ភ្ញៀវ​ទេសចរ​ត្អូញត្អែរ​ពី​ភាស៊ី និង​ថ្លៃ​ជួល​ខ្យូ​ស​អង្គុយ​លេង​នៅ​ទំនប់​ទឹក​គង្គា​តម្លៃ​ថ្លៃ​ក្នុង​ឱកាស​ភ្ជុំ​បិ​ណ្ឌ


ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ភ្ញៀវ​ទេសចរ​បាន​សម្រុក​ទៅ​កម្សាន្ត​នៅ​តំបន់​ទេសនា​នា ពិសេស​តំបន់​មាន​ទឹកធ្លាក់​ដូច​ជា ទឹកធ្លាក់​ថ្ម​ក្រាល ទឹកធ្លាក់​ស្រែ​អំពិល ទឹកធ្លាក់​ធារាសាស្ត្រ​គង្គា និង​ធារាសាស្ត្រ​អា​ចាង ជាដើម ។ ប៉ុន្តែ​សម្រាប់​ទឹកធ្លាក់​ធារាសាស្ត្រ​គង្គា ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ត្បែងខ្ពស់ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស​វិញ មាន​ភាព​មិន​ប្រក្រតី​ពី​ភ្ញៀវ​ទេសចរ​ព្រោះតែ​ថ្លៃ​ខ្យូ​ស និង​ផ្ញើ​រថយន្ត​បាន​យក​តម្លៃ​ថ្លៃ​លើស​ធម្មតា ដោយ​ខ្យូ​ស​មួយ​កន្លែង​មាន​ទំហំ​២​ម៉ែត្រ​៤​ជ្រុង យក​ថ្លៃ​២​ម៉ឺន​រៀល និង​ថ្លៃ​រថយន្ត​១​គ្រឿង​ថ្លៃ​១​ម៉ឺន​រៀល​ជាដើម នេះ​មិន​ទាន់​គិតថ្លៃ​ម្ហូបអាហារ និង​ភេសជ្ជៈ​ផង ។

យ៉ាងនេះ ក្តី​អាជ្ញាធរ​ស្រុក​ទឹកផុស​បាន​ទទួលស្គាល់​ថា ពិតជា​មាន​តម្លៃ​ថ្លៃ​ពី​ម្ចាស់​អាជីវកម្ម​មែន ទោះបី​មានការ​ណែនាំ​ពី​អាជ្ញា​ស្រុក​យ៉ាងណា​ក្តី ។

លោក សាំង សុ​ឃឿ​ន អភិបាល​ស្តីទី​ស្រុក​ទឹកផុស​បានអោយ​ដឹង​ថា លោក​ក៏​បាន​ទទួល​ព័ត៌មាន​នេះ​ដែរ ដោយ​មានការ​លើក​ឡើង​ក្នុង​បណ្តាញ​សង្គម​ការ​យក​ថ្លៃ​ផ្ញើ​រថយន្ត​ទេសចរណ៍​១​គ្រឿង ថ្លៃ​១​ម៉ឺន​រៀល ។ ក្រោយមក​លោក​បានអោយ​អាជ្ញាធរ​ឃុំ​ចុះ​ស្រាវជ្រាវ​ក្នុង​រឿង​នេះ​ហើយ​បានដឹង​ថា កន្លែង​ផ្ញើ​ម៉ូតូ​ដែល​គេ​មិន​ចង់​ទទួល​ប​ញ្ជើ​រថយន្ត ហើយ​ភ្ញៀវ​នៅ​តែ​សម្រុក​យក​ទៅ​ផ្ញើ គឺ​ពិតជា​គេ​យក​១​ម៉ឺន​រៀល​មែន ។ លោក​ក៏​បាន​ណែនាំ​អោយ​យក​ថ្លៃ​ត្រឹមតែ​៥​ពាន់​រៀល​ប៉ុណ្ណោះ លើកលែងតែ​រថយន្ត​ទូ​រី​សមាន​ភ្ញៀវ​ច្រើន លោក​អនុញ្ញាត្តិ អោយ​យក​១​ម៉ឺន​រៀល ។

សម្រាប់​ថ្លៃ​ខ្យូ​ស​វិញ លោក​ក៏​បាន​ណៃ​នាំ​អោយ​យក​ត្រឹម​១​ម៉ឺន​រៀល​ដែរ តែ​មិនដឹង​ម្ចាស់​ខ្យូ​ស​ទទួល​ការ​ណែនាំ ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​ក្នុង​រមណី​ដ្ឋា​ន​ដែល​ប្រុង​ប្រយ័ត្ន​ជាងគេ គឺ​ទឹកធ្លាក់​ស្រែ​អំពិល និង​ទឹកធ្លាក់​ថ្ម​ក្រាល ដោយសារ​តែ​មាន​ភ្ញៀវ​ទេសចរ​ច្រើន​លើសលុប ។

យោង​តាម​របាយការណ៍​សម្រាប់​ថ្ងៃ​ទី​២៩ ខែកញ្ញា ភ្ញៀវ​ទៅ​កម្សាន្ត​ទឹកធ្លាក់​ស្រែ​អំពិល​មាន​ចំនួន​ជាង​១​ម៉ឺន​នាក់ ដោយ​ក្នុង​នោះ​រថយន្ត​មាន​ជាង​៤០០​គ្រឿង និង​ម៉ូតូ​ជាង​១​ពាន់​គ្រឿង ។ ចំណែក​ទឹកធ្លាក​ថ្ម​ក្រាល​វិញ មាន​រថយន្ត​២៦០​គ្រឿង ម៉ូតូ​ជាង​៧០០​គ្រឿង និង​មនុស្ស​ជាង​៦​ពាន់​នាក់ ។ ដោយឡែក​នៅ​ទំនប់​គង្គា​វិញ ទូរលេខ​លោក​មិន​បាន​ទទួល​ទេ តែ​អាច​ប្រហាក់ប្រហែល ឬ​អាច​ក្រោម​ទឹកធ្លាក់​ថ្ម​ក្រាល​បន្តិចបន្តួច​ប៉ុណ្ណោះ ។

លោក​អភិបាល​ស្តីទី​ស្រុក​ទឹកផុស​បាន​បន្ត​ថា ចំពោះ​សន្តិសុខ សណ្តាប់ធ្នាប់ នៅ​តំបន់​គង្គា​វិញ គឺ​មាន​ភាពល្អ​ប្រសើរ ដោយ​លោក​បាន​ដាក់​កម្លាំង​នគរបាល កម្លាំង​ប្រជា​ការពារ និង​កម្លាំងយោធា​កងកាំភ្លើងធំ នៅ​ជួយ​ការពារ​សណ្តាប់ធ្នាប់ និង​សម្រួល​ចរាចរណ៍​ជា​ប្រចាំ ។

សូម​រំ​ឮ​កថា​តំបន់​គង្គា គឺជា​ធារាសាស្ត្រ​ស្ទាក់​ទឹក​ដែល​កសាង​ឡើង​ដោយ​ក្រសួង​អភិ​វិ​ឌ្ឍ​ន៍​ជនបទ ដើម្បី​យក​ទឹក​ធ្វើស្រែ​របស់​ប្រជា​កសិករ​ក្នុង​តំបន់​នោះ ។ ក្រោយ​ពី​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ធូ​ធារ ស្រាប់តែ​ទំនប់​ស្ទាក់​ទឹក​មួយ​នេះ​ក្លាយជា​តំបន់​ទេសចរណ៍ គឺជា​ទី​ចាប់អារម្មណ៍ ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផង​ដែរ ធ្វើ​អោយ​អ្នក​ដែល​មាន​ដី​ជាប់​និង​ធារាសាស្ត្រ​ខាងលើ​នេះ​មានឱកាស​ចាប់​មុខរបរ​លក់ដូរ​ធ្វើ​ខ្យូ​ស​សម្រាប់​ភ្ញៀវ ធ្វើ​កន្លែង​ភាស៊ី​ផ្ញើ​រថយន្ត ម៉ូតូ លក់​ម្ហូបអាហារ និង​ពោង​សម្រាប់​ជួយ​ជួល​ជិះ​លែង​ក្នុង​ទឹក​ទៀត​ផង ដែល​ធ្វើ​អោយ​ជីវភាព​ពួក​គាត់​កាន់តែ​ប្រសើរ​ឡើង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ