ខេត្តមណ្ឌលគិរីទាក់ទាញភ្ញៀវ​មក​លេង​យ៉ាង​ច្រើន​នាថ្ងៃបុណ្យភ្ជុំបិណ្ឌ


ខេត្តមណ្ឌលគិរី ៖ ភ្ញៀវ​ទេសចរ​ជាតិ​​ជា​ច្រើននាំគ្នាទៅ​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី នា​ឱកាស​ឈប់​សម្រាក​រដូវ​​​​បុណ្យ​ភ្ជុំបិណ្ឌ​ ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​​បានកើនឡើង​​​ធ្វើ​ឱ្យផ្ទះសំណាក់ សណ្ឋាគារ រី​ស៊​ត ណែនពេញ​បន្ទប់​អស់​តែ​ម្ដង​ នា​អំឡុង​ពេល៣​ថ្ងៃនេះ ។ គេ​សង្កេត​ឃើញ​ថា នៅ​គោលដៅ​ទេសចរណ៍​ជា​ច្រើន​ក្នុង​ខេត្ត មណ្ឌលគិរី​ គឺ​មាន​អ្នក​ទេសចរទៅ​លេង​គ្រប់កន្លែង ទឹកជ្រោះ​ប៊ូ​ស្រា ទឹកអូរ​ផ្លា​យ ភ្នំ​អណ្ដូង​ស្នេហ៍ ភ្នំ​ដោះ​ក្រមុំ សមុទ្រ​ឈើ ទឹកជ្រោះរ​មនា រមណី​ដ្ឋា​ន​អូរ​មី​ស និង​ទឹកធ្លាក់ អូរ​លែង​ឃិ​នជាដើម ។

នៅ​ឱកាស​ដែល​មាន​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​ច្រើន​បែប​នេះ គេ​សង្កេត​ឃើញ​ថា រី​ស៊​ត សណ្ឋាគារ និង​ផ្ទះសំណាក់​ភាគច្រើន​មិន​តម្លើង​ថ្លៃ​ទេ ​បើឡើងគឺក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ ​ហើយក៏មានផ្ទះ​សំណាក់​មួយ​ចំនួន​តូច ​បាន​ឆ្លៀតឱកាស​តម្លើង​ថ្លៃ​ទ្វេរ​គុណ ដោយ​បន្ទប់​ខ្លះ​តម្លៃ​ដល់​ទៅ​៤០​ ទៅ​៥០​ដុល្លា​រក្នុង​មួយ​បន្ទប់ ខុស​ពី​ពេល​ធម្មតា​៣​ទៅ​៤​ដង​ឯណោះ ។

ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត ក៏​បាន​សម្ដែង​អារម្មណ៍​ពេញចិត្ត​ជាមួយ​ទេសភាព​បរិយាកាស​នៅ​ខេត្ត មណ្ឌលគិរី ដោយ​ពួក​គាត់​ចូល​ចិត្ត​ព្រៃឈើ ខ្យល់អាកាស​បរិសុទ្ធ ភ្នំ​ជា​ច្រើន និង​ទឹកដី​ដែល​សម្បូរ​ដោយ​ធម្មជាតិ ហើយ​ប្រ​សិន​មានឱកាស ពួក​គាត់​នឹង​មក​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​ទៀត ។

អាជីវ​ករ​ជា​ម្ចាស់​ភោជនីយដ្ឋាន​មួយ​កន្លែង​បាន​លើក​ឡើង​ថា គាត់​មិន​តម្លើង​ថ្លៃ​ម្ហូបអាហារ​ក្នុង​ហាង​នោះ​ទេ ទោះ​ថ្ងៃ​ធម្មតា ឬថ្ងៃ​បុណ្យ​ទាន​ក៏​ដោយ ព្រោះ​គាត់​យល់​ថា ​ការ​ឆ្លៀតឱកាស​តម្លើង​ថ្លៃ​ក្នុង​ឱកាស​បុណ្យ​ទាន មិន​ត្រឹមតែ​ខូច​ឈ្មោះ​ហាងនោះ​ទេ ថែម​ទាំង​ខូច​កេរ្តិ៍ឈ្មោះ​ដល់​ខេត្តមណ្ឌលគិរី​ទៀត​ផង ។

​ចំណែក​អ្នកគ្រប់គ្រង​ផ្ទះសំណាក់​មួយ​នៅ​ក្រុង​សែន​មនោ​រម្យ​បាន​ប្រាប់​ដែរ​ថា នៅផ្ទះ​សំណាក់​របស់​លោក​គឺ​បាន​តម្លើង​ថ្លៃ​ប្រមាណ​៥​ដុល្លា​រក្នុង​បន្ទប់​នា​ឱកាស ថ្ងៃ​ឈប់​សម្រាក​ភ្ជុំបិណ្ឌ​នេះ ការ​តម្លើង​ថ្លៃ​តិចតួច​នេះ​ដែរ ព្រោះ​ភ្ញៀវ​ច្រើន​ចូល​សម្រាក​លើស​ចំនួន​កំណត់ និង​ដើម្បី​យក​ប្រាក់​ទាំងនោះ​ថែម​ជូន​ដល់​បុគ្គលិក​បម្រើ​ការ ដែល​មិន​បាន​ឈប់​ក្នុង​ឱកាស​បុណ្យ​ទាន ។ លោក​ក៏​សូម​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ​កុំ​តម្លើង​ថ្លៃ​ខ្ពស់​ពេក​ក្នុង​ឱកាស​បុណ្យ​ទាន ព្រោះ​អាច​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី លោក ងិ​ន សុ​វិមាន បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​រយៈពេល​៣​ថ្ងៃ​នៃ​ភ្ជុំបិណ្ឌ ខេត្តមណ្ឌលគិរី​មាន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​សរុប​ជិត១​ម៉ឺន​៥​ពាន់​នាក់​។​សូម​បញ្ជាក់​ថា នៅ​ក្នុង​ខេត្តមណ្ឌលគិរី​មាន​សណ្ឋាគារ​-​ផ្ទះសំណាក់​ជាង​៦០​កន្លែង និង​មាន​ជាង​១​ពាន់​បន្ទប់ ចំណែក​ភោជនីយដ្ឋាន​មាន​ចំនួន​ជិត​៤០​កន្លែង។ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ