភិបាល​ក​កម្ពុជា តែង​ចាត់​ទុក​វិស័យ​ឯកជន​ជា​ដៃគូ និង​បាន​លើកកម្ពស់​តួនាទី​វិស័យ​ឯកជន ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ដោយឡែក​វិស័យ​អចលនទ្រព្យ និង​សំណង់ បាន​ផ្ដល់​ការ​អនុគ្រោះ ជា​ច្រើន​ដល់​វិស័យ​វិនិយោគិន​បរទេស ចំណេះ​សិទ្ធិ​លើ​អចលនទ្រព្យ ។

លោក លាង មុនី​រឹទ្ធ បាន​មាន​ប្រសាសន៍​បន្ថែម​ថា «​កត្តា​នេះ​បាន​នាំ​មក​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជួយ​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​រង្វង់ ៧​ភាគរយ ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​បន្តបន្ទាប់​មកនេះ និង​តាម​ការ​ព្យាករណ៍ នៅ​ឆ្នាំ ២០១៩​នេះ សេដ្ឋកិច្ច​កម្ពុជា​នឹង​សម្រេច​បាន​ក្នុង​រង្វង់ ៧​ភាគរយ​បន្ត​ទៀត ដែល​ក្នុង​នោះ វិស័យ​អចលនទ្រព្យ និង​សំណង់​ជាស​រសរ​ស្ដម្ភ​ស្នូល​មួយ​ដ៏​សំខាន់ ។ ជាក់ស្ដែង ទុន​វិនិយោគ លើ​វិស័យ​សំណង់​ក្នុង​ឆ្នាំ ២០១៨ កន្លង​មកនេះ​មាន​ប្រមាណ​៥.៧៥៥​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ក្នុង​រយៈពេល​១​ឆមាស​ឆ្នា ២០១៩​នេះ មាន​ប្រមាណ​៣.៣៩២​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ​៥៧,៥៧​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នា ២០១៨ » ។ លោក​បាន​បន្ថែម​ថា ស្រប​នឹង​ការ​រីក​ចម្រើន​នេះ សហគ្រាស​អាជីវកម្ម​ក្នុង​វិស័យ​សំណង់​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ និង​នៅ​មាន​សុពលភាព​បាន​កើនឡើង​ដល់​២៣០៧​ក្រុមហ៊ុន ។ ជា​ទូទៅ ប្រទេស​កម្ពុជា​មាន​ស្ថាបត្យករ​ប្រមាណ​ជាង​២.៥០០​នាក់ និង​វិស្វករ​ប្រមាណ​ជាង​៣០​ម៉ឺន​នាក់ ។

បើ​តាម​លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​វិនិយោគ​មក​ពី​បរទេស បាន​ធ្វើ​អោយ​ការ​អភិវឌ្ឍន៍​ទីក្រុង​នៅ​កម្ពុជា​កាន់តែ​លឿន ហើយ​សព្វ​ថ្ងៃនេះ ជនជាតិ​ចិន​គឺជា​អ្នក​វិនិយោគ​លេខ​មួយ​នៅ​កម្ពុជា ហើយ​ប្រទេស​ណា​ក៏​ចង់បាន​ជនជាតិ​ចិន​ទៅ​វិនិយោគ​ដែរ ព្រោះ កំណើនសេដ្ឋកិច្ច​បាន​ងើប​ឡើងជា​បន្តបន្ទាប់ ។

​លោក​បាន​និយាយ​ថា​រហូត​មក​ដល់​ពេល​នេះ ការ​វិនិយោគ​នគរូបនីយកម្ម​និង​សំណង់​នៅ​តែ​បន្ត​កើនឡើង​ដដែល មិន​មាន​សញ្ញា​ណាមួយ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ ឬ​ថមថយ​ឡើង ជាក់ស្ដែង នៅ​បណ្ដា​ខេត្ត​សក្ដានុពល​មួយ​ចំនួន បាន​និង​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​វិនិយោគិន​ក្នុង​និង​ក្រៅប្រទេស ក្នុង​ការ​បណ្ដាក់​វិនិយោគ​លើ​វិស័យ​លំនៅ​ឋាន និង​សំណង់​ផ្សេង​ទៀត ដែល​ធ្វើ​អោយ​ទីក្រុង​នានា កាន់តែ​រីក​ធំធាត់ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ