ស៊ុំ សុ​ម៉ា​លី វិល​រក​ការ​សម្តែង​ជា​ថ្មី ក្រោយ​​មាន​បញ្ហា​ជាមួយ​ស្វាមី


រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​អ្នក​នាង ស៊ុំ សុ​ម៉ា​លី បាន​វិល​រក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ​ហើយ បន្ទាប់​ពី​បាន​ខកខាន​អស់​ជា​ច្រើន​ឆ្នាំ ក្រោយ​ពី​រៀប​ការ ។ ការ​វិល​មក​រក​ការ​សម្តែង​ជា​ថ្មី​របស់​តារា​សម្តែង​កូន​មួយ​រូប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​នាង​មាន​បញ្ហា​ជាមួយនឹង​ស្វាមី​របស់​នាង ខណៈ​ពេល​ដែល​រឿងរ៉ាវ​មួយ​នេះ ត្រូវ​បាន​នាង​ទម្លាយ​ចេញ​ជា​សាធារណៈ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ ។

តារា​សម្តែង​នៅ​ក្នុង​រឿង «​ព្រះ​នាង​ម្ចាស់​ឡឺ​កឺ​» បាន​វិល​មក​រក​ទ្រនំ​ចាស់ គឺ​ផលិតកម្ម​មហាហង្ស ទី​ដែល​នាង​ធ្លាប់​មាន​ភាព​ល្បីល្បាញ​តាម​រយៈ​ការ​សម្តែង​ជា​បន្តបន្ទាប់ ទាំង​ភាពយន្ត​ខ្នាត​ធំ និង​រឿង​ភាគ​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍ ។ ហើយ​រឿង​ដំបូង​នៃ​ការ​ចាប់ផ្តើម​អាជីព​សម្តែង​ជា​ថ្មី​របស់​អ្នក​នាង ស៊ុំ សុ​ម៉ា​លី នា​ពេល​នេះ​គឺជា​ភាពយន្ត​ខ្នាត​ធំ​រឿង «​ឯកា​» ដែល​ជា​ស្នាដៃ​និពន្ធ​របស់​អ្នកស្រី ម៉ៅ សំណាង ។

តារា​សម្តែង​កូន​មួយ​អ្នក​នាង ស៊ុំ សុ​ម៉ា​លី បាន​បញ្ជាក់​ថា នេះ​ជា​ខ្សែភាពយន្ត​លើក​ដំបូង​ដែល​នាង​បាន​វិល​មក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ​នា​ពេល​នេះ ខណៈ​ពេល​ដែល​ខ្សែភាពយន្ត​មួយ​នេះ គឺជា​ខ្សែ​រឿង​ដែល​មាន​គ្រប់​រសជាតិ ។ នាង​បន្ថែម​ថា រឿង​នេះ​ជា​រឿង​បែប​កម្សត់​ឈឺចាប់​ដែល​បង្កប់​នូវ​អត្ថន័យ​អប់​រំជា​ច្រើន ជាមួយនឹង​សាច់​រឿង​បែប​ថ្មី ។

បើ​តាម​អ្នក​នាង ស៊ុំ សុ​ម៉ា​លី បានឱ្យ​ដឹង​ថា ការ​វិល​ត្រឡប់​មក​រក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ​នា​ពេល​នេះ គឺ​ដើម្បី​បំពេញ​នូវ​បំណង​ដែល​បងប្អូន​ដែល​នៅ​តែ​គាំទ្រ​រូប​នាង នឹង​មាន​បំណង​ចង់​ឲ្យ​នាង​វិល​មក​អាជីព​សិល្បៈ​នេះ​វិញ បើ​ទោះបីជា​ពេល​នេះ​នាង​មានកូន​ម្នាក់​ក៏​ដោយ ។

យ៉ាងណា​ក៏​ដោយ​ការ​សម្រេច​វិល​មក​រក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ​របស់ ស៊ុំ សុ​ម៉ា​លី នា​ពេល​នេះ​បាន​ទទួល​ការ​គាំទ្រ និង​មានការ​អបអរសាទរ​ជា​ច្រើន​ផង​ដែរ ពី​សំណាក់​ប្រិ​យ​មិត្ត​គាំទ្រ ក្នុង​ពេល​ដែល​ខ្សែភាពយន្ត​ខ្នាត​ធំ​ដែល​នាង​បាន​ចូលរួម​សម្តែង​នា​ពេល​នេះ​នឹង​អាច​ស្រូប​ទាញ​ប្រជាប្រិយភាព​របស់​នាង​ជា​ថ្មី​ឡើង​វិញ​ផង​ដែរ ។

គួរ​រំឭក​ផង​ដែរ​ថា តារា​សម្តែង​ស្រី​រូប​ស្រស់​សោភា ស៊ុំ សុ​ម៉ា​លី បាន​សម្រេច​ទទួលយក​ស្នេហ៍ និង​បាន​រៀប​ការ​ជា​ផ្លូវការ​ជាមួយនឹង​បុរស​រូប​សង្ហារ​ក្រៅ​សិល្បៈ​ឈ្មោះ មាស ទី ជា​អ្នក​រកស៊ី​លក់​មីឆា​ល្បីឈ្មោះ​ម្នាក់​នៅ​ម្តុំ​ផ្សារ​អូរ​ឫស្សី កាលពី​អំឡុង​ចុងឆ្នាំ ២០១៤ ។

ក្រោយ​រៀប​ការ​នាង​បាន​សម្រេចចិត្ត​ផ្អាក​ស្ទើរតែ​ទាំងស្រុង​នូវ​ការងារ​សិល្បៈ​ដោយ​សម្រេចចិត្ត​បង្កើត​មុខរបរ​ជាមួយ​ប្តី​នៅ​តំបន់​លក់​មីឆា​ដ៏​ល្បីល្បាញ​នៅ​ជិត​អតីត​រោងកុន​អង្គរ ។ ទោះជា​អាជីវកម្ម​រីក​ចម្រើន​ក្តី ប៉ុន្តែ​ស្នេហា​របស់​នាង​បាន​ជួបនឹង​រឿងរ៉ាវ​រកាំរកូស ដែល​នាង​ដាច់​ចិត្ត​ទម្លាយ​ឱ្យ​គេ​ដឹង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ