ប្រធានរដ្ឋសភា ៖ សេចក្តីព្រាងច្បាប់​សំណង់ និង​ជំរុញ​វិស័យ​សំណង់​នៅ​កម្ពុជា​កាន់តែ​រីក​ចម្រើន


រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​បញ្ជាក់​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​សំណង់​ដែល​រដ្ឋសភា​កំពុង​ពិនិត្យ​សិក្សា​នឹង​ក្លាយជា​ច្បាប់​ដ៏​មាន​សារៈសំខាន់​ជា​បទដ្ឋាន​គតិ​យុ​ត្ត​ថ្មី​បន្ថែម​លើ​អ្វី​ដែល​មាន​ស្រាប់​ក្នុង​ការ​ជំរុញ​វិស័យ​សំណង់​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន គោរព​តាម​បទដ្ឋាន​បច្ចេកទេស សុវត្ថិភាព សោភ័ណ​ភាព និង​បរិស្ថាន ។

សម្តេច​បាន​គូសបញ្ជាក់​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​សំណង់​តាក់តែង​ឡើង​ក្នុង​បរិបទ​វិស័យ​សំណង់​មានការ​រីក​ដុះដាល​កាន់តែ​ច្រើន​មាន​លក្ខណៈ​កាន់តែ​ធំ​កាន់តែ​ខ្ពស់ ។ ជា​ពិសេស​ក្នុង​ពេល​ដែល​វិស័យ​សំណង់​បាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ចជាតិ​ឲ្យ​រឹង​មាំ និង​មាន​និរន្ត​ភាព​ក្នុង​ចំណោម​វិស័យ​ផ្សេង​ទៀត​ដែល​មាន​ដូច​ជា ទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម និង​កសិកម្ម​ជាដើម ។

សម្តេច​ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ដូច្នេះ នៅ​ក្នុង​ឱកាស​អញ្ជើញ​បើក​សិក្ខាសាលា​ស្តី​ពី​ការ​ឈ្វេងយល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សំណង់ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា នៅ​វិមាន​រដ្ឋសភា ។ រដ្ឋសភា​បាន​ទទួលយក​សេចក្តីព្រាងច្បាប់​ស្តី​ពី​សំណង​តាម​សំណើរ​របស់​រាជរដ្ឋាភិបាល​មក​ពិនិត្យ​សិក្សា​ដោយ​បាន​ប្រគល់​សេចក្តីព្រាងច្បាប់​នេះ​ដល់​គណៈកម្មការ​សាធារណការ ដឹក​ជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ ឧស្សាហកម្ម រ៉ែ ឋា​ម​ពល ពាណិជ្ជកម្ម រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា​ដែល​មាន​លោកស្រី និ​ន សា​ផុ​ន ជា​ប្រធាន​ពិនិត្យ​សិក្សា​។

សិក្ខាសាលា​ដែល​រៀបចំ​នា​ពេល​នេះ​ជា​វេទិកា​មួយ ដើម្បី​ទទួលយក​មតិយោបល់​ពី​មជ្ឈដ្ឋាន​នានា ដើម្បី​ជា​ធាតុ​ចូល​ដែល​អាច​ធ្វើ​ឲ្យ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សំណង់​នេះ​មាន​ខ្លឹមសារ​គ្រប់​ជ្រុងជ្រោយ និង​បម្រើ​ដល់​ប្រជាពលរដ្ឋ​ទូទៅ ។

លោកស្រី​និ​ន សា​ផុ​ន បាន​គូសបញ្ជាក់​ថា សេចក្តីព្រាងច្បាប់​នេះ​បាន​ឆ្លើយ​តប​នឹង​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​រៀបចំ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចុះ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១១ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៩-២០២៣ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ដើម្បី​កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធភាព​កសាង​មូលដ្ឋាន​គ្រឹះ​ឆ្ពោះទៅ​សម្រេច​បាន​ចក្ខុវិស័យ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។

ប្រធាន​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ជាង​មួយ​ទស្សវត្សរ៍​ចុង​ក្រោយ​នេះ​ទុន​វិនិយោគ​វិស័យ​សំណង់​មាន​កំណើនទៀងទាត់ និង​នៅ​បន្ត​រីក​ចម្រើន​ជា​លំដាប់ ជា​ពិសេស​ការ​សាង់សង់​សំណង់​ធំ​ៗ​ខ្ពស់​ដូច​ជា អគារ​ស្នាក់​នៅ​រួម​អគារ​លក់ទំនិញ​ផ្សារ​ទំនើប មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អគារ​ការិយាល័យ សណ្ឋាគារ អគារ​ពហុមុខ​ងារ សំណង់​ទីក្រុង​រណប បុរី​លំនៅ​ឋាន ។ លោកស្រី​និ​ន សា​ផុ​ន បាន​សង្កត់ធ្ងន់​ថា សំណង់​កាន់តែ​ធំ​កាន់តែ​ខ្ពស់ និង​កាន់តែ​ស្មុគស្មាញ​កាន់តែ​ទាមទារ​ឲ្យ​មានការ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ តាម​បទដ្ឋាន​គតិ​យុ​ត្ត បច្ចេកវិទ្យា​ស្តង់ដារ និង​បទ​ប្បញ្ញត្តិ​បច្ចេកទេស ដើម្បី​ធានា​ភាពរឹងមាំ គុណភាព សោ​ភណ្ឌ​ភាព និង​ចីរភាព​សំណង់ ។

សេចក្តីព្រាងច្បាប់​ស្តី​ពី​សំណង់​មាន​២២​ជំពូក និង​១១១​មាត្រា ។ លោក ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែន នគរូបនីយកម្ម និង​សំណង់​បាន​លើក​ឡើង​ថា សេចក្តីព្រាងច្បាប់​សំណង់​ត្រូវ​បាន​តាក់តែង​ឡើង តាំងពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ ដោយ​មានការ​ចូលរួម​ផ្តល់​យោបល់​ពី​អ្នកជំនាញ​នៃ​ក្រសួង​ដីធ្លី​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជ​ញ្ជួ​ន និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន ។ សេចក្តីព្រាងច្បាប់​នេះ​មាន​គោលបំណង​ក្នុង​ការ​ពង្រឹង​ការ​គ្រប់គ្រង​ភាគី​ពាក់ព័ន្ធ និង​ការ​ប្រតិបត្តិ​ការងារ​ទាំងឡាយ​ក្នុង​វិស័យ​សំណង់ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ការពារ​ផលប្រយោជន៍​ម្ចាស់​សំណង់ អ្នក​ប្រើប្រាស់ និង​សាធារណជន​។

ជាមួយ​គ្នា​សម្តេច ហេង សំ​រិ​ន បាន​លើកទឹកចិត្ត​ដល់​សិក្ខាសាលា​ធ្វើការ​ផ្លាស់​ប្តូរ​មតិយោបល់ និង​អនុសាសន៍​ល្អ​ៗ ដើម្បី​ឱ្យ​សេចក្តីព្រាងច្បាប់​នេះ​បម្រើ​ដល់​ផលប្រយោជន៍​សង្គម និង​ពលរដ្ឋ តាម​រយៈ​ការ​គ្រប់គ្រង​លើ​ការងារ​ក្នុង​វិស័យ​សំណង់​ឱ្យ​បាន​ល្អ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ សុខុមាលភាព​របស់​ពលរដ្ឋ ។ ធានា​បាន​នូវ​គុណភាព សោ​ភ័​ណ្ឌ​ភាព និង​បរិស្ថាន​ល្អ​រក្សា និង​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ និង​បង្កើន​ទំនុកចិត្ត​របស់​វិនិយោគិន​ក្នុង​វិស័យ​សំណង់ ដើម្បី​ជំរុញ​ទីផ្សារ​អចលនៈទ្រព្យ​ឱ្យ​កាន់តែ​រីក​ចម្រើន ។

សម្តេច​ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ថា បើ​និយាយ​អំពី​វិស័យ​សំណង់ គឺ​គេ​នឹកឃើញ​ដល់​ស្នាដៃ​បុព្វបុរស​ខ្មែរ​ដែល​បាន​កសាង ប្រាសាទអង្គរវត្ត និង​ប្រាសាទបាយ័ន និង​ប្រាសាទ​រាប់រយ​ទៀត​នៅ​ពាសពេញ​ប្រទេស ។ ស្នាដៃ​ស្ថាបត្យកម្ម និង​វិស្វកម្ម​ដ៏​អស្ចារ្យ​របស់​បុព្វបុរស​ខ្មែរ បាន​ល្បីល្បាញ​ពាសពេញ​សកលលោក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ