ទោស សម រ​ង្ស៊ី៖ ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ ​គឺជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា


រាជធានី​ភ្នំពេញ ៖ លោក​ជិន ម៉ា​លី​ន អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា​ថា «​រដ្ឋាភិបាល​បាន​សម្រេច​បញ្ជូន​លិខិត​ទៅ​កាន់​ប្រទេស​សមាជិក​អាស៊ាន​ដែល​បាន​ចុះ​សច្ចាប័ន​ជាមួយ​កម្ពុជា ចំពោះ​ករណី​លោក​សម រ​ង្ស៊ី ដើម្បី​នាំ​ខ្លួន​មក​កាន់​តុលាការ​កម្ពុជា​អនុវត្ត​តាម​ច្បាប់ព្រហ្មទណ្ឌ ។ លោក​ជិន ម៉ា​លី​ន លើក​ឡើង​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​លោក​សម រ​ង្ស៊ី បាន​ប្រមាថ​អង្គ​ព្រះមហាក្សត្រ តុលាការ​ធ្លាប់​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​៤​ឆ្នាំ ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​កាលពី​ឆ្នាំ​២០១៨ ហើយ​សាលក្រម​បាន​ចូល​ជា​ស្ថាពរ ។

ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល ក្នុង​សន្និសីទ​សារព័ត៌មាន​លោក​ជិន ម៉ា​លី​ន បញ្ជាក់​ថា លោក​សមរ​ង្ស៊ី ប្រព្រឹត្ត​បទល្មើស​នេះ​ចំនួន​ពីរ​ដង ដោយ​បាន​សម្ភាសន៍​ជាមួយ​វិទ្យុ​បរទេស​(​អាស៊ី​សេរី​)​កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ។ ទ​ង្វើ​របស់​លោក​សម រ​ង្ស៊ី បែប​នេះ​មិន​អាច​ទទួលយក​បាន​ទេ នេះ​ជា​បទល្មើស​តាម​មាត្រា​៤៣៧(​ស្ទួន​)​នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ។ មាត្រា​៤៣៧(​ស្ទួន​)​បាន​ចែង​ថា ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ដល់​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល​ដល់​១០​លាន​រៀល ។

ការ​ប្រព្រឹត្ត​នេះ​បាន​រំលោភ​រហូត​ដល់​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ទៀត​ផង​(​មាត្រា​៧​និង​មាត្រ​៨) ហើយ​ជា​ការ​ប្រមាថ​ដល់​ប្រជាជាតិ​កម្ពុជា​ទាំងមូល ព្រោះ​ព្រះមហាក្សត្រ​តំណាង​ឲ្យ​ជាតិ​សាសន៍​កម្ពុជា ។ ចៅក្រម​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​សម្រេច​ទោស ដោយ​ផ្អែក​តាម​ច្បាប់ រួម​មានការ​ស្រូប​ទោស និង​បូក​ទោស​បញ្ចូល​គ្នា​តាម​សំណុំរឿង នីមួយ​ៗ ដែល​ជនជាប់ចោទ​បាន​ប្រព្រឹត្ត ដោយ​គ្មាន​នរណា​សន្និដ្ឋាន​ទោស​មុន​ចៅក្រម​នោះ​ទេ ។

ចំពោះ​ដំណើរការ​នីតិវិធី​ច្បាប់ លោក​ជិន ម៉ា​លី​ន បញ្ជាក់​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន និង​មានការ​ពិភាក្សា​ថា​សកម្មភាព​របស់​ទណ្ឌិត​សម រ​ង្ស៊ី ជា​បទល្មើស​ពាក់ព័ន្ធ​នឹង​អង្គ​ព្រះមហាក្សត្រ លោក​អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ធ្វើ​អធិបញ្ជា​ទៅ​ព្រះរាជអាជ្ញា​ឲ្យ​ចោទប្រកាន់​លោក​សម រ​ង្ស៊ី ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ ។ ពេល​នេះ​ចៅក្រម​បាន​ចេញ​ដីកានាំខ្លួន​លោក​សម រ​ង្ស៊ី មក​កាន់​តុលាការ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ដែរ​លោក​បណ្ឌិត​សភាចា​រ្យ​រស់ ច​ន្ត្រា​បុត្រ បាន​ថ្លែង​ថា សកម្មភាព និង​ទ​ង្វើ​របស់​លោក​សម រ​ង្ស៊ី ប្រឆាំង​នឹង​រាជបល្ល័ង្ក និង​ប្រជាពលរដ្ឋ​ខ្មែរ​ប្រៀប​ដូច​លោក​សម រ​ង្ស៊ី បាន​ទាត់​ចោល​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ដែល​ប្រជាពលរដ្ឋ​បាន​បោះ​ឆ្នោត​ទទួលស្គាល់ ។ ការ​វាយប្រហារ​មក​លើ​អង្គ​ព្រះមហាក្សត្រ​នេះ​គឺ​ប្រមាថ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល សូ​ម្បី​តែ​បរទេស​ក៏​គេ​ទទួលស្គាល់​ដែរ ។ ដោយ​ឡែក​ ​លោក​សម រ​ង្ស៊ី អត់​ទទួលស្គាល់​អ្វី​ដែល​ជា​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ទេ ។

លោក​បណ្ឌិត​សភាចា​រ្យ​រស់ ច​ន្ត្រា​បុត្រ ទីប្រឹក្សា​ផ្ទាល់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី និង​ជា​សាស្ដ្រា​ចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​បាន​ថ្លែង​ថា «​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន មិន​គាំទ្រ​នយោបាយ​ក្បត់ជាតិ​របស់​លោក​សម រ​ង្ស៊ី នោះ​ទេ បើ​ទោះបីជា​ប្រទេស​ទាំងនោះ​ជា​មិត្ត​របស់​សហរដ្ឋអាមេរិក​ក៏​ដោយ។មូលហេតុ​ដែល​ខ្ញុំ​អះអាង​ថា ប្រទេស​អាស៊ាន​មិន​គាំទ្រ​សកម្មភាព​ក្បត់ជាតិ​របស់​លោក​សម រ​ង្ស៊ី ដែល​មាន​អា​មេ​រិ​ក​នៅ​ពីក្រោយ​ខ្នង​នោះ ព្រោះ​ប្រទេស​ទាំងនោះ​ក៏​មាន​ទំនាក់ទំនង​រកស៊ី​ជាមួយ​មហា​យក្ស​ចិន​ផង​ដែរ ។ ជាមួយ​គ្នា​នេះ​ប្រទេស​អាស៊ាន ចង់បាន​តែ​ការ​រក្សា​សន្តិភាព និង​ស្ថិរភាព នៅ​ក្នុង​តំបន់​រួម​គ្នា​ប៉ុណ្ណោះ ។

ខ្ញុំ​មាន​ជំ​ជឿ​ថា សហរដ្ឋអាមេរិក​ដឹង​ច្បាស់​ណាស់​នូវ​ភូមិសាស្ត្រ​នយោបាយ ។ ខ្ញុំ​ជឿ​ថា​អា​មេ​រិ​ក​ក៏​មិន​អាច​នឹង​អនុវត្ត​នូវ​គម្រោង​ផែនការ​របស់​ខ្លួន​នេះ​បាន​ដែរ ។ នេះ​គ្រាន់តែ​នយោបាយ​មួយ សម្ពាធ​មួយ​របស់​នយោ​បាយ​អា​មេ​រិ​ក មក​លើ​កម្ពុជា​ប៉ុណ្ណោះ ពីព្រោះ​ប្រទេស​នៅ​ក្នុង​តំបន់​សព្វ​ថ្ងៃនេះ គេ​មាន​ទំនាក់ទំនង​រកស៊ី​ជាមួយ​គ្នា ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី សូ​ម្បី​តែ​អូ​ស្រា្ត​លី ជប៉ុន ក៏​រកស៊ី​ជាមួយនឹង​ចិន​ដែរ ។ អ្វី​ដែល​ជា​ទំនាក់ទំនង​នៅ​ក្នុង​តំបន់ គឺជា​ទំនាក់ទំនង​នយោបាយ គឺជា​ទំនាក់ទំនង​ការទូត ជា​ទំនាក់ទំនង​មួយ​ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព នៅ​ក្នុង​ទឹកដី​អាស៊ី ក៏​ដូច​ជា​ទឹកដី​អាស៊ាន​» ។

លោក​ផៃ ស៊ី​ផា​ន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល ក្នុង​សន្និសីទ​ស្តី​ពី​ករណី​ប្រមាថ​ព្រះមហាក្សត្រ​នេះ មាន​គោលបំណង​ផ្សព្វផ្សាយ​ដល់​សាធារណជន អំពី​គោលការណ៍ និង​វិធានការ​ច្បាប់​ដែល​មាន​ចែង​ជា​ធរមាន​ក្នុង​ករណី​ដែល​ប៉ះពាល់​ដល់​ព្រះ​កិត្តិនាម​អង្គ​ព្រះមហាក្សត្រ​ដែល​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជាជាតិ​កម្ពុជា ។ ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​កាតព្វកិច្ច​ត្រូវ​តែ​គោរព​ច្បាប់ និង​ការពារ​រដ្ឋធម្មនុញ្ញ ពង្រឹង​នីតិរដ្ឋ និង​លុប​បំបាត់​នី​ទណ្ឌ​ភាព ។ លោក​សម រ​ង្ស៊ី ត្រូវ​ទទួលខុសត្រូវ​ទ​ង្វើ​របស់​ខ្លួន​ចំពោះ​មុខ​ច្បាប់​ជា​កំហិត ដូចដែល​បាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា​។

លោក​កូយ សៅ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា បាន​សម្រេច​ចេញ​ដីកា​បញ្ជូន​ទៅ​សមត្ថកិច្ច​ចាប់ខ្លួន​លោក​សម រ​ង្ស៊ី មក​ប្រគល់​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ។ លោក​ចៅក្រម​ក៏​បាន​បញ្ជា​ដល់​ប្រធាន​ពន្ធនាគារ​ត្រៀម​ឃុំខ្លួន​ជន​រូប​នេះ និង​នាំ​ទៅ​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

លោក​គី តិច មេធាវី​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ បាន​ប្តឹង​លោក សម រ​ង្ស៊ី ករណី​ប្រមាថ​ព្រះមហាក្សត្រ ដោយ​លោក​មេធាវី​បញ្ជាក់​ប្រាប់​តុលាការ​ថា​លោក​សម រ​ង្ស៊ី បាន​និយាយ​ប្រាប់​វិទ្យុ​អាស៊ី​សេរី និង​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​កថា អ្នក​នៅ​លើ​ទឹកដី​កម្ពុជា​ជា​ចំណាប់ខ្មាំង​របស់​ហ៊ុន សែន សូ​ម្បី​តែ​ព្រះមហាក្សត្រ​យើង​ក៏​ជា​ចំណាប់ខ្មាំង​របស់​ហ៊ុន សែន ដូចនេះ​លោក​អត់​ហ៊ាន​ធ្វើ​អី លោក​ខ្លាច​ហ៊ុន សែន លោក​ចង់​តែ​រក្សា​រាជបល្ល័ង្ក ដូចនេះ​យើង​ទុក​ព្រះ​អង្គ​មួយអន្លើ យើង​មិន​អាច​រំពឹង​ព្រះមហាក្សត្រ​ដែល​ជា​អា​យ៉ង​របស់​ហ៊ុន សែន​ដូច​សព្វ​ថ្ងៃនេះ​ទេ​…»​។ លោក​សម រ​ង្ស៊ី មាន​សំណុំរឿង​១៤​នៅ​តុលាការ ហើយ​មាន​៦​សំណុំរឿង​សាលក្រម​បាន​ចូល​ជា​ស្ថាពរ និង​ប្រមាណ​៨​សំណុំរឿង​ទៀត​កំពុង​ដំណើរការ​នៅ​តុលាការ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ