ដឹកជ្រូក​ពីវៀតណាមតាមច្រកអន្លង់ជ្រៃ ចាប់​នៅព្រៃវែង


ខេត្តព្រៃវែង ៖ ជ្រូក​រស់​ចំនួន​២៥​ក្បាល បាន​ត្រូវ​កម្លាំង​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ​នៃ​អគ្គនា​យកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើផ្ទៃ​ប្រទេស ធ្វើការ​បង្ក្រាប​កាលពី​វេលា​ម៉ោង​ប្រមា​ណ​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ ខែកញ្ញា​កន្លងទៅ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨A ក្នុង​ឃុំ​គ្រញូ​ង ស្រុក​កំចាយមារ ។

ការ​បង្ក្រាប​បទល្មើស​ខាងលើ​នេះ ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និងផលិតកម្ម​សត្វ ។ ចំណែក​រថយន្ត​ដែល​ត្រូវ​បាន​បង្ក្រាប​មាន​ចំនួន​២​គ្រឿង ជា​ប្រភេទ​រថយន្ត​សាំយ៉ុ​ង​ដឹក​អ្នកដំណើរ ដែល​មាន​ដឹក​ជ្រូក​រស់​សរុប​ចំនួន​២៥​ក្បាល​និង​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់ ។

តាម​សមត្ថកិច្ច​ជំនាញ​ដែល​ចុះ​បង្ក្រាប​បទល្មើស​ខាងលើ​ឲ្យ​ដឹង​ថា ជ្រូករ​ស់ទាំង​អស់នេះ​ជា​របស់​ឈ្មួញ​ឈ្មោះ ឡូញ សិត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជា​ច ឃុំ​ជា​ចស្រុក​កំចាយមារ លួច​នាំ​ចូល​ពី​ប្រទេស​វៀតណាម តាម​ច្រក​អន្លង់​ជ្រៃ ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ គោលដៅ​គឺ​ដឹក​យក​ទៅ​ទុក​នៅ​ភូមិ​ស្ពាន​ភ្លើង ឃុំ​គ្រញូង ស្រុក​កំចាយមារ ខេត្តព្រៃវែង រួច​ដឹក​បន្ត​យក​ទៅ​ចែកចាយ​តាម​ផ្សារ​នៅ​ក្នុង​ខេត្ត និង​ទៅ​រាជធានី​ភ្នំពេញ ។

ប្រភព​ដដែល​បន្ត​ថា សកម្មភាព​នាំ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា​របស់​ឈ្មួញ​ខាងលើ គឺ​គ្មាន​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​ណាមួយ​ទេ ។ ហេតុនេះ​ហើយ ទើប​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះ​ស្ទាក់ចាប់​ហើយ​បញ្ជូន​បទល្មើស​និង​វត្ថុ​តាង​ទាំងនោះ​ទៅ​រក្សា​ទុក​នៅ​ច​ត្តា​ឡី​ស័ក របស់​អគ្គនាយកដ្ឋាន​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ។

មន្ត្រី​ខាងលើ​នេះ​លើក​ឡើង​ថា ការ​ដឹក​ជ្រូក​ពី​វៀតណាម​ឆ្លង​ដែន​ចូល​មក​កម្ពុជា​បាន គឺ​ដោយសារ​មានការ​បើក​បា​រ៉ា​ស់​ពី​មន្ត្រី​ប្រដាប់​អាវុធ​ការពា​ព្រំដែន និង​មានការ​ត្រូវរ៉ូវ​គ្នា​ផង​ដែរ ទើប​ជ្រូក​ទាំងនេះ​អាច​ឆ្លង​ព្រំដែន​មក​បាន ៕​​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ